ផ្លូវទៅកាន់រម្មណីដ្ឋាន ទឹកធ្លាក់ថ្មក្រាល បានកាត់ផ្តាច់ជាង ១០០ម៉ែត្រ ដោយជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋនៅតំបន់នោះ មិនអាចធ្វើដំណើរទៅមកបាន
ខេត្តកំពង់ឆ្នាំង ៖ ទំនប់ចាក់ទឹម គឺជាទំនប់ស្ទាក់ទឹកផង និងជាផ្លូវតភ្ជាប់ទៅកាន់រម្មណីដ្ឋាន ទឹកធ្លាក់ថ្មក្រាលផង
បានបាក់អស់ប្រហែលជាង ១០០ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង ហើយការធ្វើដំណើរ ត្រូវបានកាត់ផ្តាច់មិនអាចធ្វើដំណើរបាន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១រំលងអាធ្រាតុឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នៅក្នុងភូមិសាស្ត្រ ឃុំជៀប ស្រុកទឹកផុស ។
អាជ្ញាធរស្រុក ទឹកផុស និងមន្ត្រីជំនាញ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានចុះទៅពិនិត្យស្ថានភាព ខូចខាតផ្លូវធ្វើដំណើរ និង ជាផ្លូវយ៉ាងសំខាន់សម្រាប់ទៅកាន់តំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយ៍ភាព ទឹកធ្លាក់ថ្មក្រាលក្រោយការចុះពិនិត្យ ឃើញថា៖ ការ
ខូចខាត មានច្រើនកន្លែង ក្នុងនោះមាន៖ ចំណុចទំនប់ចាក់ទឹម មានប្រវែងប្រមាណ ១០០ម៉ែត្រ និងមានជម្រៅប្រមាណ ១០ម៉ែត្រ ,ចំណុចស្ពានថ្មអូរឃ្លៃ ភូមិតានៃ ប្រវែង ១៥ម៉ែត្រ មានជម្រៅ ៣.៥ម៉ែត្រ ,ទំនប់ដូនពៅខូចខាត ភ្លឺប្រឡាយជាង ១៥០ម៉ែត្រ ដែលមានទទឹងចាប់ពីកន្លះម៉ែត្រ ដល់ ២ម៉ែត្រ ។
ប្រភពពីមន្ត្រីសាលាស្រុកទឹកផុសបានឱ្យដឹងថា ក្រោយពេលបាក់ទំនប់ចាក់ទឹម ធ្វើឱ្យទឹកក្នុងបឹងចាក់ទឹម បានហូរចេញពីក្នុងបឹងស្ទើអស់ ហើយទឹកទាំងនោះបាន ហូរចុះតាមអូរ តាមប្រឡាយ និងបែកវាលចុះមកក្រោម ។ បញ្ហានេះខាងសាលាស្រុកបានជូនដំណឹងទៅតំបន់ផ្នែកខាងក្រោម ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នរួចហើយដូចជា នៅឃុំចោងម៉ោង និង ឃុំតាំងក្រសាំងជាដើម ដែលមានទំនប់ និងទ្វារទឹក ។
ដោយឡែក លោក ដោក ប៊ុនថុនប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ទំនប់ស្ទាក់ទឹក ចាក់ទឹម គឺបានកសាងក្នុងសម័យខ្មែរក្រហម ។ ទំនប់នេះបានស្ទាក់ទឹកដែលហូរតាមអូរក្នុងតំបន់ថ្មក្រាល ធ្លាក់ចូលបឹងចាក់ទឹម។ កាលពីពេលកន្លងទៅនេះ ដើម្បីអភិវឌ្ឍន៍ ស្តារបឹងចាក់ទឹមឱ្យមានជម្រៅឡើងវិញ ខាង ធនធានទឹក បានសម្រេច ស្តារបឹង ជួសជុល និងកសាងទ្វារទឹក សាង់សង់ដោយសម័យខ្មែរក្រហម ដែលមានសភាពចាស់ទ្រុឌទ្រោមឡើងវិញ ។ ពេលកំពុងសាងសង់ ក៍បានបិទទឹកនៅចំណុចទ្វារទឹកដែលកំពុងដំណើរការ ហើយបានបង្វែមុខទឹក ឱ្យធ្លាក់ទៅតាមប្រឡាយមួយផ្សេងទៀតដែលមានស្រាប់ ។
លោក ដោក ប៊ុនថុន បានឱ្យដឹងទៀតថា ដោយសារស្ថានភាព ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងពេក ធ្វើឱ្យកំពស់ទឹកក្នុងបឹងចាក់ទឹមបានចាល់ឡើងខ្ពស់ ក្នុងស្ថានភាពបែបនេះ ខាងមន្ទីរធនធានទឹកបានសម្រេចកាយមុខទឹកបង្ហូរចេញដើម្បីរំដោះទឹកដែរ ប៉ុន្តែទឹកហូរបុកខ្លាំងពេកទើបបណ្តាលឱ្យហូរបុកដាច់ផ្លូវបែបនេះទៅ បន្ទាប់មកខាងមន្ទីរ ធនធានទឹកបានដឹកដីចាក់លប់វិញជាបណ្តើរៗហើយដែរ ៕ សុខ គឹមសៀន






