អាជ្ញាធរខេត្តពោធិ៍សាត់ចុះពិនិត្យស្ថានភាពទឹកកំពុងហក់ឡើងដើម្បីត្រៀមលក្ខណៈអន្តរាគមន៍
ពោធិ៍សាត់៖ ដោយសារទឹកស្ទឹងពោធិ៍សាត់កំពុងហក់ឡើងខ្លាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តដែលដឹកនាំដោយ លោក ចេង ឡៃ អភិបាលខេត្តរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញដឹកនាំក្រុមការងារដែលមានការចូលរួម ដោយលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរធនធានទឹក ស្នងការរង និងអភិបាលក្រុង រួមទាំងក្រុមការងារ ធ្វេីការត្រួតពិនិត្យពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ដែលកំពុងមានសន្ទុះកេីនឡេីង ដេីម្បីរៀបចំបែងចែកក្រុមការងារនិងយុវជនខេត្ត ធ្វេីការទប់ស្កាត់បញ្ជៀសទឹកដែលកំពុងមានសន្ទុះនេះបែកហៀរជន់លិចដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅនៅតាមដងស្ទឹង ។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ប្រាប់ឱ្យដឹងថា ដោយសារតែមានភ្លៀងធ្លាក់នៅប៉ែកខាងលើជួរភ្នំក្រវាញជាច្រើនថ្ងៃកន្លងមកនេះ ហូរចូលស្ទឹងអារ៉ៃ ក្បាលស្ទឹងធំ បុកចូលស្ទឹងពោធិ៍សាត់ ធ្វើឱ្យទឹកហក់ឡើងខ្លាំង មានកម្ពស់ ៤ ម៉ែត្រកន្លះ ដែលកម្រិតប្រកាសអាសន្ន ៥ ម៉ែត្រក្នុងក្រុងពោធិ៍សាត់។ លោកថាទោះយ៉ាងនេះក្តី ទឹកនៅក្នុងស្ទឹងនៅឡើយមិនទាន់ដល់កម្រិតហូរបែកវាលធ្វើឲ្យប៉ះពាល់ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ ភូមិករផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋនៅឡើយទេ។ ប៉ុន្តែនេះជាការចុះត្រួតពិនិត្យដើម្បីត្រៀមលក្ខណៈ ជួយបងប្អូនប្រជាពលរដ្ឋប្រសិនបើទឹកជំនន់នៅបន្តហក់ឡើងរហូតដល់កម្រិតប្រកាសអាសន្ន។
សូមស្ដាប់ការលើកឡើងរបស់លោក កែវ វៃ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់…….
សូមបញ្ជាក់ថាជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភូមិករណ៍ផ្ទះសម្បែង មួយចំនួននៅស្រុកវាលវែង។ ដោយឡែកក្រុងពោធិ៍សាត់និងស្រុកកណ្ដៀងនៅប៉ែកខាងក្រោមអាជ្ញាធរដឹកនាំដោយលោកចេងឡៃអភិបាលរងខេត្តកំពុងចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនិងបានផ្ដល់ថវិកាមួយចំនួនជូនដល់ចាស់ជរាផងដែរ ៕ ដោយ៖ ចេង ពុំ