សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា មិនបិទវិស័យទេសចរណ៍ទេ កម្ពុជាត្រូវតែដើរទៅមុខ តែសុំកុំមើលស្រាលកុំភ្លេចខ្លួន ការពារកុំឱ្យឆ្លងជំងឺកូវីដ១៩
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា មិនបិទវិស័យទេសចរណ៍ទេ កម្ពុជា ត្រូវតែដើរទៅមុខ មិនថយក្រោយទេ តែសុំកុំមើលស្រាលកុំភ្លេចខ្លួន ការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ យើងអត់បិទទេសចរណ៍ទេ យើងត្រូវដើរទៅមុខ តែយើងកុំមើលស្រាលកុំភ្លេចខ្លួន យើងត្រូវតែប្រយ័ត្នការងារកុំឱ្យឆ្លងកូវីដ១៩ កុំភ្លេចការចាក់វ៉ាក់សាំងដូសជម្រុញ ឱ្យបានគ្រប់ៗគ្នា លើស១០% នៃសំណាក មានអ្នកឆ្លងកូវីដភាគច្រើន សម្រាប់អ្នកត្រូវចេញទៅក្រៅប្រទេស ហើយអ្នកធ្វើតេស្តខ្លួនឯងក៏រកឃើញច្រើន៕ ដោយ វណ្ណលុក





