អ៊ីរ៉ង់ថ្កោលទោសលោកខាងលិច ជុំវិញការបំផ្លាញបរិស្ថានជាច្រើនសតវត្សន៍មកនេះ

តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី នៅថ្ងៃអង្គារសប្តាហ៍នេះ បានថ្កោលទោសបណ្តាប្រទេសលោកខាងលិច ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំផ្លាញបរិស្ថានពិភពលោកនារយៈពេលជាច្រើនសតវត្សកន្លងមកនេះ។

លោក រ៉ៃស៊ី បាននិយាយនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់ស្តីពីបញ្ហាបរិស្ថានដែលធ្វើឡើងក្នុងរដ្ឋធានីតេហេរ៉ង់ ថា វិធីសាស្រ្តអនុត្តរភាពរបស់រដ្ឋាភិបាលលោកខាងលិចក្នុងកំលុងសតវត្សកន្លងមក និងការទន្ទ្រានគ្មានដែនកំណត់របស់ពួកគេលើធនធានធម្មជាតិ… គឺជាកត្តាចម្បងមួយនៃបញ្ហាបរិស្ថាន។

លោកថា ប្រទេសលោកខាងលិចគួរតែទទួលខុសត្រូវបន្ថែមទៀត ក្នុងការការពារបរិស្ថាន ដោយលោកបានជំរុញឱ្យបណ្តាប្រទេសលោកខាងលិច ជៀសវាងការប្រើប្រាស់កត្តាបរិស្ថានសម្រាប់ “អាណានិគមនិយមថ្មី” របស់ពួកគេនៅក្នុងវិស័យបច្ចេកវិទ្យា។

បន្ថែមលើនេះ លោក រ៉ៃស៊ី ក៏បានចង្អុលបង្ហាញពីបញ្ហាប្រឈមផ្នែកបរិស្ថានក្នុងតំបន់មួយចំនួន រួមទាំងវិបត្តិនៃការកើនឡើងព្យុះធូលី ការប្រែប្រួលអាកាសធាតុ និងការបំពុលធនធានជីវសាស្រ្តជាដើម។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថា ដំណោះស្រាយចំពោះបញ្ហាទាំងនេះ គឺតម្រូវឱ្យមានការប្តេជ្ញាចិត្តក្នុងតំបន់ និងសកលលោក ហើយថា យន្តការសម្រាប់ការដោះស្រាយបញ្ហាបរិស្ថាន គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការរួមបញ្ចូលគ្នា។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីថ្នាក់តំបន់ នៃកិច្ចសហប្រតិបត្តិការបរិស្ថានសម្រាប់អនាគតកាន់តែប្រសើរឡើង បានប្រព្រឹត្តទៅក្នុងទីក្រុងតេហេរ៉ង់ នៅថ្ងៃអង្គារសប្តាហ៍នេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីផ្សេងទៀតមកពីប្រទេសក្នុងតំបន់ចំនួន ១១៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner