សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា តាំងចិត្តខ្ពស់រួមចំណែកដល់ការដោះស្រាយ រាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ទាំងនយោបាយ និងកីឡា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ឆ្នាំ ២០២២-២០២៣ នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និង ជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។

កម្ពុជា តាំងចិត្តខ្ពស់រួមចំណែកដល់ការដោះស្រាយ រាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ទាំងនយោបាយ និងកីឡា ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា រយៈ ពេល ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា (ASEAN Para Sports Federation-APSF) នៅសណ្ឋាគារសុខាភ្នំពេញ ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំ២០២២-២០២៣នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ក្នុងនាមជាប្រធានប្តូរវេន នៃស្ថាប័នតំបន់ទាំងពីរ កម្ពុជា មានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខ ស្មើមាត់ រួមចំណែកដល់ការ ដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយសំដៅជំរុញល្បឿននៃការអភិវឌ្ឍសម្រាប់ជោគវាសនា និងវិបុលភាពរួម ។

សម្ដេចថ្លែងថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទំនាក់ទំនងអន្តជាតិ ។ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន-ប៉ារ៉ាហ្គេម រៀងរាល់ ២ឆ្នាំម្តង ឆ្លុះបញ្ចាំងឱ្យឃើញនូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសជាសមាជិកទាំងអស់ ។ ជាងនេះទៀត វិស័យកីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរ ទាំងបច្ចេកទេស និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ និងជាសិល្បៈការពារខ្លួនរបស់ប្រជា-ជាតិនីមួយៗ ។ ការប្រកួតជាលក្ខណៈអន្តរជាតិនេះ ក៏ជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ ។

សម្ដេចតេជោ បានបន្តទៀតថា កីឡាក៏រួមចំណែកដល់ការរក្សាបានសុខភាពល្អ ដែលជាកត្តាកំណត់នៃផលិតភាពសេដ្ឋកិច្ច ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ និងមានការតាំងចិត្តខ្ពស់ក្នុងការបង្កើនមូលធនមនុស្ស ដែលរួមចំណែកដល់ការផ្គត់ផ្គង់កម្លាំងពលកម្ម មានគុណភាពខ្ពស់។ លើសពីនេះ សុខភាពល្អ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពសប្បាយរីករាយដែលត្រូវបានបង្ហាញឱ្យឃើញថា មានទំនាក់ទំនងវិជ្ជមានជាមួយនឹងផលិតភាពសេដ្ឋកិច្ច ។ ជារួម សកម្មភាពអប់រំកាយ និងកីឡាមានសារៈសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្តជ្រះថ្លា និងការងារ បង្កើនបញ្ញាឈ្លាសវៃ ព្រមទាំងលើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងគ្រួសារ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner