អ៊ុយក្រែនកោះហៅប្រេសិតកាណាដាជុំវិញការដឹកជញ្ជូនទួរប៊ីនត្រឡប់ទៅអាល្លឺម៉ង់វិញ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គីនិយាយថា អ៊ុយក្រែនបានកោះហៅប្រេសិតកាណាដាប្រចាំប្រទេសខ្លួនដើម្បីតវ៉ានឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលកាណាដាក្នុងការប្រគល់ទួរប៊ីនទៅឱ្យអាល្លឺម៉ង់សម្រាប់ការជួសជុលបំពង់បង្ហូរហ្គាសពីរុស្ស៊ីNord Stream 1 ។
ក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទ លោក ហ្សេលេនស្គី ថ្កោលទោសទង្វើរបស់កាណាដាថាជាការរំលោភលើការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ហើយព្រមានថាវានឹងត្រូវបានចាត់ទុកដោយទីក្រុងម៉ូស្គូថាជា«ការបង្ហាញនៃភាពទន់ខ្សោយ»។
ការសម្រេចចិត្តរបស់កាណាដាក្នុងការប្រគល់ទួរប៊ីនឱ្យអាឡឺម៉ង់ ដែលអាចជួយធានាឱ្យមានលំហូរថាមពលបន្តរហូតដល់អឺរ៉ុបអាចបញ្ចប់ការពឹងផ្អែកហ្គាសរបស់រុស្ស៊ី បង្កឱ្យមានកំហឹងពីរដ្ឋាភិបាលអ៊ុយក្រែន ក៏ដូចជាក្រុមតស៊ូមតិអ៊ុយក្រែននៅក្នុងប្រទេសកាណាដា។
ក្រសួងថាមពល និងក្រសួងការបរទេសរបស់អ៊ុយក្រែន និយាយថា ការសម្រេចចិត្តនេះគឺស្មើនឹងការកែសម្រួលទណ្ឌកម្មដែលដាក់លើទីក្រុងម៉ូស្គូ បន្ទាប់ពីការឈ្លានពានអ៊ុយក្រែនចាប់ផ្ដើមឡើងនៅចុងខែកុម្ភៈ។ កាលពីថ្ងៃចន្ទ ក្រុមតស៊ូមតិសភាកាណាដារបស់អ៊ុយក្រែនក៏អំពាវនាវឱ្យគណៈកម្មាធិការសភាបើកសវនាការលើការសម្រេចចិត្តរបស់រដ្ឋាភិបាលដោយនិយាយថាការផ្លាស់ប្តូរ«នឹងជំរុញរុស្ស៊ីឱ្យមានការឈ្លានពានបន្ថែមទៀត» នៅអ៊ុយក្រែន។
ប៉ុន្តែរដ្ឋាភិបាលកាណាដាបានការពារការសម្រេចចិត្តរបស់ខ្លួនដោយនិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថាខ្លួនកំពុងចេញ«ការអនុញ្ញាតដែលមានកំណត់និងអាចដកហូតបាន» ដើម្បីលើកលែងចំពោះការបញ្ជូនត្រឡប់នូវទួរប៊ីនពីទណ្ឌកម្មរុស្ស៊ីរបស់ខ្លួន។
កាលពីខែមុន រុស្ស៊ីបានលើកឡើងថាការពន្យារនៃការបញ្ជូនទួរប៊ីនត្រឡប់ទៅអាល្លឺម៉ង់គឺជាហេតុផលនៃការកាត់បន្ថយលំហូរផ្គត់ផ្គង់ហ្គាសរបស់ខ្លួនទៅអាល្លឺម៉ង់។ អឺរ៉ុបដែលព្យាយាមកាត់បន្ថយការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីក្រោយសង្រ្គាមនៅអ៊ុយក្រែន នាំចូលហ្គាសប្រហែល ៤០ភាគរយ និងប្រេង៣០ភាគរយពីរុស្ស៊ី។ បំពង់បង្ហូរNord Stream 1 បង្ហូរហ្គាស ៥៥ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំពីរុស្ស៊ីអាល្លឺម៉ង់តាមក្រោមសមុទ្របាល់ទិក។

ប្រភព៖ Aljazeera