លោក នួន ស៊ីណា ត្រូវបានតែងតាំងជា ប្រធានមន្ទីរការងារ និងវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ ជំនួសប្រធានម្ទីរចាស់ លោក រស់ សារុំ ដែលចូលនិវត្តន៍

បន្ទាយមានជ័យ ៖ ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានអនុប្រធានមន្ទីរការងារនិងវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដោយប្រធានមន្ទីរចាស់ត្រូវចូលនិវត្តន៍ គឺលោក រស់ សារុំ ជំនួសដោយ លោក នួន ស៊ីណា ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត មានសហគ្រាសគ្រឹះស្ថានសរុបចំនួន ២៨៨ សហគ្រាសគ្រឹះស្ថាន ក្នុងនោះកម្មករនិយោជិតសរុបចំនួន ២៦,៥៦០នាក់ស្រីចំនួន ១៥២៩៩នាក់ ហើយមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤គឺ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត មានតំបន់សេដ្ឋកិច្ចពិសេសអូនាង តំបន់សេដ្ឋកិច្ចពិសេសRoyal Group ប៉ោយប៉ែត តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសលីអ៊ុតនីមិនដំណើរការ និងសួនឧស្សាហកម្មចំនួនមួយ នៅក្រុងសិរីសោភ័ណ គឺសួនឧស្សាហកម្មស៊ីសុផុនអ៊ិនដាសស្ទ្រៀលផាក ចំនួន ១៥ រោងចក្រ មានកម្មករនិយោជិតសរុបចំនួន ៩៣២៧នាក់ស្រីចំនួន ៦១៩២នាក់ ។

ដោយឡែក ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈរដ្ឋបាលខេត្តនិងមន្ទីរការងារបានគ្រោងនឹងសាងសង់អគារបណ្តុះបណ្តាលក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យព្រមទាំងបានផ្តោតសំខាន់លើជំនាញគោលចំនួន ៥រួមមានវិស្វកម្មអគ្គិសនី វិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល និងវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រសត្វ។

ឯកឧត្តម អុិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការតែងតាំងប្រកាសចូលកាន់មុខតំណែង ប្រធាន-អនុប្រធានមន្ទីរនាពេលនេះគឺដោយសាប្រធានមន្ទីរចាស់ ត្រូវបានចូលនិវត្តន៍ ហើយក៏សុំធ្វើការកោតសរសើរដោយស្មោះចំពោះលោក រស់ សារុំ ដែលជាអតីតប្រធានរយៈកាលកន្លងមកលោកបានខិតខំប្រឹងប្រែងដឹកនាំអង្គភាពទទួលបានព្រឹត្តិការណ៍ជោគជ័យ។

ឯកឧត្តមបានមានប្រសាសន៍ផ្ដាំផ្ញើដល់លោកប្រធានមន្ទីរ អនុប្រធានថ្មីដែលត្រូវបានចូលកាន់មុខតំណែងជាផ្លូវការនៅថ្ងៃនេះសុំឲ្យមានការសាមគ្គីភាពឯកភាពផ្ទៃក្នុងគ្មានការរំលោភបំពានអំណាចទៅវិញទៅមកនិងជាប្រធានត្រូវមានការពិគ្រោះយោបល់រវាងថ្នាក់ក្រោម ចេះជួយទុក្ខធុរៈគ្នាជាពិសេសត្រូវធ្វើការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំងប្រាំ គឺ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ ។ ជាប្រធានត្រូវចិត្តទូលាយអត់ធ្មត់ឲ្យបានទើបសម្រេចបានការងារធំ ពិសេសជាងនេះទៅទៀតសូមផ្ដល់នូវសេវាឲ្យបានល្អជូនបងប្អូនកម្មករ និយោជិតធ្វើការនៅតាមរោងចក្រនានា នៅក្នុងខេត្តបន្ទាយមានជ័យ ៕
ដោយ ៖ ឃិន គន្ធា

ads banner