​​សភាស្រីលង្កា​នឹងបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​​ថ្មី នៅថ្ងៃ២០កក្កដា ​ក្រោមការទាមទារ​​ពី​ក្រុមតវ៉ា​រាប់សិបម៉ឺននាក់​

ទោះ​បី​​​បាន​ចចេស​​​​មិន​ចុះ​ចេញ​ពី​តំណែង​​ប្រធានា​​ធិបតី​​របស់​លោកប្រធានាធិបតី​ដែល​ត្រៀម​ដើរ​ចេញ​ ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ​​ក្នុង​​​ការទាមទារ​របស់​ប្រជាជន​​ស្រីលង្កា​កាល​ពី​ខែ​​​មេសា​និងងឧសភា ដោយ​​​ប្តេជ្ញា​ថា​​លោក​នឹង​នៅ​​កាន់តួនាទី​​នេះ​​​​រហូតដល់​ចប់​អាណត្តិ​​រហូត​ដល់​​យ៉ាងហោច​ណាស់​​​​ដល់​ខែ​​កញ្ញា​ឆ្នាំ​២០២៤ ប៉ុន្តែ​មហាជន​ស្រីលង្កា​មិន​អាច​ទប់​​កំហឹង​​ជាប់​ ស្រប​ពេល​វិបត្តិសង្គម​​កាន់តែ​ធ្ងន់​ធ្ងរឡើងៗ។

មនុស្ស​រាប់​រាប់ម៉ឺននាក់​​ បាន​​ដើរចេញ​តវ៉ា​សំដៅ​​​និវេសនដ្ឋាន​របស់​ប្រធានា​ធិបតី និង​នាយក​រដ្ឋ​​មន្ត្រី​​​ស្រី​លង្កា​ចាប់​តាំង​ចុង​សប្តាហ៍​​កន្លង​មក រហូត​ដល់​​ប្រមុខ​ដឹក​នាំ​ប្រទេស​​​​ទាំង​ពីរ​រូប​ចេញ​មុខ​​​សារភាព​ចុះ​ចេញ​​ពីដំណែង​នៅថ្ងៃ​ពុធ​នេះ ដើម្បី​បើក​ផ្លូវ​​ឲ្យ​រដ្ឋ​សភា​​​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់សមាសភាព​ថ្មីដែល​គ្រោង​ធ្វើ​នៅថ្ងៃ​ទី​២០​ខែ​​កក្កដា​​ ដោយ​មាន​សមាសភាព​មក​ពី​ចម្រុះ​គណ​​បក្ស​សម្រាប់​រដ្ឋាភិបាលថ្មី។​ នេះ​​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​​​បណ្តាញ​ព័ត៌មាន Al Jazeera ​ដែល​មានមូល​ដ្ឋាន​នៅ​ប្រទេស​កាតា​​ក្នុង​តំបន់​មជ្ឈឹមបូព៌ា​។​

បណ្តា​ញ​ផ្សព្វផ្សាយ​អន្តរជាតិ​នានា​ បានអះអាងថា ក្រុមអ្នកតវ៉ា​គ្រោង​អំពាវនាវ​ឲ្យ​មាន​ការចេញតវ៉ា​ទូទាំងប្រទេស​​នៅថ្ងៃព្រហស្បតិ៍​​ បើសិ​ន​ជា​​ លោក​ប្រធាធិបតី​និង​នាយករដ្ឋមន្ត្រី​មិន​ព្រម​ចុះ​ចេញ​ពីដំណែង​​ដូច​ដែល​ពួក​គេ​បានសន្យា​នៅពេល​ដែល​ប្រជាជន​រាប់​ពាន់ រាប់ម៉ឺន​ នាក់​បាន​សម្រុក​ចូល​និវេសនដ្ឋាន​​នោះ។  ​

លោក​ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ​​​ទើប​តែ​​ធ្វើ​ជា​ប្រធានា​​ធិបតី​ក្នុង​អាណត្តិនេះ​​ប៉ុណ្ណោះ ប៉ុន្តែ​​​​​លោក​បានតែងតាំង​​​បងប្រុស​របស់​លោក លោក ម៉ា​ហ៊ី​ន​ដា យ៉ា​ប៉ា អា​បេ​យ​វ៉ា​ដា​ណា (Mahinda Yapa Abeywardana) ឲ្យ​ធ្វើជា​នាយក​រដ្ឋ​មន្ត្រី ដែល​ធ្លាប់​ធ្វើ​ជា​ប្រធានាធិបតី​ប្រទេស​ដែន​កោះនេះ​​ចំនួន​១០ឆ្នាំ​គឺ​ចន្លោះ​ឆ្នាំ​២០០៥ ដល់​២០១៥។​

​​លោក ម៉ា​ហ៊ី​ន​ដា យ៉ា​ប៉ា អា​បេ​យ​វ៉ា​ដា​ណា ដែលត្រូវ​ជាបង​ប្រុស​​​របស់​ប្រធានាធិបតី​​​​បច្ចុប្បន្ន​ ក៏ធ្លាប់​បាន​កាន់​កាប់​ជានាយកដ្ឋ​​រដ្ឋ​មន្ត្រី​ចំនួន​បី​លើក​ដែរ គឺនៅ​​ឆ្នាំ​២០០៤២០០៥ និងរយៈពេលខ្លី​ក្នុងឆ្នាំ​២០១៨ និង​ចន្លោះ​ឆ្នាំ​២០១៩ ដល់​​២០២២។

​ចំណែក​​នាយ​ក​រដ្ឋមន្ត្រី​ រ៉ានី​ល វី​ក​ក្រេ​ម៉េ​ស៊ី​ង​ហេ (Ranil Wickremesinghe) ​ដែល​ទើប​​មក​ជំនួស​​​លោកម៉ា​ហ៊ី​ន​ដា យ៉ា​ប៉ា អា​បេ​យ​វ៉ា​ដា​ណា ដែល​បាន​លាលែង​ពី​នាយករដ្ឋមន្ត្រីកាល​ពី​ខែ​​​​មេសានោះ ​ធ្លាប់​បាន​កាន់កាប់​ដំណែង​នាយករដ្ឋមន្រ្តី​នៃ​ប្រទេសស្រីលង្កា​ចំនួន​៤​ដង​រួច​មក​ហើយ គឺ​នៅ​​ចន្លោះ​២០០១​ដល់​២០០៤ ចន្លោះឆ្នាំ​២០១៥​ដល់​២០១៨ ហើយ ជំនួស​ដោយ​លោក ម៉ា​ហ៊ី​ន​ដា យ៉ា​ប៉ា អា​បេ​យ​វ៉ា​ដា​ណាវិញ​មួយរយៈ រូច​ក៏បន្ត​កាន់កាប់​តួនាទី​នេះ​ពី​២០១៨ ដល់​២០១៩ និងចុងក្រោយ​នេះ​ចាប់​ពី​ខែ​មេសា​​ដល់​បច្ចុប្បន្ន​​​ ដែលសន្យា​ចុះ​ចេញ​នៅថ្ងៃ​ពុធ​នេះ​។ នេះ​បើ​យោង​តាម​​​​​​​ឆាត​ដល់​រៀ​ប​រៀង​ដោយ​ Al Jazeera។

កាសែត New York Times របស់​របស់​អាមេរិក​កាលពី​ថ្ងៃ១២ខែមេសា​បាន​ចុះផ្សាយ​​​អំពី​ការ​ធ្វើទុក​បុក​ម្នេញ​​លើ​​អ្នក​នយោបាយ​ផ្សេងទៀត​ដែល​មាន​និន្នាការ​ប្រឆាំង​នយោបាយ​​ដែល​មាន​លក្ខណៈ​​​​​​ក្រុមគ្រួសារ​​​​​និយម​​មួយនេះ​។

​New York Times បាន​អះអាងថា ដើម្បី​ធានា​អនាគត​នយោបាយ​របស់​គ្រួសារ​លោក ប្រធានាធិបតី Rajapaksa អាយុ៧២ឆ្នាំ បាន​បំផ្លាញ​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ ចាប់​ដាក់គុក​អ្នកប្រឆាំង និង​កម្ចាត់​បក្សប្រឆាំង ក្នុងពេល​កន្លងមក។

​ប្រធានាធិបតី​​​ដែល​បានឡើង​​កាន់អំណាច​​​​ចាប់​ពី​ឆ្នាំ​២០១៩​មក​នោះ បាន​ពង្រីក​អំណាច​ប្រធានាធិបតី​របស់គាត់យ៉ាងខ្លាំង ដោយរក្សា​ទុក​​រដ្ឋាភិបាល​​​ដែល​មាន​​​សាច់ញាតិ​របស់​​ខ្លួន​​​ក្នុង​​ជួរ​កងទ័ព  យោធា និង​ព្រះសង្ឃ​ស្តាំនិយម​ដែល​ស្រប​នឹង​គំនិត​ច្បាប់​និង​សណ្តាប់ធ្នាប់​​​ដែល​គាត់បាន​​គូសវាស់​ឡើង​។

អត្ថបទ​ស្រាវជ្រាវ​មួយ​​ដែលចេញ​ផ្សាយ​​ដោយ​ East Asia Forum​ ដែល​មានចំណង​ជើងថា ​​​ឆ្នាំ​នៃ​បរាជ័យ​​ផ្នែក​គោល​នយោបាយ និង​​កូវីដ​​រុញ​​ស្រីសង្កា​​ទៅក្នុង​វិបត្តិ​ដ៏ជ្រៅ​ (Years of policy failure and COVID throw Sri Lanka into deep crisis) បាន​​​ពន្យល់​ហេតុផល​ថា ស្ថានការណ៍​គឺជា​ចំណុចកំពូលនៃកត្តាសេដ្ឋកិច្ច និងនយោបាយជាច្រើន ដែល​បាន​កើតឡើងជាបន្តបន្ទាប់។ ប្រទេស​ស្រីលង្កា​បាន​ជួប​​ប្រទះ​នឹង​អស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ការ​ជាប់គាំង​សេដ្ឋកិច្ច និង​បរិយាកាស​អាជីវកម្ម​ដែល​ប្រែប្រួល​អស់​ជាច្រើន​​ទសវត្សរ៍​មក​ហើយ។ ប្រទេស​នេះ​​ក៏ត្រូវបានទទួលរងពីបញ្ហាឱនភាព​​ពីរ​ នោះគឺ សមតុល្យនៃការទូទាត់ ការប្តូរប្រាក់បរទេស និងឱនភាពសារពើពន្ធ  ដោយសារតែ​ការគ្រប់គ្រង​សេដ្ឋកិច្ច​មិនត្រឹមត្រូវ និងអំពើពុករលួយជាច្រើនឆ្នាំ។

សមាមាត្រនៃប្រាក់ចំណូលរបស់រដ្ឋាភិបាលទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) មិន​មាន​តុល្យភាព​អស់​រយៈពេល​ជាច្រើនឆ្នាំ។ គោលនយោបាយ​សេដ្ឋកិច្ចចាប់​តាំងពី​ទសវត្សរ៍ឆ្នាំ ១៩៩០​ បានឃើញ​ការរួមបញ្ចូលគ្នានៃការលើកលែងពន្ធ និង​ការ​កាត់​បន្ថយ​សម្រាប់​សាជីវកម្មអ្នកមាន និង​សាជីវកម្ម​ពហុជាតិ។

​​អត្ថបទស្រាវជ្រាវនោះ​បាន​បង្ហាញ​ដែរថា ការ​សម្រេច​ចិត្ត​គោល​នយោបាយ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ការ​ប្រមូល​ចំណូល​របស់​រដ្ឋាភិបាល​ធ្លាក់​ចុះ​ជា​លំដាប់។ នៅឆ្នាំ ២០២១​ ប្រាក់ចំណូល​ពន្ធរបស់​ប្រទេសស្រីលង្កាមានចំនួនត្រឹមតែ ៩,៦​ភាគរយ​នៃផលិតផល​ក្នុងស្រុក​សរុបធៀប​នឹងការចំណាយរបស់រដ្ឋាភិបាលជិត ២០​ភាគរយ​នៃ​ផលិតផលក្នុងស្រុកសរុប។

ការសិក្សា​ស្រាវជ្រាវ​នោះ​ក៏បាន​បង្ហាញ​ដែរថា​ បញ្ហា​ឱនភាព​​​អាស្រ័យ​លើ​ទីផ្សារ​ខាងក្រៅ​ប្រទេស​​ដែល​បង្កើត​ឡើង​ដោយការនាំចូលខ្ពស់ ការនាំចេញទាប និង​ការកើនឡើងបំណុល​រដ្ឋ​កាន់តែ​ច្រើន​ឡើង​ៗ​។ អនុបាតបំណុលអន្តរជាតិ​ ធៀប​នឹង​ផលិត​​ផល​ក្នុងស្រុក​សរុប​ (GDP) ដែលបានធ្លាក់ចុះក្នុងឆ្នាំ ២០០៩​មក បានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ ២០១៤​​។

បន្ទាប់ពីបាន​​រំកិល​ខ្លួន​​មាន​ឋានៈ​ជា​​ប្រទេស​មានចំណូលមធ្យមក្នុងឆ្នាំ១៩៩៧​ ប្រាក់​កម្ចី​សម្បទាន​​ពីភ្នាក់ងារពហុភាគី និងម្ចាស់ជំនួយទ្វេភាគីបានក្លាយទៅជាមិនអាចប្រើប្រាស់បាន ហើយ​ស្រីលង្កាបានងាកទៅរកទីផ្សារមូលធនអន្តរជាតិ​សម្រាប់កម្ចីពាណិជ្ជកម្ម។ សមាសភាពបំណុលបរទេសរបស់ប្រទេសស្រីលង្កាឥឡូវនេះមានទំនោរទៅរកប្រាក់កម្ចីពាណិជ្ជកម្ម ដោយ​មានការ​ពឹងផ្អែក​កាន់តែ​ខ្លាំង​ឡើង​លើមូលបត្រ​បំណុល​អធិបតេយ្យ​ភាព​អន្តរជាតិ​។

