អភិបាលរាជធានីភ្នំពេញ៖ កិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាកិច្ចការងាររបស់អាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាព
ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រុញអោយគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវរួមគ្នាធ្វើយ៉ាងណារក្សាអោយបាននូវសន្តិសុខជូនប្រជាពលរដ្ឋ ព្រោះថាកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ វាជាកិច្ចការងាររបស់អាជ្ញាធរនិងកងកម្លាំងចំណុះអោយគណៈបញ្ជាការឯកភាពនេះឯងត្រូវអនុវត្តអោយបានល្អ។
ការជម្រុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៤ កក្កដា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ក្នុងជួរ គណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេស ការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទះនៅក្នុងមូលដ្ឋាន និងការដាក់កម្លាំងល្បាតនៅក្នុងតំបន់ដែលយើងគិតថាស្មុកស្មាញ និងងាយរងគ្រោះ ។
ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញឱ្យអាជ្ញាធរខណ្ឌទាំង ១៤ត្រូវការពារ អោយបាននូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯឧ ឃួង ស្រេងក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះកងកម្លាំងទាំង២ភេទ ដែលបានបង្ក្រាបក្មេងទំនើងបានជាច្រើនករណីនាប៉ុន្មានថ្ងៃកន្លងមកនេះ។ ក្មេងទំនើងទាំងនេះភាគច្រើនជាសិស្សសាលា ដូច្នេះឯឧ ស្នើអោយអភិបាលខណ្ឌ និងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ត្រូវសហការគ្នា មើលសិស្សដែលគេចសាលារៀនអោយបានម៉ឺងម៉ាត់និងរកវិធីដើម្បីបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះអោយបាន។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានស្នើអាជ្ញាធរខណ្ឌទាំងអស់ ត្រូវជម្រុញប្រជាពលរដ្ឋអោយទៅទទួលវ៉ាក់សាំង ដុសជម្រុញអោយបានគ្រប់គ្នា ព្រោះថា ជម្ងឺកូវីដ-១៩ បានកម្រើកឡើងវិញហើយ ដែលយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ៕ ដោយ ហេង សម្បត្តិ











