បៃដិន៖ ​អាមេរិក​នឹង​ប្រើ​កម្លាំង​ទ័ព​ដើម្បី​ជា​ «​មធ្យោបាយ​ចុង​ក្រោយ​»​ រារាំង​អ៊ីរ៉ង់​ពី​កម្មវិធី​នុយក្លេអ៊ែរ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ​ចូ ​បៃដិន ​សន្យាចំពោះ​​អ៊ីស្រាអែល​ថា​លោក​នឹង​នៅ​តែ​ចាត់​​ទុក​កង​ឆ្មាំ​បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់ ​(IRGC) ​​ក្នុង​បញ្ជី​​ភេរវកម្ម​ ហើយ​ថា​អាមេរិក​នឹង​ប្រើ​កម្លាំង​ទ័ព​ដើម្បី​ជា​ «​មធ្យោបាយ​ចុង​ក្រោយ​»​ ក្នុង​ការ​រារាំង​ក្រុង​តេអេរ៉ង់​ពី​ការ​វិវត្ត​កម្មវិធី​នុយក្លេអ៊ែរ​ទៅ​មុខ​។​

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​អ៊ីស្រាអែល​ មុន​លោក​ចេញ​ដំណើរ​ពី​អាមេរិក​ដើម្បី​បំពេញ​ទស្សនៈ​កិច្ច​នៅ​មជ្ឈិម​បូព៌ា​លោក ​បៃដិន ​និយាយ​ថា​ លោក​នឹង​នៅ​តែ​រក្សា​កង​កម្លាំង​IRGC​ក្នុង​បញ្ជី​ភេរវកម្ម​ បើ​ទោះ​បី​ជា​នោះ​មាន​ន័យ​ថា​ លោក​សម្លាប់​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ជាប់​គាំង​ក្ដី​។​

ក្នុង​កិច្ច​សម្ភាសន៍​​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ដដែល​ លោក​ បៃដិន ​និយាយ​ថា​៖ ​«​រឿង​តែ​មួយ​គត់​ដែល​អាក្រក់​ជាង​អ៊ីរ៉ង់​​ឥឡូវ​នេះ​គឺ​អ៊ីរ៉ង់​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​»​។ ​នៅ​ពេល​សួរ​អំពី​ការ​ប្រើ​ប្រាស់​កម្លាំង​ទ័ព​ប្រឆាំង​នឹង​អ៊ីរ៉ង់​ លោក ​បៃដិន ​និយាយ​ថា​៖ ​«​ប្រសិន​បើ​នោះ​មធ្យោបាយ​ចុង​ក្រោយ​​​នោះ​យើង​នឹង​ប្រើ​»។​​

ការ​អត្ថាធិប្បាយ​របស់​លោក ​បៃដិន ​ធ្វើ​ឡើង​ចំ​ពេល​មាន​ការ​ជំរុញ​ជា​ថ្មី​​​លើ​កិច្ចចរចា​ដោយ​ប្រយោល​រវាង​ទី​ក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេអេរ៉ង់​ ដើម្បី​ស្តារ​កិច្ច​ព្រម​ព្រៀង ​ដែល​​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​ «​ផែនការ​សកម្មភាព​​រួម​គ្រប់​ជ្រុង​ជ្រោយ​(JCPOA)» ឡើង​វិញ​។

កតិកា​សញ្ញា​ពហុ​ភាគី​ឆ្នាំ​២០១៥ ​ដែល​អាមេរិក​ដក​ខ្លួន​ចេញ​ក្រោម​អាណត្តិ​របស់​លោក​ ដូណាល់ ​ត្រាំ​ ​នេះ​ សម្រេច​ឡើង​ដើម្បី​ឱ្យ​អ៊ីរ៉ង់​​កាត់​បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​​ ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​អន្តរជាតិ​លើ​សេដ្ឋកិច្ច​របស់​ខ្លួន​។​ ប៉ុន្តែ​ក្រោយ​ការ​ដក​ខ្លួន​ចេញ​របស់​អាមេរិក​នៅ​ឆ្នាំ ​២០១៨ ​អ៊ីរ៉ង់​បាន​បង្កើន​សកម្មភាព​​​ឡើង​វិញ​ ខណៈ​រដ្ឋបាល​លោក ​បៃដិន ​បន្ត​អនុវត្ត​ទណ្ឌកម្ម​ ដែល​បន្សល់​ទុក​ពី​រដ្ឋបាល​លោក​ត្រាំ​។​ ​

សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ក្នុង​តំបន់​គឺ​អ៊ីស្រាអែល​ បាន​ចាត់​ទុក​អ៊ីរ៉ង់​ជា​សត្រូវ​ដ៏​ធំ​បំផុត​របស់​ខ្លួន​ ដោយ​លើក​ឡើង​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​​​ទោះ​បី​ជា​អ៊ីស្រាអែល​ផ្ទាល់​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជិត​​១០០ ​ក្ដី​។​

