អ៊ីតាលី នឹងបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានលាឈប់
រូម៖ ប្រទេសអ៊ីតាលីនឹងរៀបចំការបោះឆ្នោតមុនអាណ្តិត ក្រោយពីមានការ លាលែងពីតំណែង របស់នាយករដ្ឋមន្ត្រី Mario Draghi ។ ប្រព័ន្ធផ្សព្វផ្សាយថា ការបោះឆ្នោតជាតិដែលបានគ្រោងធ្វើនៅរដូវផ្ការីកក្រោយ នឹងត្រូវធ្វើនៅខែកញ្ញា ២០២២នេះវិញ។
ប្រធានាធិបតី Sergio Mattarella បានរំលាយសភាទាំងពីរ បន្ទាប់ពីទទួលយកលិខិតលាលែងពីតំណែងរបស់លោក Draghi កាលពីថ្ងៃព្រហស្បតិ៍ ទី២១ កក្កដា។
លោក Draghi បានសម្រេចចិត្តចុះចេញពីដំណែង បន្ទាប់ពីគណបក្សធំៗចំនួនបីនៅក្នុងសម្ព័ន្ធដ៏ធំរបស់គាត់បានបដិសេធការបោះឆ្នោតទំនុកចិត្តនៅក្នុងសភាជាន់ខ្ពស់ កាលពីថ្ងៃពុធ។ ពួកគេបាននិយាយថា ពួកគេមិនពេញចិត្តនឹងការគ្រប់គ្រងរបស់លោក Draghi ។ ហើយ លោក Draghi ដែលជាអតីតប្រធានធនាគារកណ្តាលអ៊ឺរ៉ុបផងនោះថា រូបលោកបានព្យាយាមប្រឹងប្រែងធ្វើការស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកន្លងមក ។
នាយករដ្ឋមន្ត្រីលាឈប់ពីតំណែងរូបនេះ ក៏ត្រូវបានដឹងថា ជាអ្នកជំរុញការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរុស្ស៊ី និងការផ្តល់អាវុធដល់អ៊ុយក្រែន ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់ និងបារាំង។
អ៊ីតាលីកំពុងប្រឈមមុខនឹងបញ្ហានៃការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត និងការផ្តាច់ប្រទេសចេញពីឧស្ម័នធម្មជាតិរបស់រុស្ស៊ីភាពចលាចលនយោបាយរបស់ប្រទេសអ៊ីតាលីអាចនឹងបន្តមួយរយៈ ហើយអាចប៉ះពាល់ដល់សេដ្ឋកិច្ច និងគោលនយោបាយការបរទេសរបស់ខ្លួន នេះបើតាមអ្នកវិភាគ៕ ប្រភពពី NHK , ប្រែសម្រួលដោយ៖ សារ៉ាត




