មនុស្សស្លាប់ ៨៤នាក់ក្នុងពេលត្រឹមបីថ្ងៃ ដោយសាររលកកំដៅដ៏អាក្រក់វាយប្រហារអេស្ប៉ាញ
ម៉ាឌ្រីដ៖ វិទ្យាស្ថានសុខភាព Carlos III ដែលរាយការណ៍ទៅក្រសួងសុខាភិបាលអេស្ប៉ាញ បានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍នេះថា មនុស្សចំនួន ៨៤នាក់ត្រូវបានគេដឹងថាបានស្លាប់ ដោយសាររលកកំដៅដ៏អាក្រក់ដែលបានវាយប្រហារប្រទេសអេស្ប៉ាញ ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
ករណីស្លាប់ទាំងអស់ដែលត្រូវបានរាយការណ៍កាលពីថ្ងៃទី១០ ដល់១២ ខែកក្កដាមកនេះ អាចត្រូវបានសន្មត់ថា ដោយសាររលកកំដៅដ៏ក្តៅសម្បើមលើសពី ៤០អង្សាសេនៅក្នុងផ្នែកធំនៃប្រទេសអេស្ប៉ាញ។ សីតុណ្ហភាពបានកើនឡើងលើសពី ៤៥អង្សាសេនៅភាគខាងត្បូង និងនិរតីនៃប្រទេស ។
រលកកំដៅត្រូវបានគេព្យាករណ៍ថា នឹងបន្តរហូតដល់សប្តាហ៍ក្រោយ ហើយចំនួនអ្នកស្លាប់ត្រូវបានគេព្រួយបារម្ភថា នឹងកើនឡើងបន្ថែមទៀត។ វាជារលកកំដៅដ៏ធំទីពីរហើយក្នុងឆ្នាំនេះនៅអេស្ប៉ាញ។
បើតាមក្រសួងសុខាភិបាលអេស្ប៉ាញ រលកកំដៅលើកដំបូងបានកើតឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ហើយបានឆក់យកជីវិតមនុស្ស ៨២៩នាក់នៅទូទាំងប្រទេស។ កាលនោះ សីតុណ្ហភាពឡើងដល់ ៤៤.៥អង្សាសេ។
អាជ្ញាធរណែនាំឲ្យប្រជាពលរដ្ឋញ៉ាំទឹកឲ្យបានច្រើន ហើយចៀសវាងការហាត់ប្រាណច្រើនពេក និងសម្ងំនៅក្នុងផ្ទះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា




