តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា និង គ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃចំនួន ៥វត្ត នៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បាននាំយកទៀនចំណាំព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាគង់នៅវត្តចំនួន ៥ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីទ្រទ្រង់ដល់ព្រះសង្ឃនៅក្នុងឱកាសដែលព្រះអង្គចូលកាន់ព្រះវស្សា។
ពិធីប្រគេនទេយ្យទាន និងទៀនចំណាំវស្សានេះ បានរៀបចំប្រារព្ធធ្វើតាមគន្លងព្រះពុទ្ធសាសនា នៅវត្តថ្មី ឃុំ គោកស្រុក ស្រុកតំបែរ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោចខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ តាមទំនៀមទំលាប់ជាប្រពៃណីព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់១៥កើត ខែអស្សុជ តាមប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
សម្ភារៈដែលជាសទ្ធាជ្រះថ្លារបស់ ឯកឧត្តម តំណាងរាស្ត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ត គឺវត្តថ្មី វត្តភ្នំប្រជុំបុត្រ វត្តត្រពាំងព្រីង វត្តតារាម វត្តសែនចំរើន ដែលក្នុងមួយវត្តៗទទួលបានទៀនចំណាំព្រះវស្សា ១គូរ ទេយ្យវត្ថុ អង្ករ ទឹកបរិសុទ្ធ ទឹកក្រូច មី ត្រីខនិងបច្ច័យផងដែរ។
នៅក្នុងពិធីនេះដែរ ឯកឧត្តម ចាយ បូរិន ក៏បាន ថ្លែងអំណរគុណដល់ លោកអាចារ្យគណៈកម្មការវត្ត យាយជី តាជី និងអរគុណពុទ្ធបរិស័ទ ព្រមទាំងប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ ហើយបានបោះឆ្នោត បន្តគាំទ្រសុខសន្តិភាពជាបន្តទៀត ។
ឯកឧត្តមបានលើកឡើងផងដែរថានៅពេលដែលប្រទេសជាតិធ្លាក់ក្នុងវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែនជាប្រមុខ បានខិតខំប្រឹងប្រែង ដោយការទទួលខុសត្រូវខ្ពស់ក្នុងការស្វែងរកវ៉ាក់សាំងចាក់ស្រោកលើប្រជាជាជនទូទាំងប្រទេសរហូតសង្គ្រោះបានអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់ចេញពីវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩នេះ។
ឯកឧត្តម ចាយ បូរិន ក៏បានអំពាវនាវដល់ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តលោកយាយ លោកតា និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្ត ទាំងអស់ត្រូវប្រុងប្រយ័ត្នការពារសុខភាពឲ្យបានល្អ ពិសេស ពីជំងឺកូវីដ-១៩ គឺត្រូវ ចាក់ វ៉ាក់សាំងដូសមូលដ្ឋាននិងដូសជំរុញដើម្បី ការពារឲ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់មន្ទីពេទ្យបង្អែកនៅមូលដ្ឋានរបស់ខ្លួននិងអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ គឺ៣ កុំ ៣ ការពារ ៕ ដោយ ៖ ហេង សម្បត្តិ





