ប្រមុខការពារជាតិអាម៉េរិកគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ចិន ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងជួបភាពតានតឹងខ្លាំង

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ មានផែនការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាអំពីវិធីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ខណៈភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយរវាងប្រទេសទាំងពីរបានកើនឡើង និងការព្រួយបារម្ភនៅតំបន់ដែនសមុទ្រចិនខាងត្បូង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។

លោក ម៉ាក អេស្ពើ បានថ្លែងនៅថ្ងៃអង្គារនេះថា រូបលោកសង្ឃឹមថា នឹងធ្វើ ទស្សនកិច្ចនាមុនដំណាច់ឆ្នាំនេះ ដើម្បីបង្កើតប្រព័ន្ធចាំបាច់ សម្រាប់បញ្ហាទំនាក់ទំនង ក៏ដូចជាពង្រឹងចេតនារបស់យើង ចំពោះការប្រកួតប្រជែងដោយបើកចំហរនៅក្នុងប្រព័ន្ធអន្តរជាតិ ដែលយើងទាំងអស់គ្នាជាកម្មសិទ្ធិ ។

ប្រមុខការពារជាតិអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ពួកយើងមិនមែនកំពុងស្វែងរកការប៉ះទង្គិចគ្នានោះទេ ។ សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាម៉េរិកប្រឈមនឹងភាពតានតឹងខ្លាំង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មលើធនាគារទាំងឡាយណា ដែលធ្វើជំនួញជាមួយមន្ត្រីចិន និងមានជាប់ពាក់ព័ន្ធក្នុងការអនុម័តច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង នាពេលថ្មីៗនេះ ។

បន្ថែមលើនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិកក៏បានប្រកាសដែរថា អាម៉េរិកចាត់ទុកសកម្មភាពនានារបស់ចិន ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាទង្វើខុសច្បាប់ ហើយអាម៉េរិកក៏នឹងបង្កើនការគាំទ្របន្ថែមទៀត ដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលកំពុងមានជម្លោះជាមួយចិនផងដែរ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner