រដ្ឋមន្ត្រីកសិកម្មទទួលជួបប្រធានថ្មីនៃកម្មវិធីកសិកម្ម អន្តរជាតិកូរ៉េជាមួយនឹងការបង្ហាញសមិទ្ធផលថ្មី
ភ្នំពេញ៖ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ ការអភិវឌ្ឍ វិស័យកសិកម្មនៅកម្ពុជាជាង១០ឆ្នាំ កន្លងទៅនេះ ដោយផ្តោតលើការងារបណ្តុះបណ្តាល និងស្រាវជ្រាវ។
បន្ថែមលើនេះលោករដ្ឋមន្រ្តីកសិកម្មក៏សង្ឃឹមថា កម្មវិធី កសិកម្មអន្តរជាតិកូរ៉េ (KOPIA) នឹងបន្ត ពង្រីកកិច្ចសហការ ដ៏ល្អនេះបន្តទៀត ជាពិសេសលើការងារបណ្ដុះបណ្ដាល ស្រាវជ្រាវពូជដំណាំដែលកំពុងមានសក្ដានុពល ដូចជា៖ ពូជពោតក្រហមជាមួយអគ្គនាយកដ្ឋានកសិកម្ម និង សាកល វិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។
ការបញ្ជាក់ទាំងឡាយខាងលើរបស់ឯកឧត្តម វេង សាខុន បានលើកឡើងក្នុងជំនួបជាមួយលោកបណ្ឌិត សុង យ៉ុង ជូ(Song Young Ju) ប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរ ជាតិកូរ៉េ ហៅកាត់ថា KOPIAកាលពីថ្ងៃទី២១ ខែកក្កដានៅ ទីស្តីការក្រសួង ដើម្បីពិភាក្សាការងារពាក់ព័ន្ធ នឹងជំនួយ ឧបត្ថម្ភគាំទ្ររបស់សាធារណរដ្ឋកូរ៉េលើវិស័យកសិកម្មនៅកម្ពុជា។
ប្រភពក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងសវនាការនេះ លោកបណ្ឌិត Song Young Ju ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីកសិកម្មអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផលិតកម្មពូជពោតក្រហម CHM01 ដែលជាគ្រាប់ពូជអីប៊្រិដកម្ពុជា ទី១។ ចំពោះគម្រោងនេះ លោកបណ្ឌិតបានបញ្ជាក់ថា ពូជ CHM01 គឺទទួលបានមកពីកិច្ចខិតខំប្រឹងប្រែង សិក្សា ស្រាវជ្រាវ និងបង្កាត់ដោយអ្នកជំនាញការកូរ៉េ និងមន្ត្រីជំនាញ នៃ អគ្គនាយកដ្ឋានកសិកម្មនៅស្ថានីយពិសោធន៍ កសិកម្ម បន្ទាយដែកលើផ្ទៃដីប្រាំពីរហិកតា ដើម្បីចែកជូនកសិករ តាម ខេត្តគោលដៅ។ លោកបន្ថែមថា ពូជ CHM01 នេះគឺជា ពូជដ៏ ល្អ និងអាចប្រកួតប្រជែងជាមួយពូជនាំ ចូលមកពីបរទេស បាន ហើយផែនការអនុវត្តបីឆ្នាំ ពីឆ្នាំ២០២១-២០២៣នៃគម្រោង នេះនឹងចែកជូនប្រជាកសិករក្នុងមួយគ្រួសារទទួលបាន២០គីឡូ សម្រាប់ធ្វើការដាំដុះក្នុងមួយហិកតា ដោយត្រូវចែកជូន កសិករដាំដុះឱ្យបាន ៣០០ហិកតា។ទិន្នផលដែលរំពឹង ថា នឹង អាចទទួលបានគឺ៩-១០ តោនក្នុង មួយហិកតា។ចំពោះ គម្រោង ផ្សេងៗដូចជា គម្រោងការធ្វើឱ្យប្រសើរឡើង នូវ បច្ចេកវិទ្យា ចិញ្ចឹមដង្កូវនាង និងការផលិតសូត្រចេញពី ដង្កូវនាង កូនកាត់ពូជ CK1-7-4 និងគម្រោងសាកវប្បកម្ម កម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA នឹងបន្តផ្តល់ការគាំទ្រ បន្ថែមទៀតផងដែរ។
ចំណែកឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនភ្ញៀវថា ពោតក្រហម គឺ ជាដំណាំដ៏មានសក្ដានុពលសម្រាប់កម្ពុជា ហើយតាមរយៈ ពូជ ថ្មីនេះ ឯកឧត្តមសង្ឃឹមថា នឹងអាចពង្រីកផលិតកម្ម ឱ្យ កាន់តែច្រើនស្របតាមទស្សនៈវិស័យរបស់ ក្រសួង ក្នុងការ ជំរុញការផលិត ផ្គត់ផ្គង់ទូទាំងប្រទេសសម្រាប់ផលិត ចំណី សត្វ និងឈានទៅធ្វើការនាំចេញពោតក្រហមឲ្យបាន ច្រើន ថែមទៀត។
ប្រភពដដែលបន្តថា ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីស្នើ ដល់ភាគីកូរ៉េ និងអគ្គនាយកដ្ឋានកសិកម្មបន្តកិច្ច សហការដ៏ ល្អនេះ ជំរុញការផលិត និងបន្តការបង្កាត់ពូជថ្មីៗបន្ថែមទៀត គឺពូជ CHM02 និង CHM03។ ទន្ទឹមនឹងនេះ ដើម្បី និរន្តរភាព នៃការផលិត និងបង្កាត់ពូជថ្មីនេះសម្រាប់ផ្គត់ផ្គង់ ទូទាំងប្រទេស ។ គួរពិនិត្យពិចារណា និងជ្រើសរើស វិស័យឯកជនដែលមានទាំងធនធាន និងសក្ដានុពលឱ្យ ចូលរួមក្នុងការងារនេះ៕
ដោយ៖សេឌី