អាមេរិក​ និង​អ៊ីស្រាអែល​ ត្រូវ​បាន​គេ​រំពឹង​ថា​​នឹង​បង្ហាញ​សេចក្តី​ប្រកាស​រួម​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​យោធា​ជិត​ស្និទ្ធ​ទ្វេភាគី​ និង​ពង្រឹង​ការ​អំពាវ​នាវ​កន្លង​មក ​ក្នុង​ការ​ចាត់​វិធាន​ការ​យោធា​ ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។​

នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក ​Yair Lapid​​និយាយ​ក្នុង​ពិធី​ទទួល​ស្វាគមន៍​លោក​បៃដិន​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​Tel Aviv ​ថា​៖​ «​យើង​នឹង​ពិភាក្សា​អំពី​តម្រូវ​ការ​ក្នុង​ការ​បន្ត​សម្ព័ន្ធ​ភាព​ជា​សាកល​ដ៏​រឹង​មាំ​ ដែល​នឹង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​​​»​។

ប៉ុន្តែ​ ការ​ដាក់​ទណ្ឌកម្ម​លើ​កង​ឆ្មាំ​IRGC ​​ដែល​លោក​ ត្រាំ ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ឆ្នាំ ​២០១៩ ​គឺ​ជា​ចំណុច​ជាប់​គាំង​ក្នុង​ការ​ចរចា​ច្រើន​លើក​ច្រើន​សារ​ ដើម្បី​នាំ​ប្រទេស​អ៊ីរ៉ង់​ ត្រឡប់​ទៅ​ការ​អនុ​លោម​តាម​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​។​ កន្លង​មក​ អ៊ីរ៉ង់​ទទូច​សុំ​ឱ្យ​អាមេរិក​លុបងារ​របស់​កង​ឆ្មាំ​នេះ​ចេញ​ពីប​ញ្ជី​ភេរវកម្ម​ ប៉ុន្តែ​អ៊ីស្រាអែល​ប្រឆាំង​ដាច់​ខាត​ ហើយ​ការ​ប្រកាស​ជា​ថ្មី​របស់​លោក ​បៃដិន ​គឺ​ជា​ការ​ធានា​ដ៏​សំខាន់​មួយសម្រាប់​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​។​

លើស​ពី​នេះ ​ការ​គំរាម​ប្រើ​កម្លាំង​ទ័ព​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ ភាសា​ធ្ងន់​មួយ​ពី​លោក​ បៃដិន​ ​ដែល​បញ្ជាក់​ជា​ថ្មី​ថា​ លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ​។​​ ​

​មន្ត្រី​​អាមេរិក​​​និយាយ​​​ថា​​ ទីក្រុង​វ៉ាស៊ីនតោន​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​JCPOA ​រស់​ឡើង​វិញ​ ដោយ​ផ្អែក​លើ​ការ​វិល​ត្រឡប់​ទៅ​រក​ការ​អនុ​លោម​តាម​គ្នា​ទៅ​វិញ​ទៅ​មក​​ ដែល​ជា​ការ​សម្រេច​ចិត្ត​របស់​អ៊ីរ៉ង់​ ខណៈ​​មន្ត្រី​អ៊ីរ៉ង់​​​ស្តី​បន្ទោស​ការ​បដិសេធ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​លុប​ចោល​ទណ្ឌកម្ម​ ជុំ​វិញ​ការ​ជាប់​គាំង​នៃ​កិច្ច​ព្រម​ព្រៀង​។​

យ៉ាង​ណា​មិញ​ អ៊ីរ៉ង់​ ដែល​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា​ ខ្លួន​បាន​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដល់​ ៦០ ​ភាគ​រយ​ [​ដែល​​​នៅ​ឆ្ងាយ​ពី​ការ​អាច​បង្កើត​អាវុធ​បាន​ ក្នុង​កម្រិត​ ៩០ ​ភាគ​រយ​​] កន្លង​មក​បាន​និយាយ​ថា​ កម្ម​វិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ធ្វើ​ឡើង​ដើម្បី​ប្រើ​ក្នុង​ន័យ​សន្តិភាព​ប៉ុណ្ណោះ ​ឧទាហរណ៍​ដូច​ជា​សម្រាប់​ប្រើ​ក្នុង​វិស័យ​វេជ្ជ​សាស្រ្ត​ជាដើម​។​

ប៉ុន្តែ​​អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ ​និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​លោក​ខាង​លិច​​និយាយ​ថា​ អ៊ីរ៉ង់​មាន​កម្មវិធី​នុយក្លេអ៊ែរ​យោធា​ដែល​​រៀប​ចំ​រហូត​តាំង​ពី​ឆ្នាំ​ ២០០៣​។​​កាល​​​ពី​​​ខែ​​មុន​ អ៊ីរ៉ង់​ថែម​ទាំង​រង​ការ​ចោទ​ប្រកាន់​ថា​​​បិទ​​កាមេរ៉ា​​ត្រួត​​ពិនិត្យ​​របស់​​ទីភ្នាក់ងារ​​ថាមពល​​បរមាណូ​​អន្តរជាតិ​ (IAEA) ​​​ពី​​ទី​តាំង​​​ពាក់​ព័ន្ធ​​​នឹង​​នុយក្លេអ៊ែរ​​​នៅ​​ទូទាំង​​ប្រទេស​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner