តួកគី ហ្វាំងឡង់ និងស៊ុយអែតគ្រោងជួបគ្នា នៅខែសីហាខាងមុខ ដើម្បីវាយតម្លៃលើការសន្យាប្រឆាំងភេរវកម្មមុនចូលណាតូ
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលុត ខាវូសូលូ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថ្លែងថា តួកគី ហ្វាំងឡង់ និងស៊ុយអែត នឹងបើកកិច្ចប្រជុំរួមគ្នាមួយនៅខែសីហាខាងមុខ ដើម្បីវាយតម្លៃការសន្យាប្រឆាំងភេរវកម្មរបស់ប្រទេស Nordic ទាំងពីរ ដែលទាមទារដោយទីក្រុងអង់ការ៉ា សម្រាប់ការដកវេតូលើការដេញថ្លៃសមាជិកភាពរបស់អង្គការណាតូរបស់ពួកគេ។
លោក ខាវូសូលូ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋ TRT របស់តួកគីថា កិច្ចប្រជុំនៅខែសីហានឹងវាយតម្លៃវឌ្ឍនភាពរបស់ស៊ុយអែត និងហ្វាំងឡង់ ដែលបានធ្វើឡើងតបតាមការទាមទារប្រឆាំងភេរវកម្មរបស់ទីក្រុងអង់ការ៉ា ដើម្បីផ្តល់សច្ចាប័នលើការដេញថ្លៃសមាជិកភាពរបស់អង្គការណាតូ។
ជាមួយគ្នានេះ លោក ខាវូសូលូ ក៏បានរំលឹកឡើងវិញផងដែរថា សភាតួកគីអាចនឹងបដិសេធដំណើរការចូលជាសមាជិករបស់ពួកគេ ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតមិនរក្សាការសន្យារបស់ខ្លួន។
គួរបញ្ជាក់ថា ប្រទេសសមាជិកចំនួន៣០ របស់អង្គការណាតូបានចុះហត្ថលេខាលើពិធីសារចូលជាសមាជិកសម្រាប់ស៊ុយអែត និងហ្វាំងឡង់កាលពីដើមខែកក្កដា ដោយចាប់ផ្តើមដំណើរការដើម្បីទទួលយកប្រទេស Nordic ទាំងពីរចូលទៅក្នុងសម្ព័ន្ធភាពយោធានេះ។ ជំហានបន្ទាប់ គឺសម្រាប់សភានៃសមាជិកណាតូទាំងអស់ ធ្វើសច្ចាប័នលើការចូលជាសមាជិកអង្គការណាតូ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



