រដ្ឋមន្រ្តីក្រសួងអប់រំអញ្ជើញបើកសិក្ខាសាលាថ្នាក់តំបន់ស្ដីពីតម្រូវការទីផ្សារការងារ ក្នុងសម័យឧស្សាហកម្ម៤.០ រវាងវិស័យឯកជន និងគ្រូអប់រំបច្ចេកទេស ក្នុងតំបន់អាស៊ាន

ព្រះសីហនុ៖ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន បានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពីតម្រូវការទីផ្សារការងារ ក្នុងសម័យឧស្សាហកម្ម៤.០ រវាងវិស័យឯកជន និងគ្រូអប់រំបច្ចេកទេស ក្នុងតំបន់អាស៊ាន។

សិក្ខាសាលានេះមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងរវាងវិស័យឯកជន គ្រូ និងគណៈគ្រប់គ្រងសាលា និងអ្នករៀបចំគោលនយោបាយ បង្កើតវេទិកាចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗ ពង្រឹងជំនាញប្រតិបត្តិរបស់គ្រូអប់រំបច្ចេកទេសតាមរយៈការធ្វើទស្សនកិច្ចសិក្សានៅតាមសហគ្រាស រោងចក្រឧស្សាហកម្ម និងផ្សព្វផ្សាយសារៈសំខាន់នៃការអប់រំបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ក្នុងតំបន់អាស៊ាននាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារឯករាជ្យខេត្តព្រះសីហនុ។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន(ASCC Council Chair) និងលោកសាស្ត្រាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីខាងកើត (ERIA) ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង បុគ្គលិកអប់រំ គ្រូបង្រៀន និងគ្រូអប់រំបច្ចេកទេស គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស អ្នកជំនាញការអន្តរជាតិ និងអ្នករៀបចំគោលនយោបាយមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។

សិក្ខាសាលានេះ មានសារៈសំខាន់ណាស់សម្រាប់គ្រូបង្រៀន គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅ អ្នករៀបចំគោលនយោបាយ និងវិស័យឯកជន ក្នុងការសហការ និងចែករំលែកបទពិសោធន៍ ក្នុងតំបន់អាស៊ាន លើការអប់រំបច្ចេកទេស ដល់គ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ សាលារៀន និងសាកលវិទ្យាល័យ គួរតែអនុវត្តកម្មវិធីសិក្សាបត់បែន ដើម្បីភ្ជាប់ទៅនឹងអាជីពការងារ បង្កើតប្រព័ន្ធអេកូសហគ្រិន សម្រាប់ផ្សារភ្ជាប់ការអប់រំទៅនឹងបញ្ហាជាក់ស្ដែងក្នុងសកលលោក និងលើកកម្ពស់ទំនាក់ទំនងអាជីវកម្ម និងសាកលវិទ្យាល័យ ដើម្បីអភិវឌ្ឍការសិក្សាស្រាវជ្រាវ និងគម្រោងនានា ក៏ដូចជាការត្រៀមខ្លួនក្នុងការចាប់យកឱកាសការងារ ក្នុងបរិបទសង្គមឌីជីថល៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner