សេតវិមាន៖ លោក ចូ បៃដិន នឹងស្វែងរកការជំរុញទិន្នផលប្រេង ក្នុងអំឡុងការបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា
វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបានបញ្ជាក់ថា ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន នឹងស្នើឱ្យប្រទេសផលិតប្រេងបង្កើនទិន្នផល ដើម្បី កាត់បន្ថយតម្លៃប្រេងសាំង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់អារ៉ាប៊ីសាអូឌីត។
លោក ចូ បៃដិន នឹងចាកចេញពីសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ ដើម្បីធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ារយៈពេល៤ថ្ងៃ ដែលនឹង នាំគាត់ទៅកាន់ប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីននៃតំបន់ West Bank ផងដែរ។ នៅប្រទេសអារ៉ាប៊ីសាអូឌីត ប្រធានាធិបតី អាមេរិករូបនេះនឹងត្រូវជួបជាមួយមេដឹកនាំក្រុមប្រទេសផលិតប្រេងនៅមជ្ឈិមបូព៌ា រួមទាំងសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូង សមុទ្រ ផងដែរ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក ស៊ូលីវ៉ាន់ បានបញ្ជាក់ នៅថ្ងៃចន្ទសប្តាហ៍នេះថា លោក បៃដិន មានបំណងប្រើឧបករណ៍ ទាំងអស់នៅក្នុងប្រអប់ឧបករណ៍របស់គាត់ ដើម្បីព្យាយាមបង្កើតការ ផ្គត់ផ្គង់ថាមពលសកលឱ្យបានគ្រប់គ្រាន់ និងធ្វើឱ្យតម្លៃឧស្ម័នធ្លាក់ ចុះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថា វានៅពុំទាន់ ច្បាស់ទេថាតើអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសឈូង សមុទ្រផ្សេងទៀតនឹងយល់ព្រមក្នុងការបង្កើនទិន្នផលប្រេងរបស់ពួកគេឬយ៉ាងណា។ ក្នុងអំឡុងដំណើរទស្សនកិច្ចខាងលើនេះដែរ លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត សំខាន់ៗ ពីគោលនយោបាយរួមមួយចំពោះអ៊ីរ៉ង់៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា



