អាមេរិក៖ ​អ៊ីរ៉ង់​នឹង​បញ្ជូន​ដ្រូន​ប្រដាប់​​អាវុធ​ទៅ​រុស្ស៊ី​ដើម្បី​ប្រើ​ក្នុង​សង្រ្គាម​ឈ្លាន​ពាន​អ៊ុយក្រែន​

សេតវិមាន​​និយាយ​ថា​ ប្រទេស​រុស្ស៊ី​កំពុង​ងាក​ទៅ​រក​អ៊ីរ៉ង់​ ដើម្បី​ឱ្យ​ជួយ​ផ្ដល់​នូវ​យន្តហោះ​គ្មាន​មនុស្ស​បើក​ (​ដ្រូន​)​ រាប់​រយ​គ្រឿង​ រួម​ទាំង​ដ្រូន​ប្រដាប់​អាវុធ​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ឈ្លាន​ពាន​ដែល​កំពុង​បន្ត​របស់​ខ្លួន​នៅ​អ៊ុយក្រែន​។​​

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ លោក​ជេក​ស៊ូលីវ៉ាន់​ (Jake Sullivan)​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ វា​មិន​ច្បាស់​ទេ​ថា​ តើ​អ៊ីរ៉ង់​​ផ្តល់​ដ្រូន​ប្រភេទ​ណា​មួយ​ដល់​រុស្ស៊ី​រួច​ហើយ​ឬ​ក៏​អត់​ ប៉ុន្តែ​​សហរដ្ឋ​អាមេរិក​មាន​«​ព័ត៌មាន​»​ ដែល​បង្ហាញ​ថា​ អ៊ីរ៉ង់​កំពុង​រៀប​ចំ​បណ្តុះ​បណ្តាលការ​ប្រើ​ប្រាស់​ដល់​​កង​កម្លាំង​រុស្ស៊ី​​​​ឱ្យ​បាន​ឆាប់​ក្នុង​ខែនេះ​។

លោក​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖​ «​ព័ត៌មាន​របស់​យើង​បង្ហាញ​ថា​ រដ្ឋាភិបាល​អ៊ីរ៉ង់​កំពុង​រៀប​ចំ​ផ្តល់​ឱ្យ​រុស្ស៊ី​នូវ​ដ្រូន​ជា​ច្រើន​រយ​គ្រឿង​ រួម​ទាំង​ដ្រូន​ដែល​អាច​បំពាក់​អាវុធ​»​។​ លោក​បន្ត​ថា​ ​វា​គឺ​ជា​ភស្តុតាង​ដែល​ថា​ ការ​ទម្លាក់​គ្រាប់​បែក​ដ៏​លើស​លប់​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​នេះ​​ផ្ដល់​នូវ​ផល​វិបាក​លើ​ការ​ទ្រ​ទ្រង់​ផ្នែក​សព្វា​វុធ​របស់​ខ្លួន​ធ្វើ​ឱ្យ​​អស់​ដ្រូន​ប្រដាប់​អាវុធ​។​ ​

ការ​លាត​ត្រដាង​របស់​លោក​ស៊ូលីវ៉ាន់ ​ធ្វើ​ឡើង​មុន​ថ្ងៃ​លោក​ប្រធានា​ធិបតី​ ចូ ​បៃដិន ​ធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​ និង​អារ៉ាប៊ីសាអូឌីត​ ដែល​នឹង​ពិភាក្សា​លើ​ប្រធាន​បទ​សំខាន់​ៗ​រួម​បញ្ចូល​ទាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ និង​គោល​នយោបាយ​ក្នុង​តំបន់​។​ ​

លោក​ស៊ូលីវ៉ាន់​​កត់​សម្គាល់​ថា​ អ៊ីរ៉ង់​បាន​ផ្តល់​ដ្រូន​ស្រដៀង​គ្នា​នេះ ​ដល់​ក្រុម​ឧទ្ទាម​ហ៊ូធី​(Houthi)​របស់​យេម៉ែន​ ដើម្បី​វាយ​ប្រហារ​អារ៉ាប៊ីសាអូឌីត​ មុន​ពេល​បទ​ឈប់​បាញ់​​សម្រេច​ឡើង​នៅ​ដើម​ឆ្នាំ​នេះ​។​​

ដ្រូន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ភាគី​ទាំង​​ទាំង​សង​ខាង​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​អ៊ុយក្រែន​​រាប់​តាំង​ពី​ការ​បាញ់​មីស៊ីល​ពី​ចម្ងាយ​ រហូត​ដល់​ការ​ទម្លាក់​គ្រាប់​បែក​តូច​ៗ​លើ​គោលដៅ​ ធ្វើ​ការ​ឈ្លប​យក​​ការណ៍​សម្រាប់​កង​កម្លាំង​កាំភ្លើង​ធំ​ និង​កង​ទ័ព​ជើង​គោក​។​

កង​កម្លាំង​របស់​អ៊ុយក្រែន​ ទទួល​ជោគ​ជ័យ​ជា​ពិសេស​ក្នុង​ការ​ប្រើ​ប្រាស់​ដ្រូន​ប្រយុទ្ធ​ប្រដាប់​អាវុធ​Bayraktar ​ដែល​ផលិត​ដោយ​តួកគី​ ហើយ​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ផ្សេង​ទៀត​ផ្គត់​ផ្គង់​ទីក្រុង​កៀវ​នូវ​ប្រភេទ​ដ្រូន​​តូច​ៗ​ជា​ច្រើន​ប្រភេទ​ បន្ថែម​ពី​លើ​សព្វា​វុធ​ផ្សេង​ៗ​​ដូច​ជា​កាំភ្លើង​ធំ​ អាវុធ​ប្រឆាំង​យន្តហោះ ​អាវុធ​ប្រឆាំង​រថ​ក្រោះ​ រថ​ពាស​ដែក​និង​ឧទ្ធម្ភាគ​ចក្រ​ជាដើម​ ដែល​សរុប​ជា​រួម​ក្នុង​តម្លៃ​រាប់​ពាន់​ប៊ីលាន​ដុល្លារ​។​

លោក​ ស៊ូលីវ៉ាន់និយាយ​ថា​៖​ «​តាម​ទស្សនៈ​របស់​យើង​ យើង​នឹង​បន្ត​ធ្វើ​ការងារ​របស់​យើង​ ដើម្បី​ជួយ​ទ្រ​ទ្រង់​ការ​ការពារ​អ៊ុយក្រែន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​ដើម្បី​ជួយ​ប្រជាជន​អ៊ុយក្រែន​បង្ហាញ​ថា​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រុស្ស៊ី​ក្នុង​ការ​ព្យាយាម​លុប​អ៊ុយក្រែន​ចេញ​ពី​ផែនទី​មិន​អាច​ទទួល​បាន​ជោគ​ជ័យ​ទេ​»​។​

លោក​​Michael Kofman ​នាយក​កម្មវិធី​ស្រាវ​ជ្រាវ​កម្មវិធី​សិក្សា​​ពី​រុស្ស៊ី​នៅ​មជ្ឈមណ្ឌល​វិភាគ​កង​ទ័ព​ជើង​ទឹក​និយាយ​ប្រាប់​សារព័ត៌មាន​Politico ​ថា​ ទាហាន​រុស្ស៊ី​អាច​ត្រូវ​បាន​បណ្តុះ​បណ្តាល​ឱ្យ​ប្រើ​បច្ចេក​វិទ្យា​យ៉ាង​ឆាប់​រហ័ស​។​ ប៉ុន្តែ​​​បើ​​គ្មាន​​ចំណេះ​ដឹង​​ជាក់​លាក់​​អំពី​ដ្រូន​ទេ​ វា​​ពិបាក​​ក្នុង​​ការ​​​​​កំណត់​​​ពេល​វេលា​​ច្បាស់​លាស់​។​

លោក ​Kofman ​​និយាយ​ទៀត​ថា​៖​ «​កង​កម្លាំង​រុស្ស៊ី​បាន​បាត់​បង់​ដ្រូន​​ឈ្លប​យកការណ៍​ក្នុង​ចំនួន​ដ៏​ច្រើន​។​ សមត្ថភាព​ផលិត​ដ្រូន​ប្រដាប់​អាវុធ​ផ្ទាល់​របស់​រុស្ស៊ី​ នៅ​តែ​រីក​ចម្រើន​។​ ​ពួក​គេ​ប្រហែល​ជា​ចាប់​អារម្មណ៍​នឹង​ដ្រូន​ប្រយុទ្ធ​​​ដែល​​ជា​​វិស័យ​​មួយ​​ដែល​​អ៊ីរ៉ង់​​អាច​​មាន​​សមត្ថភាព​​ខ្លាំង​​​»​។​​

មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​​ពី​រដ្ឋា​ភិបាល​ អ៊ីរ៉ង់​ ក៏​ដូច​ក្រុង​ម៉ូស្គូ​ ដែល​កង​កម្លាំង​របស់​ខ្លួន​កំពុង​សម្រុក​ប្រយុទ្ធ​នៅ​ខេត្ត​ដុនណិតស្ក៍​នៃ​តំបន់​​ដុន​បាសរបស់​អ៊ុយក្រែន​​នោះ​ទេ​។​ ប៉ុន្តែ​​បើ​​ការ​​ចោទ​​ប្រកាន់​​របស់​​អាមេរិក​​ជា​​ការ​​ពិត​​ការ​​ទិញ​​ដ្រូន​​អ៊ីរ៉ង់​​ បង្ហាញ​សញ្ញា​ថា​រុស្ស៊ី​កំពុង​ស្រវេ​ស្រវា​ខ្វះ​ជម្រើស​ ដោយ​សារ​ភាព​ឯកោ​ផ្នែក​សេដ្ឋកិច្ច​។​ នេះ​បើ​យោង​តាម​មន្ត្រី​អាមេរិក​ដែល​ដឹង​អំពី​ស្ថានការណ៍​នេះ​។​

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ កាសែត​ជំនួញ​រុស្ស៊ី​Kommersant​បាន​ចុះ​ផ្សាយ​ថា​រុស្ស៊ី​បាន​ជួប​ប្រទះ​នឹង​ការ​ខ្វះ​ខាត​ដ្រូន​ពាណិជ្ជកម្ម​ ដែល​អាច​ប្រើ​សម្រាប់​ការ​ស៊ើបការណ៍​សម្ងាត់​ ការ​ឃ្លាំ​មើល​ និង​ការ​ឈ្លប​យក​ការណ៍​ខណៈ​តម្រូវ​ការ​ពី​យោធា​កើន​ឡើង​​ ហើយ​ចិន​ចេញ​ពី​ទីផ្សារ​ផ្គត់​ផ្គង់​។​ យោង​តាម​លោក​Ruslan Pukhov ​ប្រធាន​មជ្ឈ​មណ្ឌល​សម្រាប់​ការ​វិភាគ​យុទ្ធ​សាស្ត្រ ​និង​បច្ចេក​វិទ្យា​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ូស្គូ​ដ្រូន​ពាណិជ្ជកម្ម​ជា​ច្រើន​ត្រូវ​បញ្ជូន​ទៅ​ជួយ​ទាហាន​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​​ ខណៈ​អ៊ុយក្រែន​ត្រូវ​បាន​គេ​រាយការណ៍​ថា​ប្រើ​ដ្រូន​ប្រភេទ​នេះ​ជាង​ ៦ ០០០ ​គ្រឿង​ក្នុង​សម​រភូមិ​។​

តាម​ការ​ប្រកាស​របស់​លោក ​ស៊ូលីវ៉ាន់​កាល​ពី​ថ្ងៃ​ចន្ទ​ វា​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​អ៊ីរ៉ង់​រង​ការ​ចោទ​ប្រកាន់​ថា​អាច​នឹង​បញ្ជូន​សព្វា​វុធ​ទៅ​ឱ្យ​រុស្ស៊ី​ក្រោយ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​។​ កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា ​​កាសែត ​ឌឹហ្គាដៀន ​បាន​រាយការណ៍​​ ដោយ​ស៊ើប​ព័ត៌មាន​ពី​សមាជិក​នៃ​កង​ជីវពល​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ និង​សេវា​ស៊ើបការណ៍​ក្នុង​តំបន់​ថា​ រុស្ស៊ី​បាន​ទទួល​បាន​គ្រឿង​ផ្ទុះ​ និង​សម្ភារៈ​​យោធា​ផ្សេង​ទៀត​រួម​ទាំង​មីស៊ីល​ប្រឆាំង​រថ​ក្រោះ​និង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ពី​អ៊ីរ៉ាក់​ តាម​​ជំនួយ​ពី​បណ្តាញ​រត់​ពន្ធ​អាវុធ​របស់​អ៊ីរ៉ង់​ ដើម្បី​យក​ទៅ​ប្រើ​នៅ​អ៊ុយក្រែន​។​  យ៉ាង​ណា​មិញ​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​តេអេរ៉ង់​​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​​អ៊ីរ៉ង់​មិន​​ពាក់​ព័ន្ធ​ក្នុង​ការ​ផ្គត់​ផ្គង់​អាវុធ​ពី​អ៊ីរ៉ាក់​ដល់​រុស្ស៊ី​ទេ​ ហើយ​ព័ត៌មាន​នៃ​ការ​ចោទ​ប្រកាន់​គឺ​ក្លែង​ក្លាយ​។​​

រហូត​មក​ទល់​ពេល​នេះ​អ៊ីរ៉ង់​​មិន​​ថ្កោល​ទោស​​ការ​​ឈ្លាន​ពាន​អ៊ុយក្រែន​​របស់​​រុស្ស៊ី​​​ទេ​ដោយ​បាន​ត្រឹម​​​តែ​​អំពាវ​នាវ​​ឲ្យ​​មាន​កិច្ច​ចរចា​​ការ​ទូត​​ដើម្បី​​បញ្ចប់​«​ជម្លោះ​»​​ប៉ុណ្ណោះ​។​ហើយ​សូម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ទីក្រុង​តេអេរ៉ង់​ ក៏​មិន​ប្រើ​ពាក្យ​ឈ្លាន​ពាន​នៅ​ពេល​និយាយ​អំពី​សង្គ្រាម​ដែរ​។​

ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ ​នឹង​មាន​​​ផល​​ប៉ះពា​ល់​​ក្នុង​​ឆាក​​នយោបាយ​​របស់​​អ៊ីរ៉ង់​។​ អតីត​មន្ត្រី ​និង​អ្នក​វិភាគ​ជា​ច្រើន​​ រិះ​គន់​ទំនាក់​ទំនង​ជិត​ស្និទ្ធ​របស់​ទីក្រុង​តេអេរ៉ង់​ជាមួយ​ទីក្រុង​ម៉ូស្គូ ​និង​ការ​ពឹង​ផ្អែក​លើ​រុស្ស៊ី​ ខណៈ​ដែល​កិច្ច​ចរចា​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អាមេរិក​បាន​ជាប់​គាំង​។​

នា​ពេល​នេះ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​ស្ថិត​ក្នុង​វិបត្តិ​ ខណៈ​ដែល​ទណ្ឌកម្ម​របស់​អាមេរិក​នៅ​តែ​បន្ត​ ហើយ​អ្នក​រិះ​គន់​និយាយ​ថា ​ជំនួស​ឱ្យ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ រដ្ឋាភិបាល​កាន់​តែ​ខិត​ទៅ​ជិត​ទី​ក្រុង​ម៉ូស្គូ​។​

ប្រភព៖ TRT World

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner