កីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា ធ្វើឲ្យប្រទេសចូលរួមគោរពទង់ជាតិលើកទី២

ភ្នំពេញ៖ កីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ាង បានធ្វើឲ្យបណ្តាប្រទេសចូលរួមគោរពទង់ជាតិកម្ពុជា ជាលើកទី២ តាមរយៈការឈ្នះមេដាយមាសទី២ជូនជាតិ ក្រោយពីបានប្រកួតឈ្នះក្រុមកីឡាការិនីបារាំង Nadege BAUSSIAN និងCaroline Marie BOURRIAUD លើវិញ្ញាសា ២នាក់ទល់២នាក់ ដោយលទ្ធផល ៧-៥ នៅវគ្គផ្ដាច់ព្រ័ត្រ ព្រឹកថ្ងៃទី១៤កក្កដានេះ (ម៉ោងនៅកម្ពុជា)។

បន្ទាប់ពីទទួលការបំពាក់មេដាយ និងការគោរពទង់ជាតិជាផ្លូវការនេះ កីឡាការិនី អ៊ុក ស្រីមុំ បានបង្ហាញពីមោទនកភាពជាតិតាមរយៈការឈ្នះមេដាយមាសទី២នេះ ដោយគូសបញ្ជាក់ថា «ការឈ្នះមេដាយមាស លើវិញ្ញាសា២នាក់ទល់២នាក់នេះ គឺអាស្រ័យដោយមានសាមគ្គីភាពគ្នាបានល្អ រហូតដល់នាងខ្ញុំទាំងពីរនាក់ធ្វើបានល្អរួមគ្នា ក្នុងការប្រកួតជាបន្តបន្ទាប់។ នេះជាកម្លាំងចិត្ត ដែលប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលកំពុងតាមដានមើលការប្រកួតពីចម្ងាយ ដោយជំរុញទឹកចិត្តយើងទាំងពីរនាក់រហូតដល់បានសម្រេចជោគជ័យមេដាយមាសជូនជាតិពិតប្រាកដមែន»។

ជាមួយនឹងជ័យជម្នះនេះ កីឡាការិនី អ៊ុក ស្រីមុំ ក៏បានលើកបង្ហាញពីឧបសគ្គមួយចំនួន ក្នុងពេលប្រកួតនីមួយៗផងដែរ ដោយតស៊ូ អត់ធ្មត់ ក្នុងការប្រកួតនីមួយៗ។ «មកចូលរួមប្រកួតកីឡាពិភពលោកនេះ មានតែកីឡាការិនីតែ២នាក់ប៉ុណ្ណោះ ដែលចូលរួមប្រកួត ហើយបានឈ្នះមេដាយមាសទាំងពី២វិញ្ញាសា ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជាតែងតែផ្តល់ការគាំទ្រលើកទឹកចិត្តចំពោះប្រភេទកីឡាប៉េតង់កម្ពុជា រួមទាំងវិស័យកីឡានានារបស់កម្ពុជាផងដែរ»។

ចំពោះកីឡាការិនី អ៊ុន ស្រីយ៉ា បានលើកឡើងដែរថា នេះជាការខិតខំសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការហ្វឹកហាត់សម និងការប្រកួតផ្លូវការ ដើម្បីសម្របខ្លួននឹងទីលានប្រកួតថ្មីមួយសម្រាប់ខ្លួន ព្រមទាំងអាកាសធាតុដែលក្តៅខ្លាំង ព្រមតាំងការប្រកួតគិតលើពេលវេលា (១ម៉ោងគត់)។ «ក្រុមកីឡាការិនីមកពីបណ្តាប្រទេសនានាបានខិតខំរៀងៗខ្លួន ហើយយើងក៏ខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដូចគ្នា ដើម្បីដណ្តើមយកឈ្នះការប្រកួតនីមួយៗ តាំងពីវគ្គជម្រុះ»។

សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ៊ុន ស្រីយ៉ា អះអាងថា ទីលាននេះអំណោយផល ក្នុងការចូលប៊ូល ដូច្នេះយើងកីឡាការិនីទាំងពីរនាក់បានព្យាយាមចូលប៊ូលបានច្រើន ដែលធ្វើឲ្យកម្ពុជាបានយកឈ្នះក្រុមថៃ។ ដោយឡែក១ប្រកួតចុងក្រោយ នៅវគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសរូបនេះអះអាងថា «យើងធ្លាប់បានប្រកួតចាញ់ក្រុមបារាំង កាលពីវគ្គជម្រុះ ដោយយើងបានដឹងពីចំណុចខ្សោយកីឡាការិនីបារំាង និងដឹងច្បាស់ពីចំណុចខ្សោយរបស់យើងដែរ។

យើងបានកែប្រែចំណុចខ្សោយរបស់យើងរួមទាំងការបន្ថែមនូវសាមគ្គភាព ការពិភាក្សា ដើម្បីធ្វើឲ្យបានល្អបំផុតសម្រាប់ការប្រកួតដណ្តើមេដាយមាសនេះ។ ទីបំផុត យើងអាចធ្វើបានជោគជ័យមេដាយមាសជូនជាតិ នាពេលនេះ។ គុណតម្លៃនៃមេដាយមាសនេះសូមផ្ញើជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងអស់»។

គួរបញ្ជាក់ថា ការប្រកួតវិញ្ញាសា២នាក់ទល់២នាក់នេះ គឺកម្ពុជាលេង៥ប្រកួត ឈ្នះ៤ និងចាញ់១ប្រកួត ក្នុងនោះ ឈ្នះដាណឺម៉ាក ១៣-៥ ចាញបារាំង ៧-៩ និងឈ្នះដាណឺម៉ាក ១៣-៤។ វគ្គកណ្តាលផ្តាច់ព្រ័ត្រកមកម្ពុជាបានឈ្នះថៃ ១២-១០។ នៅវគ្គផ្តាច់ព្រ័ត្រ កម្ពុជាបានយកឈ្នះបារាំង ដោយលទ្ធផល ៧ទល់៥ ដើម្បីគ្រងមេដាយមាសទី២ជូនជាតិតែម្តង។ ចំពោះបារំាងដណ្តើមបានត្រឹមមេដាយប្រាក់ ក្រោយចាញ់កម្ពុជា ខណៈមេដាយសំរឹទ្ធបានទៅថៃ ក្រោយយកឈ្នះអាល្លឺម៉ង់ ១៣-0៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner