នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បន្តបង្រ្កាបក្មេងទំនើង០២នាក់ក្នុងអំពើឆក់កាបូបនិងទូរស័ព្ទ ០២ករណីផ្សេងគ្នា
ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានចាប់បញ្ជូនជនសង្ស័យជាក្មេងទំនើង០២នាក់ ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ពីបទអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ។ បន្ទាប់ពីកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធ ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង០២នាក់ ជាបន្តបន្ទាប់ ក្នុងសំណុំរឿងអំពើឆក់កាបូបនិងទូរស័ព្ទដៃពីជនរងគ្រោះលើផ្លូវសាធារណៈ ០២ករណីផ្សេងគ្នា ក្នុងខណ្ឌមានជ័យ និងសែនសុខ រាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៥និង៣០នាទីល្ងាច កម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងមូលដ្ឋាន បានស្រាវជ្រាវក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សៀក លីសៀ ហៅ ង៉ោល ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ រស់នៅខណ្ឌសែនសុខ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ពាក់ព័ន្ធប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយពីក្រោយមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចលើផ្លូវសឡា(៣៧១) ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៣រសៀល ។ ខណៈជនរងគ្រោះឈ្មោះ សែត សុដាវីន ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត កំពុងជិះម៉ូតូម៉ាកហុងដាធូដេ ម្នាក់ឯងដោយមានដាក់កាបូបស្ពាយខាងក្រោយ នៅលើទូកម៉ូតូខាងមុខ ពេលឃើញដូច្នេះ ជនសង្ស័យនិងបក្ខពួកជិះម៉ូតូចំនួន ០២គ្រឿងមានគ្នា ០៤នាក់ បានធ្វើសកម្មភាពឆក់ និងមានបក្ខពួក ០២នាក់ជិះម៉ូតូ ០១គ្រឿងចាំបិទគូថខាងក្រោយ។
លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីជនសង្ស័យបានប្រព្រឹត្តអំពើឆក់កាបូបរួចហើយ ពួកវាបានជិះម៉ូតូគេចខ្លួនដល់ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក៏ជួបសមត្ថកិច្ចកំពុងល្បាតការពារសុវត្ថិភាពនៅទីនោះ សមត្ថកិច្ចឃើញជនសង្ស័យ ក៏បានបើកម៉ូតូដេញតាមពីក្រោយ ឃើញដូច្នេះជនសង្ស័យ ក៏បានបោះកាបូបស្ពាយខាងក្រោយរបស់ជនរងគ្រោះចោលនៅលើថ្នល់ ហើយជនសង្ស័យក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។ ក្រោយមកទៀតកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ០១នាក់ក្នុងចំណោមបក្ខពួក ០៤នាក់ ។ ចំណែកទ្រព្យសម្បត្តិជនរងគ្រោះ នៅក្នុងកាបូបរួមាន កូនកាបូបប្រាក់ចំនួន ០១ ,ទូរសព្ទ័ដៃម៉ាកអុបប៉ូ ចំនួន ០១ គ្រឿង ,កុំព្យូទ័រឡេបថប ចំនួន ០១ គ្រឿង ,IPia ចំនួន ០១ គ្រឿង ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់ដើមវិញ។
ដោយឡែក០១ករណីទៀត លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ប្រាប់ឱ្យដឹងទៀតថា៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២ ថ្ងៃត្រង់ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានបស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ហឿង មីនា ហៅ ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅចំណុចមុខវត្តសំបួរ ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងចំណោមបក្ខពួក ០៤នាក់ ដែលបានប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអុបប៉ូ)របស់ជនរងគ្រោះ នៅចំណុចទល់មុខមជ្ឃមណ្ឌលថែទាំរថយន្ត អែនឃែរ ផ្ទះលេខ២៦៧ ផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីកន្លងទៅនេះ ។
លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៣ និង ២០ នាទីរសៀល មានករណី អំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអុបប៉ូ) ប្រព្រឹត្តនៅចំណុចខាងលើ បង្កឡើងដោយជនសង្ស័យចំនួន ០៥នាក់ ជិះម៉ូតូចំនួន ០៣ គ្រឿងដើម្បីចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។លុះពួកវាធ្វើដំណើរមកដល់ចំណុចទល់មុខមជ្ឃមណ្ឌលថែទាំរថយន្តអែនឃែរ ផ្លូវលេខ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានឃើញជនរងគ្រោះជាស្រីម្នាក់កំពុងអង្គុយលើម៉ូតូ កាន់ទូរសព្ទ័ដៃ ខណៈនោះពួកវាបានជិះម៉ូតូ០១គ្រឿងមានគ្នា០២នាក់ ជិះចូលទៅជិត ជនរងគ្រោះ ក៏បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់ ។ ក្រោយពីធ្វើសកម្មភាពក្នុងអំពើឆក់នេះហើយ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ក្នុងចំណោមបក្ខពួក ០៥នាក់យកអនុវត្តតាមនីតិវិធី ដោយឡែកបក្ខពួកមួយចំនួនទៀតសមត្ថកិច្ចកំណត់បានមុខសញ្ញារួចហើយ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់ ៕ ដោយ / គ្រី សម្បត្តិ


