ក្រុមរថយន្តOFF ROADកម្ពុជា ដាក់គោលដៅដណ្តើមឲ្យបានចំណាត់ថ្នាក់ចន្លោះពីលេខ១ដល់លេ ខ៥ក្នុងព្រឹត្តិការណ៍ប្រណាំងអន្តរជាតិនៅប្រទេសថៃ
ប្រធានក្រុមខេមបូ4×4លោក ព្រុំ រស្មី បានថ្លែងឲ្យដឹង នាព្រឹកថ្ងៃទី២២ ខែ កក្តដា ឆ្នាំ២០២២នេះថា ក្រុមរថយន្តOFF ROADកម្ពុជា ចំនួន៣ក្រុមស្មើរនឹង៩រថយន្ត ត្រូវបានភាគីប្រទេសអញ្ជើញទៅចូលរួមក្នុងកម្មវិធីប្រណាំងរថយន្តOFF ROAD គំរប់២០ឆ្នាំ នៅខេត្ត កាន់ឆាណាក់បុរី ប្រទេសថៃ ដែលប្រព្រឹត្តិទៅ នាអំឡុងពាក់កណ្តាលខែ សីហា ឆ្នាំ២០២២ខាងមុខនេះ ។
លោក បានគូសបញ្ជាក់ទៀតថា កម្មវិធីប្រណាំងនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃ ទី២៨ ខែ សីហា ឆ្នាំ២០២២ ដោយមានប្រទេសចូលរួមចំនួន៥ប្រទេស មានដូចជា៖ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា កម្ពុជា និងថៃម្ចាស់ផ្ទះ ដែលមានរថយន្តចូលរួមប្រណាំងប្រមាណជាជាង១០០គ្រឿង។
ប្រធាន ក្រុមខេមបូខាងលើ បានបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍ប្រណាំងកម្រិតអន្តរជាតិនេះ ក្រុមរថយន្តOFF ROADកម្ពុជា នឹងទៅចូលរួមចំនួន៣ក្រុមស្មើរនិង៩រថយន្តមានដូចជា៖ ក្រុមខេមបូ4×4 ក្រុមVKHនិងក្រុមគោព្រៃមណ្ឌលគិរី។
លោក អះអាងថា ការចូលរួមប្រណាំងរបស់ក្រុមកម្ពុជាក្នុងកម្មវិធីប្រណាំងកម្រិតអន្តរជាតិដ៏ធំនៅប្រទេសថៃនេះ គឺក្រុមកម្ពុជាចង់បង្កើតនៅចំណងសាមគ្គីភាព មិត្តភាពជាមួយប្រទេសជិតខាង ពិសេស ចង់បង្ហាញទៅកាន់ប្រទេសនៅលើពិភព និងអាស៊ីថា កម្ពុជាក៏ជាប្រទេសដែលមានធនធានកីឡាករលេងក្នុងវិស័យកីឡាយន្ត OFF ROADផងដែរ និងចង់បញ្ជាក់ ថា កម្ពុជាអាចធ្វើបាន។
ប្រធានក្រុមដឹកនាំរូបនេះ បានបញ្ជាក់ទៀតថា ដោយឆ្លងកាត់បទពិសោធន៍ និងបច្ចេកទេស ការប្រណាំងនៅលើកំពូលភ្នំគិរីរម្យ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ លោក សង្ឈឹមជឿជាក់ថា ក្រុមOFF ROADរបស់កម្ពុជានឹងមានលទ្ធភាពដណ្តើមបានពានមួយមកជូនកម្ពុជាដែលជាជ័យលាភីចំណាត់ថ្នាក់ល្អមួយចន្លោះពីលេខ៥ទៅចំណាត់លេខ១ពីការប្រណាំងកម្រិតអន្តរជាតិមាន៥ប្រទេសចូលរួមនេះ។
លោក បន្ថែមថា រថយន្ត OFF ROADកម្ពុជា ដែលគ្រោងបញ្ជូនទៅចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍អន្តរជាតិខាងលើនេះ បច្ចុប្បន្នកំពុងបំពាក់គ្រឿងបច្ចេកទេសឲ្យគ្រប់ទៅតាមស្តង់ ដោយជាងជំនាញរបស់កម្ពុជាគ្រោងចំណាយថវិកាក្នុងមួយគ្រឿងៗប្រមាណជាជាង២ម៉ឺនដុល្លារអាមេរិក។
សូមបញ្ជាក់ថា កម្មវិធីប្រណាំងរថយន្តOFF ROAD គំរប់២០ឆ្នាំដែលរៀបចំដោយប្រទេសថៃ នៅខេត្ត កាន់ឆាណាក់បុរី ដែលជាការប្រណាំងលក្ខណៈជាក្រុមនេះ ក្រុមកម្ពុជាចូលរួមជាលើកដំបូង ខណៈការប្រណាំងក្នុងឆ្នាំ២០១៩ ក្រុមកម្ពុជាខកខានមិនបានចូលរួមប្រណាំង ដោយបញ្ហាជំងឺកូវីដ១៩៕ អត្ថបទ៖ ជាវ ចន្ធូ





