ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីស្រីលង្កាយល់ព្រមចុះចេញពីតំណែង ហើយអំពាវនាវឱ្យប្រជាជនគោរពច្បាប់ និងរក្សាសន្តិភាព

កូឡុំបូ៖ ប្រធានសភាស្រីលង្កាលោក ម៉ាហ៊ីនដា យ៉ាប៉ា អាបេវ៉ាដេណា នៅថ្ងៃសៅរ៍សប្តាហ៍នេះនិយាយថា ប្រធានាធិបតីស្រីលង្កាលោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា បានសម្រេចចិត្តលាលែងពីតំណែងហើយ បន្ទាប់ពីសកម្មភាពតវ៉ាដ៏កក្រើកដោយក្រុមបាតុករបាននាំគ្នាចូលលុកលុយវិមានប្រធានាធិបតី ហើយថែមទាំងបានដុតបំផ្លាញគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីនៅក្នុងរដ្ឋធានីកូឡុំបូ។

បាតុកម្មប្រឆាំងរដ្ឋាភិបាលបានកើតមានឡើងជាច្រើនខែមកហើយនៅប្រទេសស្រីលង្កា ដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ដែលបានមើលឃើញ ប្រទេសដីកោះមានប្រជាជន២២លាននាក់នេះ ទទួលរងគ្រោះនូវបញ្ហាអតិផរណាកម្រិតខ្ពស់ខ្លាំង ហើយមិនមានសមត្ថភាពក្នុងការនាំចូលទំនិញមូលដ្ឋាន ដូចជាស្បៀងអាហារ ប្រេងឥន្ធនៈ និងឱសថជាដើម។

បើតាមសម្តីរបស់ ប្រធានសភាស្រីលង្កា លោកប្រធានាធិបតីបានប្រាប់ថា លោកនឹងចុះចេញពីតំណែងនៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ហើយលោកក៏អំពាវនាវឱ្យប្រជាជនគោរពច្បាប់ និងរក្សាសន្តិភាពផងដែរ។ នៅថ្ងៃសៅរ៍ដដែល នាយករដ្ឋមន្រ្តីស្រីលង្កាលោក រ៉ានីល វីគរ៉េម៉េស៊ីងហ្កេ ក៏បានប្រកាសដែរថា លោកនឹងចុះចេញពីតំណែងដូចគ្នា ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner