មេបញ្ជាការរងកងទ័ពជើងគោក៖ ការលើកកម្ពស់ សមភាពយេនឌ័រ និងការផ្តល់ឱកាសដល់ស្រ្តី ជាការលើកស្ទួយស្ថានភាព សមត្ថភាពស្ត្រី ឲ្យកាន់តែប្រសើឡើង
ខេត្តកោះកុង៖ ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារយេនឌ័រ បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញចុះសិក្សាស្វែងយល់ការងារយេនឌ័រ និងជួបសំណេះសំណាលយោធិននារី នៅតំបន់ប្រតិបត្តិការសឹកកោះកុង នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាចាណាចក្រកម្ពុជា បានដាក់ចេញដល់គ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តជំរុញការអនុវត្ត ការបញ្ជ្រាបយេនឌ័រ ឲ្យមានប្រសិទ្ធភាព និងភាពជាក់លាក់ ក្នុងការអនុវត្តគោលនយោបាយជាតិ បទបញ្ញត្តិពាក់ព័ន្ធ និងការលើកស្ទួយស្ថានភាព សមត្ថភាពស្ត្រី, រួមនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងការផ្តល់ឱកាសដល់ស្រ្តី ឲ្យកាន់តែប្រសើឡើង ក្នុងស្មារតីទទួលខុសត្រូវ ដើម្បីបំពេញតួនាទីភារកិច្ច ស្របទៅនឹងនិន្នាការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងទៅអនាគត ។
ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មានប្រសាសន៍ថា ការចុះមកសំណេះសំណាលការងារយេនឌ័រនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់អំពីរបត់ នៃការបំពេញការងារក្នុងអំឡុងពេលកូវីដ-១៩ នៅក្នុងតំបន់ប្រតិបត្តិការសឹករងកោះកុងដែលមានវត្តមាន នាយទាហាន នាយទាហានរង ពលទាហាន គ្រប់លំដាប់ថ្នាក់ចូលរួម ក្នុងការងារដ៏សកម្មសម្រេចបាន និងការងារប្រឈម រួមទាំងការចូលរួមទប់ស្តាប់ប្រយុទ្ធប្រឆាំង និងមេរោគដ៏កាចសាហាវនេះ ។
ឯកឧត្តម ចាប វ៉ាន្នី បានថ្លែងអំណរគុណដល់យោធភូមិភាគទី៣ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងកោះកុង បានសហការ បង្កលក្ខណៈដល់ការងារយេនឌ័ររបស់ តំបន់ប្រតិបត្តិការសឹករងកោះកុងបានដំណើរការទៅយ៉ាងរលូនទោះបីកន្លងមកស្ថិតនៅក្នុងការរាតត្បាតនៃជំងឺកូវីដ-១៩ក្តី ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប វន្នី បាននាំយកនូវអំណោយ របស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងសប្បុរសជន រួមមាន ទឹកសុទ្ធ , មីជាតិ , មីម៉ាម៉ា ,ស្រាបៀរ , ទឹកក្រូច , ត្រីខ , ម៉ាស់ , ទឹកដោះគោ , និងនំបន្លែជូនដល់យោធិននារី នៃតំបន់ប្រតិបត្តិការសឹករងកោះកុងផងដែរ ។
តាមរបាយការណ៍របស់លោកស្រីវរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង ប្រធានក្រុមការងារយេនឌ័រ តំបន់ប្រតិបត្តិការសឹករងកោះកុងបានឲ្យដឹងថា នារីនៅតំបន់ប្រតិបត្តិការសឹករងកោះកុងមានសរុបចំនួន ៣២នាក់ ដោយបម្រើការនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹកកោះកុង ,វរសេនាតូចលេខ៣ និងផ្នែកសឹករងមណ្ឌលសីមា ។ ទន្ទឹមនិងការអនុវត្តភារកិច្ចស្នូល នារី
តំបន់ប្រតិបត្តិការសឹកកោះកុង បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺសកលកូវីដ ១៩ ដោយបានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងកងកម្លាំងគ្រប់ប្រភេទចាប់ពីដូសទី១ ដល់ដូសទី៥ ព្រមទាំងបានអនុវត្តសកម្មភាពការងារប្រទាក់ក្រឡាពីលើ រហូតមកដល់ក្រោម ដោយមានផែនការច្បាសលាស់ ត្រឹមត្រូវ និងបានចូលរួមគ្រប់សកម្មភាពទាំងការងារអង្គភាព ការងារសង្គម និងការងារផ្សេងៗទៀត ដោយស្មារតីទទូលខុសត្រូវ ប្រកបដោយគុណភាព ប្រសិទ្ធភាព ឈរលើឆន្ទៈមុតស្រួច និងមានសាមគ្គីផ្ទៃក្នុងរឹងមាំ ៕ ប្រភព ៖ កងទ័ព
















