ប្រធានាធិបតីបេឡារូសព្រមានថា ជម្លោះនៅអ៊ុយក្រែនត្រូវតែចប់ ដើម្បីបញ្ចៀសសង្គ្រាមនុយក្លេអ៊ែរ

មីនស្ក៍៖ ប្រធានាធិបតីបេឡារូសលោក អាឡិចសាន់ឌើ លូកាសិនកូ បានគូសបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងសម្ព័ន្ធមិត្តលោកខាងលិច ត្រូវតែយល់ព្រមបញ្ឈប់ជម្លោះនៅអ៊ុយក្រែន ដើម្បីជៀសវាងផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ។

លោក លូកាសិនកូ វ័យ ៦៧ឆ្នាំដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា យើងត្រូវតែបញ្ឈប់ជម្លោះ ហើយរកដំណោះស្រាយដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់ភាពរញ៉េរញ៉ៃ ប្រតិបត្តិការ និងសង្រ្គាមនៅអ៊ុយក្រែន។

ទន្ទឹមគ្នា ប្រធានាធិបតីបេឡារូសរូបនេះ បានធ្វើការស្តីបន្ទោសចំពោះការដុតបញ្ឆេះសង្រ្គាមលើប្រទេសលោកខាងលិច ដោយចោទប្រកាន់ថា ពួកគេកំពុងស្វែងរកការបង្កាត់ភ្លើងជម្លោះជាមួយរុស្ស៊ី ក៏ដូចជាការបង្កឱ្យមានការបង្ហូរឈាមដែលកំពុងបន្ត។ លោក លូកាសិនកូ បានសង្កត់ធ្ងន់ថា អ្នកបានបង្កើតសង្រ្គាម ហើយកំពុងបន្តវា… លទ្ធផលអាចត្រូវបានជៀសវាងប្រសិនបើរុស្ស៊ីត្រូវបានផ្តល់ការធានាសុវត្ថិភាព ដែលខ្លួនបានស្វែងរកពីរដ្ឋលោកខាងលិច។

គួរបញ្ជាក់ថា កន្លងមកមន្ត្រីរុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូនឹងអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងព្រឹត្តិការណ៍ណាមួយដែលខ្លួនកំពុងប្រឈមមុខ ក៏ដូចជាការគំរាមកំហែងដែលមានស្រាប់មកលើរុស្ស៊ី។

ការព្រួយបារម្ភជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរបានកើនឡើង ជាពិសេសនៅដើមសង្គ្រាមអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន បានដាក់កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅថ្ងៃទី២៧ ខែកុម្ភៈ ពោលបីថ្ងៃបន្ទាប់ពីការបញ្ជារបស់លោកឲ្យបើកការវាយលុកអ៊ុយក្រែន៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner