ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅកម្មករ និយោជិត និងនិយោជក នឹង ចាប់ផ្តើមបង់ប្រាក់សោធន
ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម(បស.ស.)បានថ្លែងថា កម្មករ និយោជិត និងក៏ដូចជានិយោជក(ថៅកែ) នឹងត្រូវមានកាតព្វកិច្ច បង់ប្រាក់របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនចាប់ពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២២តទៅដើម្បីទទួលបានប្រាក់សោធននៅពេលអាយុចូលនិវត្តន៍។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងពិធីផ្សព្វផ្សាយលើកទី៥ ក្នុង យុទ្ធនាការ ៩០ថ្ងៃ ស្ដីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារនាសណ្ឋានគារហ្គាឌិនស៊ីធីនាព្រឹកថ្ងៃទី១៩ខែ កក្កដា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុក សមវិទ្យាបានឱ្យដឹងថាការបង់ប្រាក់វិភាគទានសម្រាប់ប្រាក់សោធននេះចាំបាច់ត្រូវអនុវត្តតាមច្បាប់ ហើយកម្មករនិយោជិត និងក៏ដូចជានិយោជក(ថៅកែ)ត្រូវតែមានកាតព្វកិច្ចបង់ ហើយចំពោះថវិការបង់វិភាគទាននេះនិយោជកជាអ្នកកាត់តាមរោងចក្រសហគ្រាសរបស់ខ្លួន។
ឯកឧត្តម អ៊ុក សមវិទ្យាបានបញ្ជាក់ក្នុងរឿងនេះថា”យើងចាប់ផ្តើមបង់នៅថ្ងៃទី១ខែវិច្ឆិកា ដោយសារយើងយកវិភាគទាននៅខែតុលា អញ្ចឹងមានន័យថាគាត់ជាប់កាតព្វកិច្ចពីខែតុលាតទៅ បានសេចក្តីថាយើងជាប់វិភាគទានពីខែតុលា ប៉ុន្តែ យើងចាប់ផ្តើបង់នៅថ្ងៃទី១ខែវិច្ឆិកានេះទៅ។អាហ្នឹងជាបច្ចេកទេសគេធ្វើអញ្ចឹង”។
ទាក់ទិនក្នុងរឿងនេះ ឯកឧត្តមបានពន្យល់បន្ថែមថា”ការបង់វិភាគទានប្រាក់សោធននេះគឺវិនិយោជកជាអ្នកកាត់ប្រាក់ខែកម្មករនិយោជិត។គាត់កាត់ប្រាក់វិភាគទានប្រាក់សោធនរួមជាមួយនឹងប្រាក់វិភានទានចំណែករបស់គាត់(និយោជក)ឧទាហរណ៍កម្មករនិយោជិតបង់២ភាគរយឬក៏អាចប្រមាណ៥ដុល្លារ និយោជកបន្ថែម៥ដុល្លារបន្ថែមទៀតមករួម១០ដុល្លារបង់ចូល ប.ស.ស”។
យ៉ាងណាក្តី ឯកឧត្តម ក៏បានពន្យល់ដែរថា ចំពោះកម្មករនិយោជិតណាម្នាក់ដែលគាត់ធ្វើការមិនជាប់លាប់ឬមួយក៏រោងចក្រសហគ្រាសរបស់គាត់បានព្យួរការងារមួយរយៈក៏មិនព្រួយបារម្ភដែរពីព្រោះថាបើទោះឈ្មោះរបស់គាត់បានព្យួរក្តី ក៏នៅក្នុងប្រព័ន្ធដដែលទេ ដែលក្នុងនេះបើរោងចក្របើកដំណើរការងារ ឬបងប្អូនកម្មករនិយោជិតបានទៅរកការងារធ្វើឡើងវិញឈ្មោះរបស់គាត់នឹងត្រូវបានបញ្ចូលឡើងវិញ។នេះមានន័យថាបើគាត់អត់ការងារគឺគាត់នឹងត្រូវផ្អាកសិន ហើយបើគាត់រកការងារថ្មីបាននឹងត្រូវបន្តប្រព័ន្ធវិភាគទានប្រាក់សោធនបន្តទៀតដោយស្ម័គ្រចិត្តដើម្បីរក្សាចំនួនឆ្នាំវិភាគទាននេះ។ហេតុនេះបើកម្មករនិយោជិតណាអត់លទ្ធភាពនឹងត្រូវព្យួរឈ្មោះទុកសិន ហើយនៅពេលគាត់រកការងារបានគឺគាត់ត្រូវមានការតព្វកិច្ចត្រូវបង់បន្តទៀតដើម្បីរក្សាប្រាក់សោធនរបស់គាត់។
ជុំវិញការបង់ប្រាក់សោធននេះដែរ ឯកឧត្តម បានពន្យល់បន្ថែមថា”ការបង់ប្រាក់វិភាគទានបើកម្មករនិយោជិតណាបង់បានច្រើនគឺនឹងទទួលបានច្រើនទៅតាមនេះដែរ ផ្ទុយមកវិញការបង់របស់គាត់បានតិចនោះការទទួលបានប្រាក់សោធននៅពេលចូលនិវត្តន៍ក៏បានតិចទៅតាមនោះដែរ”។
ឯកឧត្តម អ៊ុក សមវិទ្យាបានលើកឡើងដោយបញ្ជាក់បន្ថែមថា ក្រុមការងារ ប ស.ស. នឹងចុះផ្សព្វផ្សាយស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនៅទូទាំងប្រទេសនៅក្នុងសប្តាហ៍នេះដើម្បីឱ្យការអនុវត្តរបបនេះដំណើរទៅប្រកបដោយរលូន។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានថ្លែងក្នុងពិធីនេះដែរថាប្រសិនបើគ្មានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះទេ នៅពេលដែលបងប្អូនដល់អាយុចូលនិវត្តន៍ វ័យកាន់តែចាស់ សុខភាពចុះខ្សោយ មិនអាចប្រកបរបរ ឬធ្វើការពេញលេញដើម្បីរកប្រាក់ចំណូលបាន នោះបងប្អូននឹងប្រឈមហានិភ័យខ្ពស់ អាចធ្លាក់ចូលក្រោមបន្ទាត់ភាពក្រីក្រ ព្រោះនៅពេលដែលឈឺគ្មានថវិកាដើម្បីព្យាបាល ប៉ុន្ដែនៅពេលដែលបងប្អូនមានផ្នែកប្រាក់សោធននេះ បងប្អូននឹងទទួលបានប្រាក់ចូលនិវត្តន៍ រួមទាំងការថែទាំសុខភាពដោយឥតគិតថ្លៃ។
ដោយឡែក ជុំវិញការបង់ប្រាក់សោធននេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរ( ហៅ GMAC) បានថ្លែងដោយការព្រួយបារម្ភថាបច្ចុប្បន្នវិបត្តិជំងឺកូវីដ១៩មិនទាន់បានបញ្ចប់ និងព្រមជាមួយគ្នាការផ្ទុះសង្រ្គាមរវាងប្រទេសអ៊ុយក្រែនជាមួយប្រទេសរ៉ុស្ស៊ីក៏កំពុងកើតមានដែលគេកំពុងមានការព្រួយបារម្ភពីលទ្ធភាពការនាំចេញ ហេតុនេះវាអាចជាការជះផលអាក្រក់ណាមួយដល់ក្រុមនិយោជកផងដែរ។ទោះបីយ៉ាងណាវាជាបញ្ហាប្រឈមតែយើងត្រូវព្យាយាមជំនះវាឱ្យបានផងដែរ។
ទន្ទឹមជាមួយគ្នាលោកសំណូមឱ្យរាជរដ្ឋាភិបាលធ្វើកំណែទម្រង់សាធារណៈក្នុងនេះដូចជាផ្តល់សេវាសាធារណៈឱ្យបានល្អបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យវិស័យឯកជនគាត់ងាយស្រួលក្នុងការប្រកបធុរកិច្ចការវិនិយោគរបស់គាត់ដោយធានានូវការប្រកួតប្រជែងក្នុងការនាំទៅកាន់ទីផ្សារអន្តរជាតិ ហើយអាចប្រកួតក្នុងកម្រិតអន្តរជាតិបាន។នៅពេលអ្វីៗទាំងអស់នេះអាចធ្វើទៅបានគឺវាជួយសម្រាលនូវបន្ទុកក្នុងការចំណាយនានាទាំងនេះ។
ជាមួយគ្នាលោកបានអំពាវនាវឱ្យកម្មករនិយោជិតព្យាយាមសហការជាមួយនិយោជកសំដៅធ្វើយ៉ាងណាលើកកម្ពស់បផលិតភាព ហើយមានតែផលិតភាពនេះទេ ដែលនាំមកនូវប្រាក់ចំណូលដល់រោងចក្រសហគ្រាសដែលជាបន្ទុកមួយនៃការចំណាយបន្ថែមទាំងអស់នេះ៕ដោយ៖ម៉ាដេប៉ូ




