ម្ចាស់យានយន្តនៅខេត្តកំពង់ស្ពឺ សម្រុកនាំគ្នាទៅបង់ពន្ធ រថយន្តទាំង ចង្កូតស្តាំ និងចង្កូតឆ្វេង បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ចេញសេចក្តីជូនដំណឹងឱ្យបង់ពន្ធ

កំពង់ស្ពឺ៖ រយៈពេល២-៣ថ្ងៃចុងក្រោយនេះ រហូតដល់ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២២ មានម្ចាស់យានយន្ត ជាច្រើនបានសម្រុក នាំរថយន្ត មកបង់ពន្ធដោយស្មារតីភ្ញាក់រលឹកស្របតាមសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យបង់ពន្ធនិងអាករ លើរថយន្តគ្មានពន្ធមាន ស្រាប់ក្នុងប្រទេស ដែល នៅសេសសល់ អនុលោមតាមប្រសាសន៍និង ការសម្រេចដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

គួរបញ្ជាក់ថាអនុវត្តអនុសាសន៍របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល សាខាគយរដ្ឋាករខេត្តកំពង់ស្ពឺ បានធ្វើការ ផ្សព្វផ្សាយ ដល់ម្ចាស់ ក្រុមហ៊ុន អាជីវកម្ម គ្រឿងចក្រ ការដ្ឋានរណ្តៅដី យានដ្ឋាន ជួសជុល រថយន្ត ។ល។ ឲ្យចូលមកបង់ពន្ធ។

ទន្ទឹមគេបានសង្កេត ឃើញថា មន្ត្រីគយក៏មមាញឹកធ្វើលិខិតបង់ពន្ធ និងត្រួតពិនិត្យយានយន្តគ្រប់ប្រភេទដែលបានមកបង់ពន្ធផងដែរ។

សូមរំលឹកថា ក្រោយប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ស្តីពីការអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំ គ្មាន ពន្ធមាន ស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ចូលមកបំពេញ កាតព្វកិច្ចពន្ធនិងអាករ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់ម្ចាស់រថយន្តគ្មាន ពន្ធមាន ស្រាប់ក្នុងប្រទេសនូវចំណុចមួយចំនួនដូចជា៖

១. ម្ចាស់រថយន្តចង្កូតស្តាំ ដែលបានកក់ប្រាក់ពន្ធនិង អាកររួចតែពុំទាន់ កែចង្កូត អាចមកទទួលយកបង្កាន់ដៃ ពន្ធយានយន្ត ដោយមាន ជម្រើសក្នុងការកែឬមិនកែចង្កូត ដើម្បីយកទៅចុះបញ្ជីធ្វើផ្លាកលេខ។

២. ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធដែលនៅសេសសល់ ( ពុំទាន់បានកក់ប្រាក់ពន្ធនិងអាករ ត្រូវមកបង់ពន្ធនិង អាករ ឬប្រកាសស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដើម្បីបង់ពន្ធនិងអាករ ជាក្រោយ ដោយមិនតម្រូវឱ្យកែចង្កូត នៅអង្គភាពគយនិងរដ្ឋាករដែលនៅជិតបំផុត តាមកាលបរិច្ឆេទ ដូចខាងក្រោម៖
ការស្នើសុំចុះបញ្ជីរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ផុតរយៈពេលនេះ រថយន្តដែលខកខានមិនបាន ចុះបញ្ជីនឹងត្រូវចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) និងជាមុខសញ្ញ នៃការបង្ក្រាបនិងរឹបអូស តាមបទប្បញ្ញត្តិជាធរមាន ការបង់ពន្ធនិងអាករ នឹងមានរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

៣. ទន្ទឹមនេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេស ក៍អាចមកបង់ពន្ធនិងអាករចាប់ពីពេល នេះតទៅ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរងការពិន័យ ផងដែរ។

ការអនុវត្តគោលការណ៍អនុគ្រោះខាងលើនេះ មិនអនុវត្តចំពោះរថយន្តដែលមានឆ្នាំម៉ូដែលចាប់ពីឆ្នាំ២០២១ ឡើងឡើយ ដែលជាកម្មវត្ថុនៃការបង់ពន្ធអាករ និងទទួលរងពិន័យ តាមបទប្បញ្ញត្តិជាធរមាន។ ប្រភពដដែលបន្តថា អាស្រ័យហេតុនេះ សូមម្ចាស់រថយន្តគ្មានពន្ធទាំងអស់រួសរាន់មកចុះបញ្ជីនិងបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យបានទាន់តាមកាលបរិច្ឆេទកំណត់ដូចខាងលើ ជាកំហិត ៕ ដោយ៖ម៉ុន សំអាត

ads banner