ប្រទេស​ដែន​កោះ​ដែល​មាន​ប្រជាជន​​២២​លាន​នាក់​និង​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ចំណូល​ពីវិស័យ​ទេសចរណ៍​​ដែល​​កាត់ផ្តាច់​ដោយ​វិបត្តិកូវីដ១៩​​​ចាប់តាំងពី​ដើម​ឆ្នាំ​២០២០ ​​ស្រីលង្កា​​បាន​ខក​ខា​​ន​បង់ប្រាក់ចំនួន ៧៨​លានដុល្លារ ដល់ម្ចាស់បំណុលអន្តរជាតិ ​ហើយ ទេសាភិបាល​ធនាគារកណ្តាល​​​ស្រីលង្កា លោក Nandalal Weerasinghe បាននិយាយថា «ជំហររបស់​យើងគឺច្បាស់ណាស់៖ ដរាបណា​​មាន​ការរៀប​ចំរចនាសម្ព័ន្ធបំណុល​​ឡើង​វិញ​ យើង​មិន​អាចសង​វិញបានទេ»​។ នេះ​បើ​តាម​សារព័ត៌មាន​ The Guardian ​របស់ចក្រភព​អង់គ្លេស​។

ប្រទេស​ស្រីលង្កា​បាន​ផ្អាក​ការ​សង​ប្រាក់​កម្ចី​អន្តរជាតិ​ប្រហែល ៧ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ ដែល​ក្នុង​ចំណោម​បំណុល​បរទេស​សរុប​ដែល​មាន​តម្លៃ ៥១ ពាន់​លាន​ដុល្លារ។ ក្រសួង​ហិរញ្ញវត្ថុស្រីលង្កា​ បាននិយាយថា ខ្លួន​មាន​ទុនបម្រុង​បរទេស​ដែលមិនអាច​ប្រើប្រាស់​បាន​ចំនួន ២៥​លានដុល្លារ។

ថ្វី​បើរដ្ឋសភា​​​ដែល​មាន​២២៥​កៅអី​​គ្រោងបោះឆ្នោត​ផ្តល់សេចក្តីទុក​ចិត្ត​​សម្រាប់​ក្បាល​ម៉ាស៊ីន​រដ្ឋ​​ថ្មី​ ដើម្បី​ត្រៀម​ដោះស្រាយ​​វិបត្តិ​​ដែល​កំពុង​ប្រឈម​តាមរយៈការ​ចរចា​​ជាមួយ​​​ប្រទេសផ្សេងៗ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​នានា​ក៏ដោយ ក៏​ប្រទេសនេះ​​មិន​ប្រាកដ​​ជ្រើស​រើស​បាន​​បេក្ខភាព​ថ្មី​​នោះដែរ ព្រោះ​​​ប្រមុខ​ដឹក​នាំ​ប្រទេស​នេះ​បច្ចុប្បន្ន​​​​សុទ្ធ​សិងតែ​ដឹកនាំឆ្លាស់​ចុះ​ឆ្លាស់​ឡើង​​​អស់ជាច្រើន​ឆ្នាំ ខណៈ​សមាសភាព​​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​​​​ទាមទារ​​ការ​ស្នើ​សុំ​បេក្ខភាព​​ទៅរដ្ឋ​​ត្រឹមថ្ងៃ​១៩​​​កក្កដានេះ​។

​ការ​បោះឆ្នោត​នឹង​ត្រូវ​រៀបចំឡើង​​នៅថ្ងៃ​បន្ទាប់ ដោយ​បន្ត​​ធ្វើ​ការ​សម្រេច​ចិត្ត នៅ​​កិច្ច​ប្រជុំ​​មេដឹក​នាំ​​នយោបាយ​​ដឹក​នាំ​ដោយ​​​ប្រធាន​រដ្ឋ​សភាស្រី​លង្កា​ លោក​  Mahinda Yapa Abeywardena។ ​

​​លោក​  Mahinda Yapa Abeywardena បាន​លើក​ឡើង​ក្នុងសេចក្តីថ្លែងការណ៍ថា៖​«អំឡុង​ពេល​ជួបប្រជុំ​​​មេដឹកនាំ​​​បក្ស​​​ ដែលបាន​ធ្វើ​ឡើង​ មាន​​ការ​ព្រមព្រៀង​​ថា មាន​សារៈ​សំខាន់​​​​ដើម្បី​ធានា​​រដ្ឋាភិបាល​មក​ពី​គ្រប់បក្ស​នយោបាយ ស្រប​តាម​​រដ្ឋធម្មនុញ្ញ​»។ ​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner