ក្រសួងបរិស្ថានបើកសិក្ខាសាលាថ្នាក់តំបន់ស្ដីពីការផ្ដល់បច្ចេកទេសអនុវត្តមុខងារលើវិស័យបរិស្ថាន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

មណ្ឌលគិរី ៖ ក្រសួងបរិស្ថានបើកសិក្ខាសាលាថ្នាក់តំបន់ស្ដីពីការផ្ដល់បច្ចេកទេសអនុវត្តមុខងារលើវិស័យបរិស្ថាន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងសិក្ខាកាមចំនួន ១២០នាក់ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ខេត្តមណ្ឌលគិរី ។

វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែកក្កដា ប្រព្រឹត្តទៅក្នុងគោលបំណងផ្ដល់ការគាំទ្របច្ចេកទេស គោលការណ៍ណែនាំ ការធ្វើបទអន្ដរាគមន៍ និងការអភិវឌ្ឍសម្ថភាពដល់សិក្ខាកាមដែលជាមន្រ្ដី រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមកពីខេត្តមណ្ឌលគីរី ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ នៅក្នុងបរិបទកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាស្របតាមចក្ខុវិស័យរបស់ក្រសួងបរិស្ថានក្នុងការកសាងរដ្ឋបាលទំនើប ដើម្បីធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។

គួរបញ្ជាក់ឱ្យដឹងថា ប្រធានបទសំខាន់ៗដែលលើកយកមកបង្ហាញក្នុងសិក្ខាសាលានេះរួមមាន៖ ១)ការបណ្ដុះបណ្ដាលបច្ចេកទេសអនុវត្តមុខងារការងារគាំពារបរិស្ថាន ២)ការបណ្ដុះបណ្ដាលបច្ចេកទេសអនុវត្តមុខងារការអភិវឌ្ឍដោយចីរភាព(ការប្រែប្រួលអាកាសធាតុ) ៣)ការបណ្ដុះបណ្ដាលបច្ចេកទេសអនុវត្តការងារផ្សព្វផ្សាយចំណេះដឹងនិងព័ត៌មានបរិស្ថាន ៤)ការបណ្ដុះបណ្ដាលបច្ចេកទេសអនុវត្តមុខងារការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ និង៥)ការបណ្ដុះបណ្ដាលបច្ចេកទេសអនុវត្តមុខងារការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ៕ ដោយ / គ្រី សម្បត្តិ រូបភាព ក្រសួងបរិស្ថាន

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner