រដ្ឋមន្រ្តីក្រសួងអប់រំថ្លែងអំណរគុណដល់ក្រុមហ៊ុនអេសស៊ីជី ដែល តែងតែបានចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន អេសស៊ីជី (SCG) ចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូន អំពីដំណើរការ នៃកិច្ចសហប្រតិបត្តិការមួយចំនួននាថ្ងទី១១ ខែ កក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
ក្នុងឱកាសនេះតំណាងក្រុមហ៊ុនបានជម្រាបលោករដ្ឋមន្រ្តីអំពីការបន្តផ្ដល់អាហារូបករណ៍ នៅកម្រិតចំណេះទូទៅចំនួន២៥០នាក់ និងកម្រិត ឧត្ដម សិក្សាចំនួន ១០នាក់ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលនេះជាផ្នែកមួយនៃកម្មវិធីចែករំលែកក្ដីសុបិន ដែលបានចាប់ ផ្ដើមតាំងពីឆ្នាំ២០០៤ មកម្ល៉េះ។
ថ្លែងក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់ក្រុមហ៊ុន SCG ដែលតែងតែបានចូលរួមចំណែក យ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ជាពិសេសគឺការផ្ដល់អាហារូបករណ៍ ដល់សិស្ស-និស្សិតកម្ពុជា ក្នុងការសិក្សានូវកម្រិតចំណេះទូទៅ និងកម្រិតឧត្ដមសិក្សា លើជំនាញផ្សេងៗ ដើម្បីយកចំណេះដឹង ទាំងនេះ ទៅកសាងគ្រួសារ និងសង្គមជាតិឱ្យមានការរីកចម្រើន៕ដោយ៖រ៉ាវុធ




