រុស្ស៊ីដាក់ទណ្ឌកម្មសមាជិកសភាជប៉ុន ៣៨៤រូបជុំវិញជំហរគាំទ្រអ៊ុយក្រែន
ម៉ូស្គូ៖ រុស្ស៊ីបានហាមឃាត់សមាជិកសភាជប៉ុនចំនួន ៣៨៤រូបមិនឱ្យចូលទៅក្នុងទឹកដីប្រទេសរបស់ខ្លួន ដើម្បីជាការសងសឹកនឹងទីក្រុងតូក្យូ ដែលបានចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ ជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃសុក្រសប្តាហ៍នេះ បានចុះបញ្ជីខ្មៅសមាជិកសភាជប៉ុន ដោយដាក់ឈ្មោះពួកគេនៅលើគេហទំព័ររបស់ខ្លួន និងចោទប្រកាន់ពួកគេថា បានប្រកាន់យកជំហរមិនរាក់ទាក់ និងប្រឆាំងរុស្ស៊ី ដោយបង្ហាញពីការចោទប្រកាន់គ្មានមូលដ្ឋានលើប្រទេសរបស់យើង ទាក់ទងនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ជប៉ុនបានវាយប្រហាររុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះការឈ្លានពានលើអ៊ុយក្រែន ដោយបានចូលរួមជាមួយក្រុមប្រទេស G7 ក្នុងការបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ី។
ភាពតានតឹងរវាងរុស្ស៊ី-ជប៉ុនកើនឡើងចាប់តាំងពីកម្លាំងរុស្ស៊ី បានប្រកាសសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ជាក់ស្តែងកាលពីខែឧសភាកន្លងទៅ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនបានហាមឃាត់មន្ត្រីជប៉ុនជាច្រើនរូប រួមទាំងនាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ មិនឱ្យចូលជាន់ទឹកដីរបស់រុស្ស៊ី ជុំវិញការចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងទីក្រុងម៉ូស្គូ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា




