ការ​ភ័យ​ខ្លាច​ថា​សាំង​នឹង​ឡើង​ថ្លៃ​ម្ដង​ទៀត​ ជំរុញ​ឱ្យ​រដ្ឋបាល​​បៃដិន​ ស្វែង​រក​ការ​កំណត់​លើ​តម្លៃ​ប្រេង​រុស្ស៊ី​

ខណៈ​តម្លៃ​សាំង​នៅស​ហរដ្ឋ​អាមេរិក​ដែល​ហក់​ឡើង​​ហួស​ ៥ ​ដុល្លារ​/​ហ្គាឡុង​ក្នុង​ខែ​មិថុនា​ ធ្លាក់​ចុះ​ស្ទើរ​តែ​ ២៥ ​សេន​គិត​ត្រឹម​សប្ដាហ៍​មុន​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែលថា​ តម្លៃ​ថាមពល​ហ្វូស៊ីល​នេះ​នឹងហ​ក់​ឡើង​សារ​ជា​ថ្មី​ឡើង​វិញ​​​។

មន្ត្រី​សេតវិមាន​បារម្ភ​ថា​ ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​អ៊ឺរ៉ុប​ ដែល​មាន​បំណង​ទប់​ស្កាត់​លំហូរ​ប្រេង​របស់​រុស្ស៊ី​ នៅ​ចុង​ឆ្នាំ​ អាច​នឹង​ធ្វើ​ឱ្យ​តម្លៃ​ថាមពល​កើន​ឡើងជា​​ថ្មី​ដែល​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ផ្សេង​ទៀត​ធ្លាក់​ចុះ​ធ្ងន់​ធ្ងរ​។​​

ដើម្បី​ទប់​ស្កាត់​លទ្ធផល​នោះ​ មន្ត្រី​អាមេរិក​បាន​អនុវត្ត​ផែនការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ម​ក ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ពិភព​លោក​ធ្លាក់​ចុះ​ ដែល​ជា​គម្រោង​មួយ​​បំពេញ​បន្ថែម​លើ​ទណ្ឌកម្ម​របស់​អឺរ៉ុប​ដោយ​អនុញ្ញាត​ឱ្យ​លំហូរ​​ប្រេង​ឆៅ​រុស្ស៊ី​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​បន្ត​ធ្វើ​ទៅ​បាន​ក្នុង​តម្លៃ​ថោក​ខ្លាំង​។​​

អឺរ៉ុប​ដែល​បន្ត​នាំ​ចូល​​ប្រេង​រុស្ស៊ី​ច្រើន​ជាង​២​លាន​បារ៉ែល​/​ថ្ងៃ​ គ្រោង​នឹង​ដាក់​បម្រាម​លើ​ការ​នាំ​ចូល​ទាំង​នោះ​នៅ​ចុង​ឆ្នាំ​នេះ​ រួម​ជាមួយ​នឹង​ជំហាន​ផ្សេង​ទៀត​ដែល​មាន​បំណង​ធ្វើ​ឱ្យ​ស្មុគ​ស្មាញ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រុស្ស៊ី​ក្នុង​ការ​នាំ​ចេញ​ប្រេង​ឥន្ធនៈ​ជា​សកល​។​

ខណៈ​​លោក​ប្រធានាធិបតី​ ចូ ​បៃដិន​ ជំរុញ​ឱ្យ​អឺរ៉ុប​កាត់​ផ្តាច់​ប្រេង​រុស្ស៊ី​សម្រាប់​ទណ្ឌកម្ម​ចំពោះ​ការ​​ឈ្លាន​ពាន​អ៊ុយក្រែន​ អ្នក​ព្យាករណ៍​មួយ​ចំនួន​ រួម​ជាមួយ​នឹង​ជំនួយ​សេដ្ឋកិច្ច​កំពូល​របស់​ប្រធានាធិបតី​ ឥឡូវ​នេះ​មាន​ការ​ភ័យ​ខ្លាច​ថា​គោល​នយោបាយ​បែប​នេះ​អាច​បណ្តាល​ឱ្យ​មាន​បរិមាណ​ដ៏​ច្រើន​នៃ​ប្រេង​របស់​រុស្ស៊ី​ ដែល​ផ្គត់​ផ្គង់​ជាង​ ១/១០ ​នៃ​តម្រូវការ​សកល ​នឹង​ត្រូវ​ដក​ចេញ​ពី​ទីផ្សារ​ពិភព​លោក​ភ្លាម​។​​

អ្នក​វិភាគ​ប៉ាន់​ស្មាន​ថា​ ការ​ថយ​ចុះ​ការ​ផ្គត់​ផ្គង់​បែប​នេះ​ អាច​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កើន​ឡើង​ដល់​ ២០០ ​ដុល្លារ​/​បារ៉ែល ​​​ឬ​ច្រើន​ជាង​នេះ​ ដែល​មាន​ន័យថា​ ប្រជាជន​អាមេរិក​ចំណាយ​ ៧ ​ដុល្លារ​/​ហ្គាឡុង​សម្រាប់​ប្រេង​សាំង​។​

គ្រោះ​នៃ​ការ​ឡើង​ថ្លៃ​ប្រេង​ជា​ថ្មី​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ពិភព​លោក​ និង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​រដ្ឋបាល​លោក​បៃដិន​ ​ព្យាយាម​​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល ​និង​មេដឹកនាំ​អាជីវកម្ម​ជុំ​វិញ​ពិភព​លោក​នានាឱ្យ​​ព្រម​ព្រៀង​កំណត់​តម្លៃ​ប្រេង​របស់​រុស្ស៊ី​។ ​

មន្ត្រី​រដ្ឋបាល​ និង​លោក ​បៃដិន​និយាយ​ថា​ គោលដៅ​បែប​នេះ​មាន​ ២ ​យ៉ាង​គឺ​៖​ ដើម្បី​បង្អាក់​​ម៉ាស៊ីន​សង្គ្រាម​របស់​រុស្ស៊ី​ ដែល​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​ប្រេង​និង​កាត់​បន្ថយ​សម្ពាធ​លើ​អ្នក​ប្រើ​ប្រាស់​ថាមពល​ជុំ​វិញ​ពិភព​លោក​ដែល​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​តម្លៃ​ប្រេង​ឥន្ធនៈ​។​

ដើម្បី​​ដឹក​​ជញ្ជូន​​ប្រេង​​របស់​​ខ្លួន​​ទៅ​​កាន់​​ទីផ្សារ​ រុស្ស៊ី​​ទាញ​​យក​​ការ​​ផ្តល់​​ហិរញ្ញប្បទាន ​កប៉ាល់ ​និង​​ការ​​ធានា​​រ៉ាប់​រង​​​ពី​​ចក្រភព​​អង់​គ្លេស​ អឺរ៉ុប ​និង​​សហរដ្ឋ​​អាមេរិក​។​ទណ្ឌកម្ម​របស់​អឺរ៉ុប​ មិន​ត្រឹម​តែ​កាត់​រុស្ស៊ី​ចេញ​ពី​ទីផ្សារ​ប្រេង​ភាគ​ច្រើន​នៅ​អឺរ៉ុប​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​កាត់​ផ្ដាច់​ពី​កន្លែង​ដែល​អឺរ៉ុប​គាំទ្រ​ផង​ដែរ​។​ ​ប្រសិន​បើ​អនុវត្ត​យ៉ាង​តឹង​រ៉ឹង​ វិធានការ​ទាំង​នោះ​អាច​បិទ​ក្រុង​ម៉ូស្គូ​ពី​ការ​ដឹក​ជញ្ជូន​ប្រេង​របស់​ខ្លួន​ យ៉ាង​ហោច​ណាស់​ក៏​បណ្ដោះ​អាសន្ន​ដែរ​។​ ​

សំណើ​របស់​រដ្ឋបាល​បៃដិន​នឹង​មិន​ប៉ះ​ពាល់​ដល់កា​រ​ហាម​ឃាត់​របស់​អឺរ៉ុប​ទេ​​ប្រសិន​បើ​ប្រេង​រុស្ស៊ី​​លក់​បាន​ក្នុង​តម្លៃ​មិន​លើស​ពី​តម្លៃ​កំណត់​ដោយ​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ប៉ុន្តែ​វា​នឹង​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​មួយ​ចំនួន​ទៀត​​​។​​

អ្នក​សេដ្ឋកិច្ច​ និង​អ្នក​ជំនាញ​ឧស្សាហកម្ម​ប្រេង​មួយ​ចំនួន​មាន​ការ​សង្ស័យ​ថា​ ផែនការ​នេះ​នឹង​ដំណើរ​ការ​ ទាំង​ជា​មធ្យោបាយ​កាត់​បន្ថយ​ប្រាក់​ចំណូល​សម្រាប់​វិមាន​ក្រឹមឡាំង​ ឬ​ដើម្បី​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​។​ ពួក​គេ​​ព្រមាន​​​ថា ​ផែនការ​​នេះ​​ភាគ​ច្រើន​​អាច​​បង្កើន​​ក្រុម​ហ៊ុន​​ចម្រាញ់​​ប្រេង​ ហើយ​​អាច​​នឹង​​ត្រូវ​​បង្រ្កាប​​ដោយ​​រុស្ស៊ី ​និង​​សម្ព័ន្ធ​មិត្ត​​​។ ​លើស​ពី​នោះ​ក្រុង​ម៉ូស្គូ​ក៏​អាច​បដិសេធ​មិន​លក់​ក្នុង​តម្លៃ​កំណត់​។​

រដ្ឋលេខាធិការ​រតនាគារ​Janet L. Yellen ​ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​នៃ​គម្រោង​នេះ​ ​ជំរុញ​ឱ្យ​មាន​ការ​គាំទ្រ​បន្ថែម​ទៀត​ នៅ​ពេល​អ្នក​ស្រី​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ផ្សេង​ទៀត​មក​ពី​ក្រុម​ប្រទស​២០​រួម​ទាំង​រុស្ស៊ី​ផង​ដែរ​ នៅ​អាស៊ី​ក្នុង​សប្តាហ៍​នេះ​។​តែ​មន្ត្រី​រតនាគារ​និយាយ​ថា​ គណៈ​ប្រតិភូ​អាមេរិក​នឹង​មិន​មាន​ការ​ទាក់​ទង​ជាមួយ​រុស្ស៊ី​ទេ​។​

ប៉ុន្តែ​សូម្បី​តែ​អ្នក​មាន​មន្ទិល​សង្ស័យ​មួយ​ចំនួន​និយាយ​ថា​ ការ​កំណត់​តម្លៃ​អាច​​រក្សា​ការ​បូម​ប្រេង​របស់​រុស្ស៊ី​ឱ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ជៀស​វាង​ការ​ឡើង​ថ្លៃ​ដែល​បង្ក​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​។​

មន្ត្រី​រដ្ឋបាល​និយាយ​ប្រាប់​កាសែត​ញូវយ៉ក​ថែមស៍​​​ថា​មាន​សញ្ញា​នៅ​ក្នុង​ទីផ្សារ​ប្រេង​​ សំណើរ​កំណត់​កំពុង​ជួយ​ធានា​ដល់​ពាណិជ្ជករ​រួច​ហើយ​ថា​ពិភព​លោក​អាច​ជៀស​វាង​ការ​បាត់​បង់​ប្រេង​រុស្ស៊ី​រាប់​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ភ្លាម​ៗ​នៅ​ចុង​ឆ្នាំ​នេះ​។​

លោក​Wally Adeyemo ​អនុលេខាធិការ​រតនាគា​រ​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​៖​ «​យើង​គិត​ថា​រឿង​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ដែល​យើង​អាច​ធ្វើ​ដើម្បី​ដោះ​ស្រាយ​កង្វល់​ដែល​យើង​មាន​គឺ​ការ​អនុវត្ត​តម្លៃ​កំណត់​ ព្រោះ​វា​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​របស់​ពិភព​លោក​»​ និង​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​សេដ្ឋកិច្ច​ដំណើរ​ការ​ទៅ​មុខ​។​​

​អ្នក​ស្រាវ​ជ្រាវ​នៅ​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​High Frequency Economics ​ប៉ាន់​ប្រមាណ​ក្នុង​កំណត់​ត្រា​មួយ​ដល់​អតិថិជន​កាល​ពី​សប្តាហ៍​មុន​ថា​ វិបត្តិ​សេដ្ឋកិច្ច​កំពុង​ចាប់​ផ្តើម​នៅ​ទូទាំង​អឺរ៉ុប​ អង់គ្លេស ​និង​ជប៉ុន​រួច​ហើយ​​​។

យ៉ាង​ណា​មិញ​ជំនួយ​ការ​សេដ្ឋកិច្ច​ជិត​ស្និទ្ធ​បំផុត​របស់​លោក ​បៃដិន​ទទូច​ថា​ សេដ្ឋកិច្ច​អាមេរិក​មិន​ទាន់​មាន​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឡើយ​ទេ​ ទោះ​បី​ជា​ឆ្លង​កាត់​​កំណើន​អវិជ្ជមាន​ក្នុង​ត្រីមាស​​​២​ជាប់​ៗ​គ្នា​ក្ដី​។​ ​មន្ត្រី​រដ្ឋបាល​ក៏​មើល​ឃើញ​ពី​ហេតុផល​​សុទិដ្ឋិ​និយម​មួយ ​គឺ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ជិត​​២៥ ​សេន​កាល​ពី​​សប្ដាហ៍​ ពី​តម្លៃ​ខ្ពស់​ជាង​ ៥ ​ដុល្លារ​/​ហ្គាឡុង​ពី​ខែ​មុន​។​  ​

ការ​កើន​ឡើង​តម្លៃ​ប្រេង​សាំង​កន្លង​មក​ គឺ​ជា​ផល​វិបាក​ផ្ទាល់​នៃ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​របស់​រុស្ស៊ី​ និង​ការ​ឆ្លើយ​តប​របស់​លោក​ខាង​លិច​ ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​​ ក្នុង​ការ​ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​រុស្ស៊ី​។ ​

អ្នក​ជំនាញ​ខ្លះ​សង្ស័យ​ថា​សំណើ​កំណត់​តម្លៃ​នឹង​​​នៅ​តែ​ផ្តល់​ឱ្យ​រុស្ស៊ី​រក​​ប្រាក់​ចំណូល​ពី​ថាមពលបាន​​ច្រើន​។ ​​តាម​វិធី​មួយ​ចំនួន​ផែនការ​​របស់​រដ្ឋបាល​បៃដិន ​គឺ​ជា​ការ​ទទួល​ស្គាល់​ថា​ទណ្ឌកម្ម​កន្លង​ទៅ​មិន​សម្រេច​បាន​ដូច​បំណង​នោះ​ទេ​ ខណៈ​ដែល​រុស្ស៊ី​នៅ​តែ​កើប​លុយ​រាប់ពាន់​​លាន​ពី​ចិន​ និង​ឥណ្ឌា ​ដែល​បង្កើន​ការ​ទិញ​ប្រេង​របស់​រុស្ស៊ី​ក្នុង​តម្លៃ​ទាប​ជាង​ប្រេង​អន្តរជាតិ​។​ ​​

តាម​ការ​រាយការណ៍​របស់​​សារព័ត៌មាន​ផ្សេង​ៗ​ ខណៈ​តម្លៃ​ប្រេង​អន្តរជាតិ​ផ្សេង​ហក់​ឡើង​ដល់​ ១២០​ ដុល្លារ​/​បារ៉ែល​នៅ​ខែ​​មិថុនា​ រុស្ស៊ី​លក់​ប្រេង​របស់​ខ្លួន​ឱ្យ​ចិន​ និង​ឥណ្ឌា​ទាប​ជាង​តម្លៃ​នោះ​ពី​ ២០ ​ទៅ​ ៣០​ដុល្លារ​។​ហើយ​បើ​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​របស់​សារព័ត៌មាន​Bloomberg​ដែល​ស្រង់​សម្ដី​ប្រភព​ដឹង​ពី​ព័ត៌មាន​និយាយ​ជា​អនាមិក​ថា​សហរដ្ឋ​​អាមេរិក​ និង​​សម្ព័ន្ធ​មិត្ត​​បាន​​ពិភាក្សា​​អំពី​​ការ​​ព្យាយាម​​កំណត់​​តម្លៃ​​ប្រេង​​រុស្ស៊ី​​ចន្លោះ​​​ពី​ ៤០ ​ទៅ ​៦០ ​ដុល្លារ​​/​​បារ៉ែល។​

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner