សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានា ត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានឱ្យដឹងថា កិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែ កក្កដា ២០២២ ។ សម្ដេចពិជ័យសេនា បញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជា មិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ។

សម្ដេចពិជ័យសេនា បន្តថា កម្ពុជា នឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម និងកីឡាអាស៊ីអាគ្នេយ៍។ ក្នុងនោះកម្ពុជា បានសន្សំប្រាក់សម្រាប់ចំណាយលើការប្រកួតនេះ ក្នុង១ឆ្នាំប្រមាណជា ៤០ពាន់លានរៀល ឬស្មើនឹង ១០លានដុល្លារអាមេរិក ។

ដើម្បីឈានឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការងារជាច្រើន ជាពិសេស ការងារផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ខាងមុខនោះ ។

នៅក្នុងឱកាសនេះ មុននឹងអញ្ជើញថ្លែងសុន្ទរកថា នៃកិច្ចប្រជុំ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគោរពអញ្ជើញឲ្យអង្គពិធីទាំងមូល ក្រោកឈរដើម្បីគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម Shinzo Abe ដែលទទួលមរណភាពដោយការលួចធ្វើឃាតដោយជនអគតិ ដែលសម្ដេចបានចាត់ទុកថា មរណភាព របស់ឯកឧត្តម គឺពិតជាសោកស្ដាយបំផុត ដែលកន្លងមកនេះ ឯកឧត្តមបានផ្សារភ្ជាប់ នូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក៏ដូចជាមួយអាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំ២០២២-២០២៣នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ក្នុងនាមជាប្រធានប្តូរវេន នៃស្ថាប័នតំបន់ទាំងពីរ កម្ពុជា មានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍ កិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខ ស្មើមាត់ រួមចំណែកដល់ការ ដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយសំដៅជំរុញល្បឿន នៃការអភិវឌ្ឍសម្រាប់ជោគវាសនា និងវិបុលភាពរួម ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានរង់ចាំរយៈពេល ៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ យើងបានខកខានចាប់យកឱកាសនេះ ជាច្រើនលើកច្រើនសារ ដើម្បីត្រៀមខ្លួនប្រកបដោយសមត្ថភាព ពេញលេញ និងកៀរគរធនធានចាំបាច់គ្រប់គ្រាន់សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំនេះឱ្យបានល្អ និងរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជា មានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចបានថ្លែងថា សម្ដេចតែងតែលើកឡើងថា នយោបាយគ្មានស្តង់ដារពិតប្រាកដទេ ប៉ុន្តែកីឡាមានស្តង់ដារសកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាការប្រកួតកីឡាតែមួយ និងមានគោលដៅតែមួយ គឺការកសាងពិភពលោកមួយល្អប្រសើរ និង ការរួមចំណែកយ៉ាងសំខាន់ដល់ សុខសន្តិភាព និងស្ថិរភាពសង្គម ។

បច្ច័យវិជ្ជមាន និងផលប្រយោជន៍កីឡាលើកទឹកចិត្ត ឱ្យយើងទាំងអស់គ្នា ខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហការគ្នាក្នុង ស្មារតីបុរេសកម្ម និងអន្តរសកម្មក្នុងការកសាងវិស័យកីឡាជាតិនីមួយៗឱ្យបានផុសផុល រីកចម្រើនជាលំដាប់ ។ទាក់ទងនឹងកិច្ចប្រជុំនាពេលនេះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដោយបានជួបជុំមហាគ្រួសារកីឡាជាតិ និងកីឡាតំបន់អាស៊ីអាគេ្នយ៍ក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ ។ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ជាប្រវត្តិសាស្រ្តនេះឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់ចេញគោលការណ៍ និងផ្តល់អនុសាសន៍គន្លឹះបន្ថែមមួយចំនួន ដូចខាងក្រោម ៖

១- គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឱ្យបានរួចរាល់ និងទាន់ពេល ពិសេស ការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស (GMS) ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម ។ ជាមួយនេះ ត្រូវជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា រួមទាំងកីឡាល្បុក្កតោខ្មែរ និងកីឡាយុទ្ធគុនឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ស៊ីឡាត់ (Silat) ដែលទទួលបានការឯកភាព ជួយពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី និង កីឡាយូដូ ពីឯកឧត្តមអតីតឯកអគ្គរដ្ឋទូតជប៉ុន ។

២- សូមអោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការ “ប្រជាជន ម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ” “កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ” “ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន” និង “កីឡារស់ក្នុងសន្តិភាព” ឱ្យបានផុសផុល ទាំងក្នុង និងក្រៅប្រទេស ។

៣-សូមស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យ លទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដើម្បី ផ្តល់ឱកាសឱ្យសិស្ស-និស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ។

៤-សូមអំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ទទួលបាន ជោគជ័យ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner