​​បន្ទាប់ពីឈ្នះឆ្នោត​​​នៅ​សភា​ជាន់ខ្ពស់ នាយករដ្ឋមន្ត្រី​ជប៉ុន​ប្តេជ្ញាសម្រេចឲ្យ​បាន​នូវលទ្ធផល​​បង្កើន​មូនធន​សម្រាប់ស្រោចស្រង់​វិស័យសេដ្ឋកិច្ច​ និងវិស័យយោធា​​

មេដឹកនាំ​ជប៉ុន​បាន​បង្ហាញ​ការប្តេជ្ញា​ចិត្ត​​​​កាន់តែ​ខ្លាំង​​លើ​​ការ​សម្រេច​បាន​នូវ​គោល​នយោបាយ​របស់​លោក​ដែល​បាន​លាតត្រដាង​​ក្នុង​ពេល​កន្លងមក​​សម្រាប់ការ​បង្កើន​​មូល​និធិ​ និង​ ការ​បង្កើន​ការ​ចំណាយ​សម្រាប់​​​​វិស័យ​ការពារ​ជាតិ។​​

​ជ័យ​ជំនះ​ទទួល​បាន​ពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា​​​កាល​ពី​ថ្ងៃ​អាទិត្យ​​​​គឺ​រយៈពេល​តែ២​ថ្ងៃ​បន្ទាប់ពី​មរណៈភាព​​​​លើ​អតីត​នាយក​រដ្ឋ​មន្ត្រី ស៊ីនហ្សូ​ អាបេ នឹង​ធ្វើ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ​​ហ្វួមីអូ កិសិដា (Fumio Kishida) អាច​សម្រួច​ផែន​ការ​​គោល​នយោបាយ​របស់​លោក​​​ដើម្បី​​​បង្កើន​មូល​ធន​ និង​​បង្កើន​ការ​ចំណាយ​​​​សម្រាប់​វិស័យ​ការ​ពារ​ជាតិ​ ដែល​​ប្រឈម​ការ​គំរាម​កំហែង​ក្នុង​តំបន់​យ៉ាងខ្លាំង។ ​

​​​សារព័ត៌មាន​ជប៉ុន The Japanese Times ​បានផ្សាយថា គណបក្ស​​ប្រជាធិបតេយ្យ​សេរី​ (LDP) និងបក្ស​​​​Komeito ​បាន​ឈ្នះ​​​កៅអី​ចំនួន​៧៦​​​​នៃ​អាសនៈ​ប្រកួតប្រជែងចំនួន១២៥​​​​ ខណៈ​ដែល​គណៈបក្ស​​​ LDP​ តែមួយ​​​ឈ្នះ​៦៣​ បាន​ធ្វើ​ឲ្យ​​បក្ស​នេះ​​អាចសម្រេច​​លើ​​ផែនការ​នានា​​​ ដោយ​មិនចាំបាច់​ទទួលបាន​ការគាំទ្រ​ពីបក្ស​ផ្សេង​។

នាយករដ្ឋមន្ត្រី​ជប៉ុន​ Fumio Kishida​ដែល​ឈាន​ជើង​ចូល​ការិយាល័យ​អស់​រយៈពេល​​​៩​ខែ​​​ ហាក់​បង្ហាញ​​​ពី​កម្លាំង​ចិត្ត​ដ៏​មុតស្រួច​របស់​លោក​ដោយ​សម្លឹង​​​ទៅ​រក​​ការសម្រេច​ផែនការ​​បង្កើត​មូល​និធិថ្មី និង​ការ​ចំណាយ​​​លើ​វិស័យ​ការ​ពារ​ជាតិ បន្ទាប់​ពី​​ឃើញ​ជ័យជម្នះ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​​​​កាលពីថ្ងៃ​អាទិត្យ។

នាយក​រដ្ឋមន្ត្រី Kishida បាននិយាយថា៖​«ខ្ញុំប្តេជ្ញា​ថា​នឹងសម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​ដែល​ជាផ្នែក​នៃ​គំរូសេដ្ឋកិច្ច​មូលធននិយមថ្មី​របស់ខ្ញុំ ដែល​មាន​គោល​បំណង​ជា​ចម្បង​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មានភាពរស់រវើកឡើងវិញ។ ទន្ទឹមនឹងនោះ ខ្ញុំនឹងចាត់វិធានការជាជំហានៗ ដើម្បីបន្តការងាររបស់យើងលើផ្នែកការទូត សន្តិសុខ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ»​។

​​ភ្នាក់ងារ​ព័ត៌មាន​របស់​សារព័ត៌មាន​ The Straits Times បានដកស្រង់សម្តី​​​លោក​នាយក​រដ្ឋមន្ត្រីដូច​ដែលបាន​និយាយថា៖​«ខ្ញុំ​​ចង់នាំ​យក​​លទ្ធ​ផល​សម្រាប់​​​​មូលធន​​ប្រភេទ​ថ្មី​ដែល​ខ្ញុំ​​បាន​និង​កំពុង​លើក​កម្ពស់។ យើង​​នឹង​ចាត់វិធាន​ការ​​​ដើម្បី​ដោះស្រាយ​​​នូវ​ការ​ឈឺចាប់​​ពី​​​អតិផរណា ​និង​សម្លឹង​ទៅរក​​​ការ​ដំឡើង​ប្រាក់​ឈ្នួល​»។​

នាយក​រដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ​​​​នឹង​ត្រៀម​ជំរុញ​​​​ផែនការ​ហិរញ្ញវត្ថុ​ដែល​មាន​លក្ខណៈ​ស្និទ្ធស្នាល​នឹង​ទីផ្សារ ​​​ហើយ​លោក​ ​ ក៏បានស្នើផែនការដើម្បី​បង្កើន​ប្រាក់ចំណូល​ផ្អែក​លើ​ទ្រព្យ​សកម្មទ្វេដង​ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសន្ទុះសម្រាប់​​ជំរុញ​ការវិនិយោគក្នុងចំណោមគ្រួសារដែល​​តែ​ងតែ​​​ផ្តោត​លើ​ការ​សន្សំ​ប្រាក់​​​កន្លង​មក។ ជាងពាក់កណ្តាលនៃទ្រព្យសកម្មគ្រួសារ ១៥​,៣៩​ពាន់​ពាន់​​លាន​​ដុល្លារ​​របស់ប្រទេសជប៉ុននៅតែស្ថិតក្នុងគណនីសន្សំគិត​ត្រឹមខែមីនា។ នេះ​បើយោង​តាមធនាគារកណ្តាលជប៉ុន។

​​The Japanese Times ​អះអាងថា ផែនការ​​កាត់បន្ថយ​​​ការ​បំភាយ​ឧស្ម័ន​កា​បូន​ ​ (decarbonization)​​ទៅ​ក្នុង​លំហ​រ​បរិយាកាស​ក៏ជា​​អាទិភាព​មួយ​នៅ​ក្នុង​គោល​នយោបាយ​នេះ​ ដោយ​​រដ្ឋាភិបាល​​របស់​លោក​​មាន​សំណើ​ជំរុញ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត​រវាងវិស័យសាធារណៈ និងឯកជន និង​ការ​អំពាវនាវឱ្យមានការបណ្តាក់ទុនពាក់ព័ន្ធចំនួន ១៥០​​ពាន់ពាន់លានយ៉េនក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ប្រទេសជប៉ុន​​ក៏​នឹង​ផ្តល់​អាទិភាព​​សំខាន់​លើ​វិស័យ​ការពារ​​ជាតិ ​​នៅពេល​ដែល​​​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​​មាន​ភាព​តានតឹង​ឡើង បន្ទាប់​ពី​​​​​​សង្គ្រាម​​រវាង​​ប្រទេស​រុស្ស៊ី​ដែល​លើក​កង​ទ័ព​ចូល​លុក​លុយ​ប្រទេស​​អ៊ុយ​ក្រែន​​​ ដោយ​មេដឹកនាំ​រុស្ស៊ី​​ចោទ​​​ប្រកាន់​​រដ្ឋាភិបាល​អ៊ុយក្រែន​បច្ចុប្បន្ន​​​ថា​​ បានប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​​លើ​ប្រជាជន​ដែល​និយាយភាសា​រុស្ស៊ី​​​។

ភាពតាន​តឹង​​លើ​ភូមិសាស្រ្ត​​​​​​នយោបាយ​ក្នុង​តំបន់​ដែល​បង្ក​ក្តី​បារម្ភ​​ដល់​ប្រទេសជប៉ុន​នោះ​គឺ​ដោយ​ប្រទេសចិន​​​និង​កូរ៉េខាងជើង​ដែល​ជា​ប្រទេស​ប្រកាន់​របប​ដឹកនាំ​បែប​​កុម្មុយនីស​​​ក៏បង្កើន​ឥទ្ធិពលយ៉ាង​ខ្លាំង ដោយ​ប្រទេស​ចិន​​ហាក់​រថើន​ចង់​បាន​​​កោះតៃវ៉ាន់ រីឯ កូរ៉េ​ខាងជើង​វិញ​ក៏បង្កើន​ការ​សាកល្ប​ង​បាញ់​​​មីស៊ីល​​រយៈចំងាយឆ្ងាយ។

មេដឹកនាំ​ជប៉ុន​បច្ចុប្បន្ន​​មើល​​ឃើញ​ស្ថានការ​ណ៍​សន្តិសុខ​​ពិភពលោក​ក៏ដូច​ជា​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​​​​​​​​មានភាព​ផុយស្រួយ​​​​ខ្លាំង​ណាស់​សម្រាប់​​ការ​បង្កើន​សមត្ថភាព​យោធានិង​ការ​ពង្រឹង​​​សម្ព័ន្ធ​មិត្តយោធា​​នៅ​ក្នុង​តំបន់​​​។

​ក្នុងកិច្ច​ប្រជុំ​​​​កំពូល​សន្តិសុខ​​តំបន់​អាស៊ី-ប៉ាស៊ីហ្វិកកាល​​​ពី​សប្តាហ៍​ទី២​នៃ​ខែមិថុនា​​ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាន​ប្រកាស​ពីផែនការ​ជំនួយ​សន្តិសុខ​សម្រាប់​បណ្តា​ប្រទេស​ឥណ្ឌូប៉ាស៊ីហ្វិក​​​ដោយ​មាន​ទឹក​ប្រាក់​២​ពាន់​លានដុល្លារក្នុងរយៈពេលបីឆ្នាំខាងមុខ។

​​ការផ្តល់​ហិរញ្ញវត្ថុ​នោះ​នឹង​​​ផ្តោត​លើ​សកម្មភាព​​​ពង្រឹង​ទូកល្បាត និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​តាម​សមុទ្រ ខណៈពេល​ដែលការ​វិនិយោគ​លើធនធាន​មនុស្ស​ចាំបាច់ ដូចជាការបណ្តុះបណ្តាល និងការអប់រំ។ នេះ​​បើ​ផ្អែក​តាម​ japantimes បណ្តាញ​សារព័ត៌មាន​​មានមូលដ្ឋាន​នៅប្រទេសជប៉ុន។

រដ្ឋបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ Kishida ក៏​​កំពុងរៀបចំ​ធ្វើសេចក្តី​ព្រាង​គោល​នយោបាយ​សន្តិសុខ​ជាតិ​ថ្មី ដោយ​​​រំលឹក​ឡើង​វិញ​នូវ​​ជំរុញ​ការចំណាយ​លើវិស័យការពារជាតិ និង​បន្ត​ពង្រឹង​សមត្ថភាពយោធារបស់ប្រទេស។

នាយករដ្ឋមន្ត្រីជប៉ុន​រូបនេះបានពិពណ៌នាផែនការ​នោះ​​ថា​​៖​«ចាំបាច់បំផុត» បើ​ជប៉ុន​ត្រូវ​រស់រាន​មានជី​វិត​ក្នុង​សករាជថ្មី។

លោក បន្តថា៖​ «ខ្ញុំនឹងស្វែងរកការកសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយស្ថិរភាព​តាមរយៈ​ការសន្ទនា មិនមែនការប្រឈមមុខដាក់គ្នានោះទេ។ ទោះយ៉ាងណាក៏ដោយ ក្នុង​ពេលជាមួយគ្នានេះ យើងត្រូវតែត្រៀមខ្លួនសម្រាប់ការលេចចេញនូវអង្គភាពដែល​ជាន់​ឈ្លី​សន្តិភាព និង​សន្តិសុខ​របស់ប្រទេសដទៃដោយការគំរាមកំហែងដោយកម្លាំង ដោយ​មិន​គោរព​ច្បាប់។ ជា​មធ្យោបាយ​នៃ​​ការ​ទប់ស្កាត់ស្ថានភាពបែបនេះ និងការការពារខ្លួនយើង យើងត្រូវពង្រឹងការរារាំង និង​ការ​ឆ្លើយ​តបរបស់យើង​»។

លទ្ធផល​ឆ្នោត​​កាល​ពី​ថ្ងៃ​អាទិត្យ​​​​​ក៏បាន​ផ្តល់​ឱ្យ​លោក​​នាយករដ្ឋ​មន្ត្រី​​ជប៉ុននូវ​កូរ៉ុម​​គ្រប់គ្រាន់​ក្នុង​ព្រឹទ្ធសភា​​​ដើម្បី​បន្ត​​​​​នូវ​សុបិន​ដែល​មិនបាន​សម្រេច​របស់​ អតីតនាយករដ្ឋ​មន្ត្រី អាបេ  នៃ​ការ​កែប្រែ​​​រដ្ឋធម្មនុញ្ញ​​​​សន្តិភាព​និយម (pacifist Constitution) ជាលើកដំបូង​ចាប់​តាំង​​​​ការ​អនុម័ត​​ដំបូង​​បំផុត​​នៅឆ្នាំ១៩៤៧ ពោល​គឺ​២​ឆ្នាំ​ក្រោយ​​ការ​​ប្រកាស​ចាញ់សង្គ្រាមរបស់ជប៉ុន​ក្នុង​សម័យសង្គ្រាម​លោក​លើក​ទី២​​។

រដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុន ដែល​មាន​អាយុកាល​យូរជាង​រដ្ឋធម្មនុញ្ញ​ដទៃទៀតនៅ​​ក្នុង​ពិភពលោក ដោយគ្មានវិសោធនកម្ម ឬកែប្រែនោះ បាន​ទទួល​កិត្តិនាមថាជា «រដ្ឋធម្មនុញ្ញ​សន្តិភាពនិយម»។ នេះ​​គឺ​ដោយសារ​មាត្រា ៩ នៃ​រដ្ឋធម្មនុញ្ញ និង​ការ​ប្តេជ្ញា​របស់​ខ្លួន​ថា​នឹង «​លះបង់​​សង្គ្រាម​ជា​សិទ្ធិ​អធិបតេយ្យភាព​របស់​ជាតិ»។ នេះ​បើយោង​តាមអត្ថបទស្រាវជ្រាវ​ដែល​ផ្សាព្វផ្សាយ​ដោយ​គេ​​ហទំព័រ isdp។

បណ្តាញ​សារព័ត៌មាន​នានា​បានបរិយាយ​​​អំពីភាព​​បរាជ័យ​​របស់​​ អតីត​នាយករដ្ឋមន្ត្រី​ ស៊ីនហ្សូ អាបេ ដែល​មិន​អាចសម្រេចផែនការ​​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ចាប់តាំងពីលោក​​ចាប់​ផ្តើម​​ចូលកាន់​ការិយាល័យ​នាយករដ្ឋមន្ត្រី​តាំង​ពី​ឆ្នាំ​២០១៣ម្ល៉េះ​។​

​​លទ្ធ​ផល​ឆ្នោត​​​​​ដែល​ផ្សព្វផ្សាយ​​តាម​ទូរទស្សន៍សាធារណៈ NHK ​បាននិយាយថា​ គណបក្ស​​ប្រជាធិបតេយ្យ​សេរី​ (LDP) និងដៃគូវ័យក្មេងរបស់ខ្លួន Komeito ឈ្នះ​លើ​ការ​បោះ​ឆ្នោត​​សភាជាន់ខ្ពស់នេះ នឹងបើក​ផ្លូវ​​​ឲ្យ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​​ធ្វើអ្វីក៏បាន៕

ប្រភព៖ The Straits Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner