តួកគីនិយាយថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននឹងចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងសប្តាហ៍នេះ
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថ្លែងថា កិច្ចព្រមព្រៀងសម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែនឆ្លងកាត់ច្រកសមុទ្រខ្មៅ នឹងត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រនេះ ដោយមានការចូលរួមពីរុស្ស៊ី អ៊ុយក្រែន អង្គការសហប្រជាជាតិ និងតួកគី។
លោក អឺដូហ្គាន់ និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូហ្គូធឺរែស ត្រូវបានគេរំពឹងថា គ្រោងចូលរួមក្នុងពិធីចុះហត្ថលេខាដែលនឹងធ្វើឡើងនៅការិយាល័យប្រធានាធិបតីតួកគី Dolmabahce ក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅម៉ោង១៨៖៣០នាទីល្ងាចថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។
កិច្ចព្រមព្រៀងខាងលើបានកើតឡើងនៅពេលមានការព្រួយបារម្ភកាន់តែខ្លាំង អំពីបញ្ហាកង្វះ ស្បៀងអាហារជាសកល ដែលជាលទ្ធផលនៃសង្គ្រាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ភាគីទាំង៤បានធ្វើការចរចាជុំទីមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងគោលបំណងបញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក ដើម្បីសម្រួលដល់ការផ្គត់ផ្គង់។
បើតាមមន្រ្តីតួកគី ទីក្រុងអ៊ីស្តង់ប៊ុល នឹងក្លាយជាមជ្ឈមណ្ឌលប្រតិបត្តិការ ដែលដំណើរការដឹកជញ្ជូនទាំងមូលនឹងត្រូវបានអនុវត្ត។ តួកគីគ្រប់គ្រងចរាចរណ៍ផ្លូវសមុទ្រចូលនិងចេញពីសមុទ្រខ្មៅតាមច្រកសមុទ្រ Bosphorus៕ ប្រភព៖ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា





