អ៊ីរ៉ង់ច្រានចោលជាថ្មីជុំវិញការចោទប្រកាន់ថា ខ្លួនកំពុងត្រៀមបញ្ជូនយន្តហោះដ្រូនឱ្យរុស្ស៊ីប្រើក្នុងសង្គ្រាមអ៊ុយក្រែន

តេហេរ៉ង់៖ អ៊ីរ៉ង់បានចេញមុខទាត់ចោលការអះអាងរបស់រដ្ឋាភិបាលអាមេរិកដែលថា ខ្លួនគ្រោងនឹងផ្តល់ឲ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន។

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ជាក់ថា ខ្លួនមានព័ត៌មានដែលបង្ហាញថា អ៊ីរ៉ង់កំពុងរៀបចំផ្គត់ផ្គង់យន្តហោះដ្រូនរាប់រយគ្រឿងដល់រុស្ស៊ី រួមទាំងដែលមានសមត្ថភាពដឹកជញ្ជូនអាវុធផងដែរ។ លើសពីនេះទៅទៀត អ៊ីរ៉ង់ក៏មានផែនការបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ី ឱ្យចេះប្រើប្រាស់យន្តហោះដ្រូនទាំងនោះ ដោយដំណាក់កាលដំបូងនៃការហ្វឹកហ្វឺនចាប់ផ្តើមនៅដើមខែកក្កដា។ ទីក្រុងតេហេរ៉ង់ នៅថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហូសិន អាមៀ អាប់ដូឡាហ៊ាន បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនលោក ឌីមីត្រូ គូលេបា។ ក្រសួងបានដកស្រង់សម្តីលោក អាមៀ អាប់ដូឡាហ៊ាន ដែលនិយាយថា គាត់បានច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានរបស់សហរដ្ឋអាមេរិក។

លោក អាមៀ អាប់ដូឡាហ៊ាន បើតាមសេចក្តីរាយការណ៍បានសម្តែងការប្រឆាំងរបស់អ៊ីរ៉ង់ចំពោះសង្គ្រាមនៅអ៊ុយក្រែន ដោយនិយាយថា យើងប្រឆាំងនឹងសកម្មភាពណាមួយដែលនាំឱ្យជម្លោះកាន់តែកើនឡើង។ ជាមួយគ្នានេះ រដ្ឋាភិបាលអ៊ីរ៉ង់បានអះអាងថា ការពង្រីកខ្លួនរបស់អង្គការណាតូទៅវិញទេ ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner