លោក បៃដិន៖ សហរដ្ឋអាមេរិកនឹងបន្តសហការជិតស្និទជាមួយអង់គ្លេស បើទោះជាលោក ចនសុន លាលែងពីតំណែង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា លោកទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអង់គ្លេស។ ការថ្លែងបែបនេះរបស់លោក បៃដិន បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានប្រកាសលាលែងពីតំណែង។
លោក បៃដិន បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក គឺជាមិត្តដ៏ជិតស្និទ្ធបំផុត និងជាសម្ព័ន្ធមិត្ត ហើយទំនាក់ទំនងពិសេសរវាងប្រជាជនរបស់យើងនៅតែរឹងមាំ និងយូរអង្វែង។
ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូនានាជុំវិញពិភពលោក លើវិស័យអាទិភាពសំខាន់ៗជាច្រើន ក្នុងនោះរួមមានការរក្សានូវវិធីសាស្រ្តដ៏រឹងមាំ និងឯកភាពក្នុងការគាំទ្រប្រជាជនអ៊ុយក្រែន ក៏ដូចជាធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា



