​ចុងសប្តាហ៍​ដ៏សោកសៅរ៍​​បំផុត​​របស់ពិភពលោកដែលបាត់បង់​ លោកស៊ីនហ្សូ អាបេ​ដោយ​អំពើឃាតកម្ម​​ ខណៈមេដឹកនាំប្លុក​សេរី​និង​កុម្មុយ​នីស​​ឲ្យ​តម្លៃ​លើកិច្ចខិតខំ​របស់​អាបេ​

វា​​​ជាចុង​សប្តាហ៍​ដ៏​សោក​សង្រេង​​បំផុត​​​​សម្រាប់​ពិភពលោក​ទាំង​មូល បន្ទាប់​ពីព័ត៌មាន​​នៃ​ការ​​​ធ្វើឃាត​​លើ​​អតីត​នាយក​រដ្ឋមន្ត្រីជប៉ុន ស៊ីហ្សូ អាបេ  (Shinzo Abe ) ត្រូវបាន​​ដឹង​ភ្លាម​ៗ​ក្រោយ​​​​ការ​បាញ់​ប្រហារ​​​កាល​ពី​ព្រឹក​ថ្ងៃសុក្រ​ ហើយ​​​ព័ត៌មាន​​នៃ​មរណៈភាព​​របស់​​លោក​ត្រូវ​បាន​​បង្ហាញ​ឲ្យ​ដឹង​ក្រោយ​ពី​គ្មា​​​ន​លទ្ធ​ភាពសង្គ្រោះ​បាន​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក។

​ការ​បាញ់ប្រហារ​​​បំណង​ធ្វើ​ឃាត​​លើ​​​អតីតនាយក​រដ្ឋមន្ត្រី​ដែល​ទើប​បញ្ចប់​អាណត្តិ​កាល​ពី​ឆ្នាំ​​២០២០ ​បាន​ទាក់​ទាញ​សមាន​ចិត្ត​ចូលរួម​សោក​ស្តាយ​ពី​សំណាក់​មេដឹកនាំ​ពិភពលោក​សំខាន់ ​មេដឹកនាំ​អង្គការ​ សមាគម​អន្តរជាតិ មេដឹកនាំ​ប្រទេស ស្ថាប័ន​ជាតិ​និមួយៗ រហូត​ដល់​បុគ្គល​ឯកជន​ផង​ ដោយ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​តក់ស្លុត​ សោក​ស្តាយ ​និង ចាត់ទុក​លោក​ អាបេ ជា​អ្នក​ទំនាក់​ទំន​ង​សន្តិភាព​ ផ្សះផ្សារ លើក​កម្ពាស់ពហុភាគី​និយម​​​ និង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ពិភពលោក​មាន​ការ​ធូរស្រាល​។

មេដឹកនាំ​ពិភពលោក​ទាំងក្នុង​ប្លុក​​ប្រជាធិបតី​សេរី និង​​ប្លុក​កុម្មុយនីសុទ្ធ​តែ​ឲ្យ​តម្លៃ​លើ​អ្វី​ដែល​អតីតនាយករដ្ឋមន្ត្រី​ជប៉ុនបានប្រឹងប្រែង​និង​បន្សល់ទុក។ ​​ចាប់តាំងពី​​ថ្ងៃសុក្រ​​កន្លង​មក មេ​ដឹកនាំ​​​ប្រទេសមហាអំណាច​ធំៗ បានសម្រេច​រួច​ទៅហើយ​នូវ​​អ្វី​ដែល​ប្រទេស​ខ្លួន​ត្រូវ​ធ្វើ​សម្រាប់​​សំដែង​​ឲ្យ​​ប្រជាជន​​ជប៉ុន​បានឃើញ។  ​​​

​ដោយ​បាន​ចង​សម្ព័ន្ធ​​ភាព​​អស់​រយៈពេល​ជាង​៧០ឆ្នាំ​កន្លងមក ​បន្ទាប់​ពី​ភាព​ជាសត្រូវ​ត្រូវ​បាន​បញ្ចប់​​ដោយ​​គ្រាប់​នុយក្លេអ៊ែ​​ពីរគ្រាប់​​របស់អាមេរិក​បាន​ទម្លាក់​​លើក​ទឹកដីក​ជប៉ុន ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ​​បាន​​បញ្ជា​​​ឲ្យ​​​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់​កណ្តាលដង​​នៅ​ចុង​សប្តាហ៍​នេះ​​ដើម្បី​ជា​​បង្ហាញ​នៃ​ការ​ចូលរួម​កាន់​ទុក្ខ​​របស់​លោក​​អាបេ។​​ នេះ​បើ​តាម​​  BBC។

លោក Biden បាននិយាយថា លោក​ពិត​ជា​មាន​ការ​សោក​សង្រេង​​ខ្លាំង​ណាស់​​  ​ចំពោះ​ការ​ស្លាប់​របស់លោក អាបេ ដោយ​បាននិយាយថា «សូម្បីតែ​នៅពេលនេះ​គាត់​ត្រូវ​បាន​គេវាយ​ប្រហារ​ក៏ដោយ​ក៏​គាត់​បាន​ចូលរួម​ក្នុង​ការងារ​ប្រជាធិបតេយ្យ»។

ព័ត៌មាន​ The Japanese Times នៅថ្ងៃអាទិត្យ​បាន​អះអាងថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​អាមេរិក លោក​​ អាន​តូនី ប្ល៊ីនកែន​ (Antony Blinken) នឹង​បំពេញ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​​​នៅថ្ងៃ​ចន្ទ​ដើម្បី​​ចូលរួម​​សមានទុក្ខ​​​ដល់​​​អតីតនាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ ដែល​ត្រូវ​គេ​ធ្វើ​ឃាត​។

​​​ជាមួយ​គ្នា​នោះ​​ អតីតប្រធានាធិបតី​អាមេរិក លោក ​ដូណាល់​ ត្រាំ បាន​និយាយ​ថា លោក ​អាបេ «​​​គឺជា​អ្នក​បង្រួបបង្រួម​មិន​មាន​អ្នក​ផ្សេង​ប្រដូច​បាន​ឡើយ»។

អតីតប្រធានា​ធិបតី​ Barack Obama ​​បាន​បង្ហោះសារលើបណ្តាញ​ទំនាក់ទំនង​សង្គម​​​ហ្វេសប៊ូក​​របស់​លោក ដោយសារ​សរសេរ​ថា៖​«ខ្ញុំស្លុត​ចិត្ត​ និង​សោកស្ដាយ​ចំពោះ​ការធ្វើឃាត​របស់មិត្តភ័ក្តិ​ខ្ញុំ​​និងដៃគូយូរឆ្នាំ ស៊ីនហ្សូ ​អាបេ​នៅប្រទេសជប៉ុន។ អតីតនាយករដ្ឋមន្រ្ដី អាបេ បាន​លះបង់​ចំពោះ​ប្រទេស​ដែល​លោក​បម្រើកា​រ និង​សម្ព័ន្ធ​ភាពមិ​នធម្មតា​រវាងសហរដ្ឋអាមេរិក និងជប៉ុន»​។

ប្រធានា​ធិបតី​ប្រេស៊ីល​​​​ ​Jair Bolsonaro ដែល​​​រាស់​រាន​មាន​ជីវិត​​​​ពី​ការ​ប៉ុន​ប៉ង​​​ធ្វើឃាត​ពី​ការ​វាយ​ប្រហារ​ដោយ​ប្រើ​​កូន​កំបិត​​​​​​​​កាល​ពី​ឆ្នាំ​២០១៨ បាន​ប្រកាស​ពី​ការ​កាន់​មរណៈទុក​​ផ្លូវការ​​រហូត​ដល់​បីថ្ងៃ​​សម្រាប់​​មរណៈភាព​​ លោក ស៊ីហ្សូ​ អាបេ។​

លោក Bolsonaro បានពណ៌នាលោក អាបេ​​ថាជា «មេដឹកនាំដ៏អស្ចារ្យ» និងជា «មិត្ត​ដ៏អស្ចារ្យ​របស់​ប្រេស៊ីល»​ នៅក្នុង​ធ្វីតធឺ​ រួមទាំង​រូបថត​បុរស​ពីរ​នាក់​ចាប់​ដៃគ្នា​នៅ​ឯវេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅទីក្រុង Davos ប្រទេសស្វីសក្នុងឆ្នាំ២០១៩​។

លោក​បាន​សរសេរ​លើ Twitter ថា៖ «សូម​ឲ្យ​ការ​សម្លាប់​គាត់​ត្រូវ​បាន​ដាក់​ទោស​យ៉ាង​តឹងរ៉ឹង។ យើង​​នៅ​ជាមួយ​​នឹង​​ប្រទេស​ជប៉ុន»។

ប្រេស៊ី​លមាន​សហគមន៍​ជប៉ុន​ធំជាង​គេ​នៅខាង​ក្រៅប្រជុំកោះ ដែលមានជនអន្តោប្រវេសន៍ និងកូនចៅប្រហែល ១,៩​លាននាក់។

​​អតីតៈនាយក​រដ្ឋ​មន្ត្រី​​ ស៊ីនហ្សូ អាបេ ត្រូវ​បាន​​​បាញ់​ពីរគ្រាប់​ ខណៈ​​លោក​កំពុង​​ថ្លែង​​​​ជា​សាធារណៈ​​នៅ​តាមដងផ្លូវ​​​​ក្នុង​ទីក្រុង ណារ៉ាក្នុង​ប្រទេសជប៉ុន​ ​នៅ​ព្រឹក​ថ្ងៃសុក្រ​​ ក្នុង​យុទ្ធ​នា​ការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​ជប៉ុន​។​

​CNN ​បានផ្សាយ​ថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រណារ៉ា (​ Nara Medical University) បាន​ប្រកាស​ពី​មរណៈភាព​​របស់​ លោក​ស៊ីនហ្សូ​ អាបេ​ អាយុ​៦៧​​ឆ្នាំ​នៅម៉ោង៥ និង៣​​នាទីល្ងាចកាលពីថ្ងៃសុក្រម៉ោង​នៅ​ក្នុងប្រទេស​ជប៉ុន ដែល​​មាន​រយៈពេល​ត្រឹមតែជាង៥​ ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ត្រូវបាន​បាញ់​សម្លាប់​ ពេល​លោក​កំពុងថ្លែង​សុន្ទរកថា​យុទ្ធនា​ការ​នៅ​​ចំពោះ​មុខហ្វូង​មនុស្ស​នៅតាមដងផ្លូវមួយ។

នគរ​បាល​ជប៉ុន​បាន​និយាយថា ជនសង្ស័យ​​​ដែល​បាន​បាញ់​ប្រហារ​​​​ដោយ​កំាភ្លើង​កែច្នៃ​ដោយ​ខ្លួន​ឯង ឈ្មោះ ​ Tetsuya Yamagami ​អាយុ​៤១​ឆ្នាំ​មិន​មានការងារ​ច្បាស់​លាស់ និង​​បាន​​​ខឹងសម្បារនឹង «អង្គការ​​​មួយ» ដែល​លោក​អាបេត្រូវ​បានភ្ជាប់​ជាមួយ​។ នេះ​បើយោង​តាម​ CNNដដែល។

លោក ស៊ីនហ្សូ អាបេ​ ​​បា​ន​បម្រើ​​ក្នុង​ដំណែង​នាយក​​រដ្ឋ​មន្ត្រី​​​​​​ពីរអាណត្តិផ្សេង​គ្នា ​​​​​​ដោយ​លើក​ទីមួយ​មានរយៈពេលខ្លី​​​ចន្លោះ​២០០៦ ដល់​២០០៧ និង​បានលាឈប់​ដល់​មូលហេតុសុខ​ភាព ហើយ លោក​បានឈ្នះឆ្នោត​​និង​ឡើងធ្វើជានាយករដ្ឋមន្ត្រី​ម្តងទៀត​ រយៈពេល​​ជិត​​៨ឆ្នាំ​ពី​ឆ្នាំ​២០១២ ​ដល់​២០២០ ដែល​ជា​ពេល​វេលា​វែង​បំផុត​​​សម្រាប់​អ្នក​ដឹកនាំ​ជប៉ុន​​ក្រោយ​​សម័យ​សង្គ្រាម។​ ​

ទន្ទឹមនឹងនេះ លោក វូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន  ​ដែល​ជា​ប្រទេស​កំពុង​ជាប់​ដៃ​ក្នុងសង្គ្រាម​ជាមួយ​រុស្ស៊ី ​និង​ជា​ប្រទេស​​ដែល​ត្រូវ​ការ​អន្តរជាតិ​បំផុត​សម្រាប់​​​ផ្តល់​ជំនួយ​ដល់ខ្លួន​និង​​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​រុស្ស៊ី​​ដែល​ឈ្លាន​ពាន​ខ្លួនផង បាន​ហៅ​ការ​ធ្វើឃាត​​នោះ​ថាជា «ការធ្វើ​ឃាត​ដ៏ព្រៃផ្សៃ»​។ លោក​បាន​សរសេរ​លើ Twitter ថា៖«អំពើ​ហិង្សា​ដ៏​សាហាវ​​ព្រៃ​ផ្សៃ​​នេះ​គ្មាន​​លេស​នោះទេ»​។

ម្ចាស់​ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស បាននិយាយថា ម្ចាស់​ក្សត្រី​ «មាន​ការ​សោកស្ដាយ​ជា​ខ្លាំង»​ ចំពោះព័ត៌​មាន​នេះ ដោយ​បន្ថែមថា ​ម្ចាស់ក្សត្រី​មាន​«ការចង​ចាំ​ដ៏រីករាយ ក្នុងការជួបជាមួយលោក អាបេ​​ និងភរិយាគាត់​ ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់​ពួកគេ នៅចក្រភពអង់គ្លេស កាលពីឆ្នាំ២០១៦»។

នាយករដ្ឋ​មន្រ្តីអង់គ្លេស​​ដែល​ត្រូវ​ចាក​​ចេញ​ពី​តំណែង​​​​​នៅ​ពេល​ខាងមុខ​​ដោយ​សារ​​​ភាព​រង្គោះ​រង្គើរ​​ក្នុង​ចំណោម​សមាជិក​គណៈរដ្ឋ​មន្ត្រី គឺ​លោក Boris Johnson បានហៅវាថាជា «ការវាយ​ប្រហារគួរឱ្យស្អប់ខ្ពើម»​ ហើយ​បាននិយាយ​ថា​ចក្រភពអង់គ្លេស​ឈរ​ជាមួយ​ប្រជាជន​ជប៉ុន​នៅក្នុង «ពេលវេលា​ដ៏ខ្មៅ​ងងឹតនិងសោកសៅ»​​។

​​យោង​តាម BBC សូម្បី​​តែ​លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី​ដែល​​​ចាត់ទុក​ប្រទេស​ជប៉ុន​ជា​ប្រទេស​អមិត្ត​​បន្ទាប់​ជប៉ុន​​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​ប្រឆាំង​​​​នឹងរុស្ស៊ី​ព្រោះ​តែ​សកម្មភាព​ឈ្លាន​ពាន​​របស់​រុស្ស៊ី  បាននិយាយថា លោកបានទាក់ទងក្រុមគ្រួសារលោក អាបេ ដើម្បី​ចូលរួមរំលែកទុក្ខ។

លោកពូទីន​បាននិយាយ​ថា អាបេ គឺជា «រដ្ឋបុរសឆ្នើម»​ ដែល «បាន​ធ្វើ​ច្រើនណាស់​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនងអ្នកជិតខាងដ៏ល្អរវាងប្រទេសរបស់យើង» ។

​នៅ​ថ្ងៃ​ទី​៩​កក្កដា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់​ទីភ្នាក់​ព័ត៌មាន​​រុស្ស៊ី​ TASS ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួម​ពិធីបុណ្យ​សព​របស់​អតីតនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូ​ អាបេ​​​នោះទេ។

ប្រទេស​ចិន​ដែល​មាន​ទំនាក់ទំនង​មិន​ស៊ីសង្វាក់​គ្នា​ជាមួយ​ជប៉ុន​ដោយសារ​កត្តា​ភូមិសាស្ត្រ​នយោបាយផង និង​​កត្តា​ប្រវត្តិសាស្រ្ត​ផង ក៏បាន​ចេញសារ​ចូលរួម​មរណៈទុក​នេះ​ដែរ។​

យោង​តាម​ក្រសួង​ការបរទេស​​ចិន​ fmprc.gov.cn ​ប្រធានា​ធិបតី​ ស៊ី ជីនពីង ​បាន​ផ្ញើ​សារ​​សំដែង​សមានទុក្ខ​​ទៅកាន់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក ​ហ្វួមីអូ ​គិស៊ីដា​ ​​ដោយ​បាន​លើក​ឡើ​ង​ពីគុណ​សម្បតិ្ត​របស់​អតីត​នាយករដ្ឋមន្ត្រី ​ស៊ីហ្សូ អាបេ ​​​ដែល​បាន​ខិតខំប្រឹងប្រែង​ធ្វើឲ្យ​មាន​ភាពប្រសើរឡើង​​នៃ​ទំនាក់​ទំនង​​​ចិន-ជប៉ុន​​ ពេល​ដែលគាត់​នៅ​​ជានាយករដ្ឋមន្ត្រី។

ប្រធានាធិបតី​ចិន​បាន​​កត់សម្គាល់​ពី​​​ការ​​សម្រេចបាន​នូវ​​​​ការ​យល់ដឹង​រួម​​​​ដ៏សំខាន់​​ជាមួយ​លោក​ អាបេ​​លើ​ការ​ទំនាក់ទំនង​ចិន-​ជប៉ុន ដែល​បំពេញ​បាន​នូវសេចក្តី​ត្រូវ​ការ​​​​នៃ​​សករាជថ្មី។​

ទំនាក់ទំនងរវាងជប៉ុន និងចិនមានភាពតាន​តឹងដោយសារ​ជម្លោះ​ទឹកដី​នៅ​សមុទ្រ​ចិន​ខាង​កើត និង​ការសោកស្ដាយ​ចំពោះ​​ការឈ្លានពាន​របស់​ជប៉ុន​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទីពីរ។

កូរ៉េខាងត្បូងមានទំនាក់ទំនង​ដ៏ស្មុគស្មាញ និង​លំបាក​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ប្រទេស​ជប៉ុន ក៏បាន​​សំដែង​ពីការសោក​ស្តាយ​នៃ​ការ​បាត់បង់​​លោក អាបេដែរ។​ ប្រធានាធិបតី​​កូរ៉េខាងត្បូង លោក យ៉ូន សុក-យ៉ូល (Yoon Suk-yeol) បាន​ហៅ​ការ​សម្លាប់​លោក​​អាបេ​ថា​ជា «​អំពើ​​ឧក្រិដ្ឋកម្ម​​មិន​អាច​ទទួល​យក​បាន»។

លោក Yoon បាននិយាយថា៖«​ខ្ញុំសូមចូលរួមរំលែកទុក្ខ និងរំលែកសមាន​ទុក្ខ​ដល់​គ្រួសារ​របស់​គាត់ និងប្រជាជនជប៉ុន ចំពោះការបាត់បង់នាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរបំផុត និង​ជាអ្នកនយោបាយដ៏គួរឱ្យគោរពម្នាក់»​។

នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បាន​​ប្រកាស​ជា​ថ្ងៃ​កាន់ទុក្ខ​ជាតិ ដើម្បី​គោរព​ដល់​លោក អាបេ​។

លោក Modi បានសរសេរនៅលើ Twitter ថា «ខ្ញុំរន្ធត់ចិត្ត និងសោកស្ដាយហួស​ពី​ការ​ថ្លែង ចំពោះ​ការសោកនាដកម្មដ៏​​ឃោរឃៅ​​របស់មិត្តជាទីស្រឡាញ់របស់ខ្ញុំ ស៊ីហ្សូ អាបេ»។

​«យើងឈរ​ក្នុង​សាមគ្គីភាព​ជាមួយ​បងប្អូន​ជនជាតិជប៉ុនរបស់យើងក្នុងគ្រាដ៏លំបាកនេះ»។

ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​ លោក Charles Michel បាននិយាយកាលពីថ្ងៃសុក្រថា លោក​«មាន​​រន្ធត់​​និងសោកស្ដាយចំពោះការវាយប្រហារដ៏​​មហា​កំសាក» លើ​លោក​ អាបេ​ ។

លោក Michel បានសរសេរថា លោក Abe គឺជា«មិត្តពិត អ្នកការពារ​ដ៏​​អង់អាចក្លាហាន​​​នៃ​សណ្តាប់​​ធ្នាប់ពហុភាគី និងតម្លៃប្រជាធិបតេយ្យ»។​

ជាមួយ​គ្នា​នេះ​​សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍​ហៅកាត់ថា​អាស៊ាន ដែល​មាន​ប្រទេស​ជាសមាជិក​១០ តាមរយៈ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏បាន​សម្តែង​សមានទុក្ខ​ក៏ក្រៀមក្រំ​ដល់​ប្រជាជន​​ជប៉ុន​ និង​គ្រួសារ​របស់លោកស៊ីនហ្សូ អាបេ​​ និង​បាន​ចាត់ទុក​លោក​អាបេ ជា​មិត្តល្អ និងគួរជាទីស្រឡាញ់​របស់អាស៊ាន​»ទៀតផង៕

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner