សហភាពអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មថ្មីលើការនាំចេញមាសរបស់រុស្ស៊ី

ព្រុចសែល៖ គណៈកម្មការអឺរ៉ុប នៅថ្ងៃសុក្រសប្តាហ៍នេះ បានអនុម័តសំណើសម្រាប់កញ្ចប់ទណ្ឌកម្មទី៧ នៃវិធានការដែលនឹងហាមឃាត់ការនាំចូលមាសពី រុស្ស៊ី។

សំណើខាងលើនេះ គឺជាផ្នែកមួយនៃសំណុំវិធានការថ្មីដែលមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការអនុវត្ត និងប្រសិទ្ធភាព នៃកញ្ចប់ទណ្ឌកម្មចំនួន៦មុនរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការអឺរ៉ុបបាននិយាយថា សំណើនេះនឹងត្រូវបានពិភាក្សាដោយរដ្ឋសមាជិកនៅក្នុងក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) នៅសប្តាហ៍ក្រោយ មុនពេលវាត្រូវបានអនុម័តជាផ្លូវការ។ ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរសូឡា វ៉ុនឌែរ ឡេយិន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រសប្តាហ៍នេះថា សង្រ្គាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននៅតែបន្តមិនឈប់ឈរ។ ដូច្នេះហើយ យើងកំពុងស្នើសុំនៅថ្ងៃនេះ ដើម្បីរឹតបន្តឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងវិមានក្រឹមឡាំង គឺការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងបន្តរហូតដល់ខែមករា ឆ្នាំ២០២៣។ លោកស្រីថា រុស្ស៊ីត្រូវតែបន្តរ៉ាប់រ៉ងការចំណាយដ៏ខ្ពស់ចំពោះការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មចំនួន៦លើរុស្ស៊ី ជាមួយនឹងកញ្ចប់ចុងក្រោយដែលបានអនុម័តកាលពីខែមិថុនាដែលបានដាក់បម្រាមលើការនាំចូលប្រេងពីរុស្ស៊ី។ ការដាក់ទណ្ឌកម្មចំនួន៦លើកមុនបានកំណត់គោលដៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រព័ន្ធហិរញ្ញវត្ថុ ធនាគារកណ្តាល មន្ត្រីរដ្ឋាភិបាលកំពូល ព្រមទាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមជ្ឈដ្ឋានខាងក្នុងរបស់លោក៕ ប្រភព៖ ស៊ីនហួរ និង Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner