លោក ​បៃដិន ​ពិបាក​នឹង​កំណត់​របៀប​វារៈ​ មុន​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​អារ៉ាប៊ីសាអូឌីត​

ខណៈ​សង្រ្គាម​នៅ​អ៊ុយក្រែន​ធ្វើ​ឱ្យ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​កាន់​តែ​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​ និង​ទូទាំង​ពិភព​លោក​ ការ​ផលិត​ប្រេង​នឹង​ក្លាយ​ជា​ចំណុច​មួយ​នៃ​របៀប​វារៈ​របស់​លោក​ប្រធានាធិបតី ​ចូ​ បៃដិន​ ក្នុង​ដំណើរ​ទស្សន​កិច្ច​​ទៅ​អារ៉ាប៊ីសាអូឌីត​នា​ពាក់​កណ្ដាល​ខែ​កក្កដា​នេះ​​។​ ​

ដំណើរទស្សន​កិច្ច​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ផ្លាស់​ប្ដូរ​ផ្នែក​ការ​ទូត​យ៉ាង​ខ្លាំង​សម្រាប់​លោក​ បៃដិន​ ដែល​ធ្លាប់​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ក្រុង​រីយ៉ាដ​ក្លាយ​ជា​រដ្ឋ​ «​ដាច់​ចេញ​ពី​គេ​»​ ជុំ​វិញ​ការ​​ចោទ​ប្រកាន់​សម្លាប់​អ្នក​កាសែត​លោក​ចាម៉ាល ​ខាសហូកជី​ (Jamal Khashoggi) ​ដែល​គេ​ចោទ​ថា​រជ្ជ​ទាយាទ​​ព្រះអង្គ​ម្ចាស់​ម៉ូហាម៉េដ ​ប៊ីន​ សាលម៉ាន​ (Mohammed bin Salman) ​​ជា​អ្នក​បញ្ជា​។​

ប៉ុន្តែ​ខណៈ​ដែល​ដំណើរទស្សន​កិច្ច​​ខិត​កាន់​តែ​កៀក​ លោក​ បៃដិន ​និង​ជំនួយ​ការ​កំពូល​របស់​លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា​ គេច​ចេញ​ពី​ការ​ទទួល​ស្គាល់​ថា​វិបត្តិ​ថាមពល​ជា​កត្តា​សំខាន់​ដែល​ជំរុញ​ឱ្យ​អាមេរិក​ព្យាយាម​ចាប់​ដៃ​អារ៉ាប៊ីសាអូឌីត​។​ ផ្ទុយ​ទៅ​វិញ​ បញ្ហា​ជា​ច្រើន​ត្រូវ​បាន​រំពឹង​ថានឹ​ង​​យក​ទៅ​ពិភាក្សា​​ ​ចាប់​តាំង​ពី​ការ​ធ្វើ​ប្រក្រតី​ភាវូបនីកម្ម​ទំនាក់​ទំនង​ជាមួយ​អ៊ីស្រាអែល​ រហូត​ដល់​ការ​បញ្ចប់​សង្រ្គាម​នៅ​យេម៉ែន ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជាមួយ​អ៊ីរ៉ង់​បញ្ហា​អាកាសធាតុ​ និង​ការ​បង្កើត​យុទ្ធសា​ស្ត្រ​«​ប្រឆាំង​ភេរវកម្ម​»​។​

ក្រុម​អ្នក​វិភាគ​និយាយ​ថា ​រូប​ភាព​បែប​នេះ​បង្ហាញ​ពី​ការ​ស្ទាក់​ស្ទើរ​របស់​លោក​បៃដិន ​ជាមួយ​អារ៉ាប៊ីសាអូឌីត​ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ ក៏​ដូច​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋបាល​របស់​លោក​ក្នុង​​ការ​ទប់ទ​ល់នឹ​ង​ការ​រិះ​គន់​ពី​សមាជិក​សភា​នៅ​ក្រុង​វ៉ាស៊ីនតោន​។​

លោក​Kristian Coates Ulrichsen​​អ្នក​សិក្សា​ពី​មជ្ឈិម​បូព៌ា​នៅ​វិទ្យាស្ថាន​គោល​នយោបាយ​សាធារណៈ​Baker​នៃសា​កល​វិទ្យាល័យ ​Rice ​និយាយ​ប្រាប់​សារព័ត៌មាន​Al Jazeera​ថា​៖​ «​វា​អាច​ថា​ ការ​ផ្ដោត​លើ​ប្រក្រតី​ភាវូបនីកម្ម​ទំនាក់​ទំនង​ និង​ការ​ព្យាយាម​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ឬ​នាំ​មក​នូវ​សន្តិភាព​ដល់​តំបន់​គឺ​ជា​វិធី​មួយ​ដើម្បី​ព្យាយាម ​និង​ផ្លាស់​ប្តូរ​ការ​និយាយ​ដែល​ថា​ដំណើរ​ទស្សន​កិច្ច​នេះ​​មាន​លក្ខណៈ​ជា​មិត្ត​ខាង​នយោបាយ​សម្រាប់​សេតវិមាន​»។​​ ​

ដូច​នឹង​អ្វី​ដែល​លោក ​Ulrichsen​និយាយ​ ខណៈ​ដែល​សមាជិក​ជា​ច្រើន​នៃ​​បក្ស​ប្រជាធិបតេយ្យ​របស់​លោក​បៃដិន​មាន​មន្ទិល​សង្ស័យ​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​កាន់​តែ​ស៊ី​ជម្រៅ​ជាមួយ​​ក្រុង​រីយ៉ាដ ​​មាន​ការ​ឯកភាព​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការ​គាំទ្រ​លើ​ប្រក្រតីភាវូបនីកម្ម​ទំនាក់​ទំនង​រវាង​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​ និង​បណ្ដាប្រ​ទេស​អារ៉ាប់​។​ ​

កន្លង​​មក​ លោក​បៃដិន​ បាន​និយាយ​អំពី​​អ៊ីស្រាអែល​ និង​សន្តិភាព​ នៅ​ពេល​សួរ​ពី​ដំណើរ​ទស្សន​កិច្ច​​​។ លោក​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ថា​៖ ​«​​វា​​ទាក់​ទង​នឹង​សន្តិសុខ​ជាតិ​សម្រាប់​ពួក​គេ​ សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​។​ វា​​ទាក់​ទង​​នឹង​​បញ្ហា​​ធំ​​ជាង​​​បញ្ហា​ថាមពល​»​ ទោះ​បីជា​​រដ្ឋបាល​របស់​លោក​ធ្លាប់​ទទូច​សុំ​ឱ្យ​អារ៉ាប៊ីសាអូឌីត​ បង្កើត​ការ​ផលិត​ប្រេង​ក្ដី​។​

​តា​ម​ការ​ប្រកាស​របស់​សេតវិមាន​ដំណើរ​ទស្សនៈ​កិច្ច​ដែល​នឹង​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​ ១៣ ​ដល់​ ថ្ងៃ​ទី​ ១៦ ​ខែ​កក្កដា​នេះ​​លោក ​បៃដិន ​នឹង​ជួប​ជាមួយ​ព្រះអង្គម្ចាស់​ប៊ីន ​សាលម៉ាន​ដែល​បដិសេធ​ថា​ អារ៉ាប៊ីសាអូឌីត​​មិន​ដឹង​ពី​ការ​បញ្ជា​ណា​មួយ​លើ​ការ​សម្លាប់​លោក ​ខាសហូកជី​ក្នុង​ឆ្នាំ​ ២០១៨ ​នៅ​តួកគី​នោះ​ទេ​។ ​​

​ជុំ​វិញ​បញ្ហា​នេះ​ លោក ​បៃដិន ​ធ្លាប់​និយាយ​កាល​ពី​ដើម​ខែ​មិថុនា​ អំពី​ដំណើរ​ទស្សនៈ​កិច្ច​​ថា​៖​​«​ខ្ញុំ​នឹង​មិន​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​ខ្ញុំ​លើ​សិទ្ធិ​មនុស្ស​ទេ​។​ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ការងារ​របស់​ខ្ញុំ​គឺ​នាំ​មក​នូវ​សន្តិភាព​ ប្រសិន​បើ​ខ្ញុំ​អាច​ធ្វើ​បាន​។​ ហើយ​​​នោះ​​​ជា​​អ្វី​​ដែល​​ខ្ញុំ​​នឹង​​ព្យាយាម​​ធ្វើ​»។​​

លោក​​ShibleyTelhami​​សាស្រ្តាចារ្យ​​សម្រាប់​​សន្តិភាព​​និង​ការ​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យ​Maryland ​និយាយ​​ប្រាប់​Al Jazeera​​​ថា​ មាន​ការ​គណនា​នយោបាយ​លើ​ការ​សង្កត់​ធ្ងន់​នៃទំ​នាក់​ទំនង​ក្នុង​តំបន់​របស់​អ៊ីស្រាអែល​ចំពោះ​ដំណើរ​ទស្សនៈ​របស់​លោក​បៃដិន​។​ លោក​និយាយ​ថា ​វា​ជា​ការ​គណនា​ខុស​មួយ​ ព្រោះ​ប្រក្រតីភាវូបនីកម្ម​ទំនាក់​ទំនង​​​អ៊ីស្រាអែល​-​អារ៉ាប៊ីសាអូឌីត​ទទួល​ការ​គាំទ្រ​ខ្លាំង​ក្នុង​សភា​ ប៉ុន្តែ​អ្នក​បោះ​ឆ្នោត​ឱ្យ​បក្ស​ប្រជាធិបតេយ្យ​កាន់​តែ​មាន​ទំនោរ​ទៅ​ប៉ាឡេស្ទីន​ ជា​ជាង​អ៊ីស្រាអែល​ឥឡូវ​នេះ​។​​

​យ៉ាង​ណា​មិញ​លោក ​Juan Cole ​សាស្ត្រាចារ្យ​ប្រវត្តិ​សាស្រ្ត​នៅ​សាកល​វិទ្យាល័យ​Michigan ​និយាយ​ថា​ ការ​លើក​កម្ពស់​ទំនាក់​ទំនង​ក្នុង​តំបន់​របស់​អ៊ីស្រាអែល​មុន​ដំណើរ​ទស្សន​កិច្ច​ទៅ​អារ៉ាប៊ីសាអូឌីត​ត្រូវ​គ្នា​នឹង​ការ​គាំទ្រ​របស់​លោក​បៃដិន​ចំពោះ​ក្រុង​ហ្សេរ៊ុយសាឡិម​​ និង​ផល​ប្រយោជន៍​នយោបាយ​របស់​លោក​។​ លោក​ Cole​បាន​លើក​ឡើង​ពី​ការ​លេច​ធ្លោលើ​​ការ​គាំទ្រ​ចំពោះ​លោក​ បៃដិន ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ដែល​ជា​អ្នក​គាំទ្រ​អ៊ីស្រាអែល​។​​

លោក​Cole ​​បន្ថែម​ថា ​ប្រសិន​បើ​ការ​ផ្តោត​ជា​សាធារណៈរ​បស់​សេតវិមាន​មាន​តែ​លើ​ប្រេង​ នោះ​វា​នឹង​បង្ហាញ​ថា​លោក​បៃដិន​កំពុង​«​គោរព​តាម​លក្ខខណ្ឌ​សេដ្ឋ​កិច្ច​»​និង​បោះ​បង់​ចោល​«​ជំហរ​សីលធម៌​»​ របស់​លោក​លើ​ទំនាក់​ទំនង​ជាមួយ​ក្រុង​រីយ៉ាដ ដែល​រដ្ឋ​បាល​លោក​បៃដិន​ បង្ហាញ​កង្វល់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​​។​

ក្នុង​អត្ថបទ​ចុះផ្សាយ​នៅ​លើ​កាសែត​វ៉ាស៊ីនតោន​បុស្តិ៍​កាល​ពីថ្ងៃ​សៅររ៍​ លោក​ ​បៃដិន​ និយាយថា៖ «ខ្ញុំ​ដឹង​ថា​មាន​មនុស្ស​ជា​ច្រើន​​​មិន​យល់​ស្រប​នឹង​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ ក្នុង​ការ​ធ្វើ​ទស្សនៈ​​កិច្ច​​​ទៅ​​​អារ៉ាប៊ីសាអូឌីត។ ទស្សនៈ​របស់​ខ្ញុំ​អំពី​សិទ្ធិ​មនុស្ស​គឺ​ច្បាស់​លាស់​ និង​យូរ​អង្វែង​ ហើយ​សេរីភាព​ជា​មូល​ដ្ឋាន​តែង​តែ​មាន​នៅ​ក្នុង​របៀប​វារៈ​​​របស់​​ខ្ញុំ​ពេល​ធ្វើ​ទស្សនកិច្ច​ទៅបរទេស​»។​ ​​

សម្រាប់​ពេល​នេះ​ វា​មិន​ហាក់​បី​ដូច​ជា​លោក ​បៃដិន​នឹង​ធានា​​នូវ​ទំនាក់​ទំនង​ការ​ទូត​ពេញ​លេញ​រវាង​អារ៉ាប៊ីសាអូឌីត​ និង​អ៊ីស្រាអែល​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នោះ​ទេ​​ ទោះ​បី​ជា​មាន​ការ​ព្យាករ​ផ្សេង​ៗ​លើ​បញ្ហា​នេះ​ក្ដី​។​ ​

យ៉ាង​ណា​មិញ​ ក្នុង​រូប​ភាព​មួយ​ អ្នក​វិភាគ​នៅ​តែ​គិត​ថា​លោក ​បៃដិន ​កំពុង​ពិបាក​ទាំង​កំណត់​របៀប​វារៈ​​ និង​លទ្ធផល​ក្នុង​ការ​​សម្រេច​បាន​។ ​ទោះ​បី​អ្នក​វិភាគ​មាន​ការ​យល់​ស្រប​ថា​ការ​ផលិត​ប្រេង​នឹង​ក្លាយ​ជា​អាទិភាព​ចម្បង​របស់​លោក​បៃដិន​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ក្ដី​ ​មន្ត្រី​សេតវិមាន​សង្កត់​ធ្ងន់​ថា​​ បញ្ហា​ថាមពល​គ្រាន់​តែ​ចំណុច​មួយ​នៃ​«​របៀប​វារៈ​ធំ​»មួ​យ​ប៉ុណ្ណោះ​។​

​យ៉ាង​ណា​មិញ​លោក ​Cole ​​និយាយ​ថា​ ការ​កាត់​បន្ថយ​តម្លៃ​ប្រេង​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​លោក​បៃដិន​ទាំង​ក្នុង​ស្រុក​ និង​ក្នុង​លក្ខខណ្ឌ​នៃ​គោល​នយោបាយ​ការ​បរទេស​។​​លោក​​​​ថា ​ប្រសិន​​បើ​​​មិន​​មែន​​បញ្ហា​​ប្រេង​​ទេ​​លោក ​បៃដិន ​នឹង​​មិន​​​​​​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​អារ៉ាប៊ីសាអូឌីត​នោះ​ឡើយ​។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner