អ៊ុយក្រែន៖ មនុស្ស១៥នាក់ស្លាប់ក្រោយមីស៊ីលរុស្ស៊ីបាញ់ចំអាផាតមិនមួយនៅដុនណិតស្ក៍
ក្រុមមន្ត្រីអ៊ុយក្រែននិយាយកាលពីថ្ងៃអាទិត្យថាមនុស្សយ៉ាងហោចណាស់ ១៥ នាក់ស្លាប់ និង ២៤ នាក់ផ្សេងទៀតជាប់ក្នុងគំណរបាក់បែក បន្ទាប់ពីមីស៊ីលរុស្ស៊ីបាញ់ប្រហារចំអាផាតមិនកម្ពស់ ៥ ជាន់មួយនៅក្រុង Chasiv Yar ខេត្តដុនណិតស្ក៍កាលពីថ្ងៃសៅរ៍។
អភិបាលក្រុងលោកPavlo Kyrylenkoបញ្ជាក់ប្រាប់ទូរទស្សន៍អ៊ុយក្រែនអំពីតួលេខនៃជនរងគ្រោះ ហើយថា «ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត»។លោកបន្ថែមថា៖ «យើងមានភស្តុតាងបន្ថែមទៀតនៃឧក្រិដ្ឋកម្មរបស់រុស្ស៊ី ដែលពួកគេបានវាយលុកតំបន់លំនៅដ្ឋាននៃសហគមន៍ណាមួយ មិនថាវានៅជិតជួរមុខ ឬអត់នោះទេ»។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ចោទប្រកាន់ទីក្រុងម៉ូស្គូ ពីចេតនាវាយប្រហារនៅទីក្រុងChasiv Yar នេះ ហើយសន្យាថា«ការដាក់ទណ្ឌកម្មគឺជៀសមិនរួចសម្រាប់រាល់ឃាតករុស្ស៊ី» នោះទេ។
មកទល់ពេលនេះ មិនមានការប្រតិបកម្មយ៉ាងណាពីវិមានក្រឹមឡាំងនោះទេ ខណៈប៉ុន្មានសប្ដាហ៍ថ្មីនេះ អ៊ុយក្រែនចោទប្រកាន់ក្រុងម៉ូស្គូថា បើកការវាយប្រហារដោយមីស៊ីលលើទីក្រុងរបស់ខ្លួន ដែលរួមមានលើផ្សារលក់ទំនិញដ៏មមាញឹកមួយនៅកណ្តាលប្រទេសអ៊ុយក្រែនកាលពីខែមុននិងកំណត់គោលដៅលើជនស៊ីវិល។
កន្លងមក រុស្ស៊ីនិយាយថា ខ្លួនវាយប្រហារលើទីតាំងដែលមានយោធាប៉ុណ្ណោះ។ តែខណៈដែលទីក្រុងម៉ូស្គូបដិសេធមិនកំណត់គោលដៅលើជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន កងកម្លាំងរបស់ខ្លួនបាននៅពីក្រោយការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរទៅលើតំបន់ដែលមានប្រជាជនរស់ជាដូចជានៅក្រុងម៉ារីអ៊ូប៉ូល ក្រុងខាកៀវ និងក្រុងស៊ីវីរ៉ូដុនណិតស្ក៍ជាដើម។

ប្រភព៖ NBC News