ក្រុម​បាតុករ​ស្រី​លង្កា​សម្រុក​ចូល​ផ្ទះ​ប្រធានា​ធិបតី​ បង្ខំ​ឱ្យ​មេ​ដឹក​នាំ​ភៀស​ខ្លួន​ចេញ​

បាតុករ​ស្រី​លង្កា​រាប់​ម៉ឺន​នាក់​ដែល​ទាម​ទារ​ឱ្យ​លោក​ប្រធានាធិបតី​​ ហ្គូតាបាយ៉ា ​រ៉ាចាប៉ាស្កា ​(Gotabaya Rajapaksa) ​ចុះ​ចេញ​ពី​ដំណែង​​ បាន​សម្រុក​ចូល​ទៅ​ក្នុង​ផ្ទះ​មេ​ដឹក​នាំ​រូប​នេះ​​ក្នុង​រដ្ឋ​ធានី​កូឡ៊ុំបូ​ទាំង​កំហឹង​កាល​ពី​ថ្ងៃ​សៅរ៍​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្សេង​ៗ​គ្នា​។​  ​ 

ទីភ្នាក់ងារ​សារព័ត៌មាន​AFP​ស្រង់​សម្ដី​ប្រភព​​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ថា​ ​ហេតុការណ៍​​​នេះ​បង្ខំ​ឱ្យ​លោក ​រ៉ាចាប៉ាស្កា​ដែល​បដិសេធ​មិន​ចុះ​ចេញ​ពី​ដំណែង​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ ​ជម្លៀស​ខ្លួន​ចេញ​ទៅ​ទី​សុវត្ថិ​ភាព​​​។

ក្នុង​បាតុកម្ម​រ៉ាំ​រៃ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ កង​កម្លាំង​ស្រី​លង្កា​បាន​​បាញ់​គ្រាប់​កាំភ្លើង​ទៅ​លើ​មេឃ​ ដើម្បី​ព្យាយាម​ការ​ពារ​ក្រុម​បាតុករ​ពី​ការ​សម្រុក​ចូល​ផ្ទះ​លោក​ប្រធានាធិបតី​។​ ប៉ុន្តែ​ទី​បំផុត​ ក្រុម​បាតុករ​រាប់​រយ​នាក់​ក៏​ទម្លុះ​ចូល​បាន​ខណៈ​ជាង​ ១០០ ០០០ ​នាក់​ផ្សេង​ទៀត​នៅ​ឈរ​ខាង​ក្រៅ​បន្ត​ការ​តវ៉ា​របស់​ខ្លួន​។​ នេះ​បើ​តាម​ប៉ូលីស​ស្រី​លង្កា​​។​

​​មន្ទីរ​ពេទ្យ​ជាតិ​ស្រី​លង្កា ​(NHSL)​និយាយ​ថា ​ភាព​ចលាចល​កាល​ពី​ថ្ងៃ​សៅរ៍​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស​ ៣១ ​នាក់​ រួម​ទាំង​​ប៉ូលីស​២​រូប​ រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា ​ដោយ​មាន​២​នាក់​រង​របួស​ធ្ងន់​។​

ឆ្លើយ​តប​នឹង​ហេតុការណ៍​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​Ranil Wickremesinghe ​បាន​កោះ​ហៅ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ជាមួយ​មេ​ដឹក​នាំ​បក្ស​ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​ និង​​រក​ដំណោះ​ស្រាយ​។​​​

កោះ​ស្រី​លង្កា​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​នេះ ដោយ​​ធ្វើ​ឱ្យ​មាន​កង្វះ​ខាត​​ប្រេង​ឥន្ធនៈ​ ថ្នាំ​ពេទ្យ​និង​ស្បៀង​អាហារ​យ៉ាង​ខ្លាំង​ ខណៈ​តម្លៃ​នៃ​តម្រូវ​ការ​ទាំង​នេះ​ហក់​ឡើង​ជា​គំហុក​។​ វិបត្តិ​បាន​បង្ខំ​ឱ្យ​ប្រជាជន​ស្រី​លង្កា​រាប់​សែន​នាក់​ ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​ដោយ​ទាមទារ​ឱ្យ​លោក​រ៉ាចាប៉ាស្កា​ចុះចេ​ញ​ពី​ដំណែង​ក្រោម​បទ​ចោទ​ប្រកាន់​គ្រប់​គ្រង​សេដ្ឋកិច្ច​ខុស​។​

ប៉ុន្តែ​មេ​ដឹក​នាំ​ដដែល ​បាន​បន្ទោស​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ទៅ​លើ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​ និង​សង្រ្គាម​អ៊ុយក្រែន​ចុង​ក្រោយ​បំផុត​ ហើយ​បដិសេធ​មិន​ចុះ​ចេញ​ពី​ដំណែង​ បើ​ទោះ​បី​ជា​មន្រ្តី​កំពូល​ៗ​នៃ​គ្រួសារ​ត្រកូល​រ៉ាចាប៉ាស្កា​មួយ​ចំនួន​ធ្វើ​ដូច្នេះ​ក្ដី​។​

លោក​Wickremesinghe ​ឯណោះ​វិញ​​និយាយ​ថា​ស្រី​លង្កា​បាន​ចូល​ពិភាក្សា​ជាមួយ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​ឡើង​វិញ​។ ​ប៉ុន្តែ​លោក​និយាយ​ប្រាប់​សភា​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​ពិភាក្សា​ជាមួយ​IMF ​គឺ​ពិបាក​ណាស់​ដោយ​សារ​តែ​ស្រី​លង្កាចូល​រួម​​ក្នុង​នាម​ជា​ប្រទេស​ក្ស័យ​ធន​ មិន​មែន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​។​

ប្រភព៖ DW

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner