ព្រះមហាក្សត្រកម្ពុជា នឹងយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធពិធីរុក្ខទិវា ៩កក្កដា ២០២២ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ខេត្តបាត់ដំបង ដោយមានដាំកូនឈើជាង ១ម៉ឺនដើម

បាត់ដំបង ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយដាំកូនឈើសរុបចំនួន ១៣ ១០០ដើម លើផ្ទៃដី ១០ហិកតា ។ កូនឈើដែលត្រូវដាំ រួមមាន៖ ធ្នង់ ៤ ០០០ដើម, គ្រញូង ២ ២០០ដើម, ច្រេស ១ ៥០០ដើម, ឈើទាល ១៤០ដើម, ម៉ៃសាក់ ៦០០ដើម, គីនីន ២ ០០០ដើម, និងប្រេងខ្យល់ ២ ៦៦០ដើម។

សូមជម្រាបថា ការដាំកូនឈើនេះ មិនមែនធ្វើឡើង ដើម្បីតែអបអរសាទរ រុក្ខទិវា ៩ កក្កដា នោះទេ ក៏ដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ឱ្យចូលរួមដាំដើមឈើ ដើម្បីបង្កើតគម្របព្រៃឈើ និងបរិស្ថាន ចូលរួមរក្សាអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីជម្រាល និងជីវចម្រុះ។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ការដាំកូនឈើនេះ ធ្វើឡើងដើម្បីជានិមិត្តរូប ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យចេះស្រឡាញ់ការពារព្រៃឈើ បរិស្ថាន ដោយនឹងមានអ្នកចូលរួមប្រមាណជាង ២០០០នាក់។ ជាមួយនេះ ឯកឧត្តមក៏បានស្នើសុំឱ្យបញ្ឈប់គ្រប់សកម្មភាពកាប់បំផ្លាញ ព្រៃឈើ ការបរបាញ់ ដាក់អន្ទាក់សត្វដោយខុសច្បាប់ផងដែរ។ ឯកឧត្តមថា៖ យើងធ្វើម៉េចរក្សាការពារឱ្យបាននូវធនធានព្រៃឈើសម្រាប់កូនចៅយើងជំនាន់នេះ និងជំនាន់ក្រោយៗទៀត ហើយក៏សូមបងប្អូនទាំងអស់ ចូលរួមដាំដើមឈើគ្រប់ប្រភេទ គ្រប់រូបភាព ជាលក្ខណៈគ្រួសារ នៅតាមដងផ្លូវជាតិ ប្រឡាយ ភូមិឋាននានា ភ្លឺស្រែ ចម្ការ លំនៅឋាន មន្ទីរពេទ្យ សាលារៀន វត្តអារាម ទីសាធារណៈ ដើម្បីរួមចំណែករក្សាលំនឹងធម្មជាតិ។

សូមរំលឹកថា ពិធីបុណ្យ «រុក្ខទិវា» គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចលនានេះ ចាប់មានតាំងពី «សម័យសង្គមរាស្រ្តនិយម» ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាកសិកម្មជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយពិធីនេះ បានចាប់កកើតតាំងពីទសវត្ស៣០ មកម៉្លេះ ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។ បច្ចុប្បន្ន «រុក្ខទិវា» ត្រូវបានទទួលស្គាល់ជាផ្លូវការដោយមានចែងក្នុងច្បាប់ស្ដីពីព្រៃឈើ នាឆ្នាំ២០០២ ជំពូកទី១២ មាត្រាទី៦០ បានចែងថា៖ ដើម្បីជម្រុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើ ជាប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង ។

សូមបញ្ជាក់ថា នៅក្នុងពិធីអបអរទិវាមច្ឆជាតិ១កក្កដា នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ហេតុអ្វីបានជាយើងត្រូវដាំកូនឈើ? សម្ដេច ថា ការដាំកូនឈើ មិនមែនដាំត្រឹមតែថ្ងៃទី០៩ កក្កដាមួយថ្ងៃទេ គឺដាំរាល់ថ្ងៃ ដាំគ្រប់កន្លែងតាមដែលអាចធ្វើទៅបាន។ សម្ដេចបន្តថា ប្រទេសយើង បន្ទាប់ពីមានសន្តិភាព យើងកាន់តែមានលទ្ធភាព ដើម្បីធ្វើកិច្ចការងារនោះ យើងត្រូវយល់ដឹងថា ប្រទេសរបស់យើង មានស្ថានភាពមិនដូចកាលពីពេលមុនទេ ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា កាលពីសម័យមុនដែលខ្មែរយើងនិយាយថា “មានទឹក មានត្រី” ប៉ុន្តែកាលពីសម័យមុន យើងត្រូវដឹងថា “ប្រជាជនតិច ទឹកជ្រៅ ត្រីច្រើន” ។ នេះជារឿងពិតនៅក្នុងប្រទេសរបស់យើងនៅសម័យកាលមុន ប្រជាជនខ្មែររបស់យើង មានមនុស្សប្រមាណជា១លាននាក់តែប៉ុណ្ណោះ ហើយបន្តបន្ទាប់មកដល់ដំណាក់កាលក្នុងទសវត្សរ៍ ៦០ផ្លាយ មុនឆ្នាំ១៩៧០ យើងគិតថា ប្រជាពលរដ្ឋរបស់យើងមានត្រឹមតែ ៦, ៧លាននាក់ប៉ុណ្ណោះ ប៉ុន្តែពេលនោះ ទឹកជ្រៅ ត្រីច្រើន ប្រជាជនតិច ដល់ឥឡូវនេះ ទឹករាក់ ត្រីតិច ប្រជាជនច្រើន ដែលនេះជាចំណុចខុសគ្នានៅត្រង់កន្លែងហ្នឹង ។ សម្ដេចបន្ថែមថា បើសិនជាយើងជាសារធាតុជាមនុស្ស ដែលយើងគិត យើងត្រូវទទួលស្គាល់នូវការពិត ដែលបានកើតឡើង ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner