ប្រធានប៉េតង់ដាណឺម៉ាក ចាត់ទុកកម្ពុជាជាក្តីបារម្ភធំក្នុងការប្រកួតកីឡាពិភពលោក

កម្ពុជា គឺជាប្រទេសខ្លាំងមួយលើប្រភេទកីឡាប៉េតង់ ក្នុងចំណោមប្រទេសខ្លាំងជាច្រើនដែលបានចូលរួមកីឡាពិភពលោក (World Games) ឆ្នាំ២០២២ នៅទីក្រុង Birmingham រដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក។ នេះជាការបញ្ជាក់របស់លោក ឡាស ហ្វ្រីស (Lars Friis) ប្រធានសហព័ន្ធកីឡាប៉េតង់ដាណឺម៉ាក។

លោក ឡាស ហ្វ្រីស បានលើកឡើងថា ក្រុមកីឡាការិនីដាណឺម៉ាក ប៉ះក្រុមកីឡាការិនីកម្ពុជា គឺជាក្តីបារម្ភ ដោយសារកីឡាការិនីកម្ពុជាមួយរូបជាម្ចាស់ពានរង្វាន់ពិភពលោក និងកីឡាការិនីម្នាក់ទៀតក៏ខ្លាំងផងដែរ ប៉ុន្តែដាណឺម៉ាកក៏មានកីឡាការិនីខ្លាំងសម្រាប់ប្រកួតជាមួយកម្ពុជាដែរ។ ប្រសិនបើឈ្នះ នឹងបង្កើតប្រវត្តិសាស្រ្តថ្មីមួយ សម្រាប់ប្រទេសដាណឺម៉ាក។

លោក បញ្ជាក់ថា ការប្រកួតនឹងស្វិតស្វាញ ហើយទាក់ទាញខ្លាំង ដោយសារ ដាណឺម៉ាក ស្ថិតក្នុងពូលក្រហម ជាមួយកម្ពុជា បារាំង និងកាណាដា ដែលសុទ្ធសឹងជាក្រុមដែលមានកីឡាការិនីខ្លាំងៗ ធ្លាប់ឈ្នះមេដាយមាស និងពានរង្វាន់ពិភពលោកផងដែរ។

«ខ្ញុំគិតថា ប្រទេសបារាំង និងកម្ពុជា មានលទ្ធភាពច្រើន ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ហើយពួកគេអាចនឹងក្លាយជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនេះ»។ លោកបានសង្កត់ធ្ងន់។

ប្រធានសហព័ន្ធកីឡាប៉េតង់ដាណឺម៉ាករូបនេះ បន្ថែមថា ព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក នៅសហរដ្ឋអាមេរិកឆ្នាំនេះ រៀបចំនៅទីក្រុងធំ សកលវិទ្យាល័យក៏ធំ ប៉ុន្តែអ្នករៀបចំ យកកីឡាប៉េតង់ ទៅដាក់ឆ្ងាយដាច់ពីគេ ដូច្នេះពិបាកទៅចូលរួមទស្សនា។ ប៉ុន្តែលោកគិតថា អ្នករៀបចំ បានព្យាយាមអស់សមត្ថភាពហើយ។ ទោះជាយ៉ាងណា កម្មវិធីមិនទាន់ចាប់ផ្តើមដែរ ដូច្នេះលោកក៏មិនអាចវាយតម្លៃបានដែរ តែក្រុមល្អៗមកចូលរួម សុទ្ធតែជាក្រុមខ្លាំងៗ ជាពិសេសគឺក្រុមកម្ពុជា។

ដោយឡែក កញ្ញា គិន សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជាក់ថា សហព័ន្ធកីឡាប៉េតង់កម្ពុជា ត្រូវបានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក អញ្ជើញចូលរួមជាលើកដំបូងនេះ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក ដែលមានអាយុកាល៤១ឆ្នាំ គឺបង្កើតឡើងតាំងពីឆ្នាំ១៩៨១ នៅរដ្ឋ Santa Clara សហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំ២០២២នេះ ធ្វើនៅទីក្រុង Birmingham រដ្ឋ អាឡាបាម៉ា សហរដ្ឋអាមេរិកដែរ។

គួរបញ្ជាក់ថា ការប្រកួតកីឡាពិភពលោក ឆ្នាំ២០២២ លើប្រភេទកីឡាប៉េតង់ មាន២វិញ្ញាសាដាក់ឲ្យប្រកួត គឺវិញ្ញាសា ២នាក់ ទល់២នាក់ និងវិញ្ញាសាវាយយកពិន្ទុ។ ចំពោះវិញ្ញាសាវាយយកពិន្ទុ មាន៨ប្រទេសចូលរួម ក្នុងនេះមានកម្ពុជា កាណាដា អាមេរិក ដាណឺម៉ាក បារាំង ថៃ ប៊ែលហ្សិក និងអាល្លឺម៉ង់។ ការប្រកួតតាមរូបមន្ត ជុំទី១ ជ្រើសរើសយកពីរក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជុំទី២នៅសល់៦ក្រុម ប្រកួតយក២ក្រុម ដែលមានពិន្ទុខ្ពស់ជាង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ហើយយកលេខ១ ប៉ះ លេខ៤ ខណៈលេខ២ ប៉ះ លេខ៣។ បន្ទាប់មក អ្នកឈ្នះ ជួប ឈ្នះ ដណ្តើមយកមេដាយមាស អ្នកចាញ់ ជួបអ្នកចាញ់ ដណ្តើមយកមេដាយសំរឹទ្ធ។ រីឯវិញ្ញាសា ២នាក់ ទល់២នាក់ ចែកជា២ពូល គឺពូលក្រហម មាន កាណាដា បារាំង កម្ពុជា និង ដាណឺម៉ាក ហើយពូលស មាន អាល្លឺម៉ង់ ប៊ែលហ្សិក អាមេរិក និងថៃ ប្រកួតតាមរូបមន្ត ក្នុងពូលនីមួយៗ យកលេខ១ និងលេខ២ ធ្វើការប្រកួតខ្វែង បន្ទាប់មក ឈ្នះជួបឈ្នះ យកមេដាយមាស ចាញ់ជួបចាញ់ យកលេខ៣។

ព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក ឆ្នាំ២០២២នេះ មានប្រទេសជាង១០០ ជុំវិញពិភពលោក ចូលរួម ប្រកួតលើ ៣៤ប្រភេទកីឡា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ សម្រាប់កម្ពុជាបញ្ជូនកីឡាការិនី២រូប និងប្រតិភូ ៣រូបចូលរួម ប្រកួតលើ ២វិញ្ញាសា គឺវិញ្ញាសាវាយគូ និងវិញ្ញាសាវាយយកពិន្ទុ ក្នុងនោះមានកីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា កញ្ញា គិន សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក ហៀន ថាវរៈ និងលោក ចាន់ វិចិត្រ មន្រ្តីព័ត៌មាន៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner