​អាហ្សង់ទីន​​​នៅអាមេរិក​​​ខាងត្បូងរំពឹង​​​​​​​​ចូល​ BRICS ដើម្បី​​កា​រអភិវឌ្ឍ​​សេដ្ឋកិច្ច​​​​

ប្រទេស​អាហ្សង់ទីន​ដែល​ស្ថិតនៅ​អាមេរិក​ខាងត្បូង​បាន​បង្ហាញ​ចំណាប់អារម្មណ៍​​ចូលជាសមាជិក​នៃ​​​​ BRICS ដែល​ជា​ក្រុមប្រទេស​​កំពុង​អភិវឌ្ឍ​សេដ្ឋកិច្ច​​ចំនួន​ប្រាំ ​​ដោយ​​សង្ឃឹមថា​​ ការចូលរួមជាមួយ BRICS នឹង​ជួយ​ដល់ការអភិវឌ្ឍន៍ពហុភាគីរបស់ខ្លួន ហើយកំពុងទន្ទឹងរង់ចាំសមាជិកភាព។ ​នេះ​បើ​តាមការ​ចេញ​ផ្សាយ​របស់​​​​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី TASS។

លោក Eduardo Zuain ឯកអគ្គរដ្ឋទូតអាហ្សង់ទីន​ប្រចាំ​ទីក្រុង​​ម៉ូ​ស្គូ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ខាងលើ​ថា៖«​បំណងប្រាថ្នា​មួយ​របស់​យើង​គឺត្រូវ​ចាប់ផ្តើម​ធ្វើការ​រួមគ្នា​ជាមួយ​បណ្តា​ប្រទេសធំៗ [BRICS] ហើយអធិការបតីរបស់យើង (រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន Santiago Cafiero)​បាន​បង្ហាញ​ពីទស្សនៈដូចគ្នានេះ។ យើង​ទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​ទីបំផុត​យើង​ចូលរួម​ក្រុមនេះ ហើយ​ ការអភិវឌ្ឍពហុភាគីនឹងជួយយើងឱ្យឆ្ពោះទៅមុខ»។

BRIC គឺជាពាក្យកាត់សម្រាប់​ហៅ​​ប្រទេសកំពុងអភិវឌ្ឍន៍ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។ មេដឹកនាំ​នៃ​ប្រទេស​​​ទាំង​​នេះ​​​ខ្លះ​ជឿ​ថា BRIC ​នឹង​​​ក្លាយ​ជា​អ្នក​ផ្គត់​ផ្គង់​ទំនិញ​ផលិត សេវាកម្ម និង​វត្ថុ​ធាតុ​ដើម​ដ៏​សំខាន់​នៅ​ឆ្នាំ២០៥០​​។ ​​​​​​

ក្រោយពីកិច្ចប្រជុំជាច្រើនលើករបស់មន្ត្រីបច្ចេកទេសចាប់ពីឆ្នាំ២០០៦ BRIC បាន​បើក​កិច្ចប្រជុំដំបូងកំពូលដំបូងក្នុងឆ្នាំ២០០៩  ហើយ មួយឆ្នាំក្រោយមក ពោលគឺ ឆ្នាំ២០១០ ប្រទេសអាហ្រ្វិកខាងត្បូងបានចូលរួមជាមួយក្រុមនេះ ហើយវា​ត្រូវ​បាន​គេ​សរសេរ​កាត់ថា​«BRICS»​។ នេះបើយោងតាម brics2021.gov.in។

ឯកអគ្គរដ្ឋទូត​បាន​បដិសេធ​មិន​​ព្យាករ​អំពី​ពេលវេលា​នៃ​ការ​ចូលរួម។ ដោយ​និយាយ​អំពីការ​រំពឹងទុកសម្រាប់ការពង្រីកទម្រង់ BRICS អ្នកការទូតបានសង្កត់ធ្ងន់ថា «ពិភពលោក​ឥឡូវ​នេះ​ខ្វះ​បរិយាកាស និងឱកាសផ្សេងទៀតដើម្បីធ្វើការសន្ទនា​ផ្លូវ​​​ការ​» ។

​TASS ​បានលើក​ឡើង​ថា ប្រទេស​អាហ្សង់ទីន និង​ប្រទេស​អ៊ីរ៉ង់​ដែលស្ថិតនៅ​តំបន់​មជ្ឈឹម​បូព៌ា​កាល​ពី​ខែមិថុនា ឆ្នាំ២០២២​ បានដាក់ពាក្យចូលរួមជាមួយ BRICS ។ រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ីលោក Sergey Lavrov បាននិយាយថា ប្រទេស​ទាំងនេះ​គឺជា​បេក្ខជន​ដែល​សក្តិសមសម្រាប់ការចូលរួមជាមួយ BRICS ហើយ​ដំណើរការ​រៀប​ចំ​សម្រាប់​ការពង្រីក​អង្គការត្រូវបានចាប់ផ្តើមរួចហើយ៕​

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner