ចេកល័ក្ខជាដំណាំអត្តសញ្ញាណមួយសម្រាប់ប្រជាជននៅលើខ្នងភ្នំគូលែនខេត្តសៀមរាប
សៀមរាប៖ «ចេកល័ក្ខ» ទោះជាពេលមិនទាន់មានការ ទទួល ស្គាល់ជាផ្លូវការណាមួយនៅឡើយក៏ដោយ តែសម្រាប់ ប្រជា ជន នៅខេត្តសៀមរាបភាគច្រើនទទួលស្គាល់ថាជាដំណាំ ហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅលាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។
ដោយសារដីអំណោយផលសម្រាប់ដំណាំចេកនេះផង ប្រជាពលរដ្ឋ រស់នៅខ្នងភ្នំគូលែននិយមដាំដំណាំនេះសឹងតែ គ្រប់គ្រួសារ និងម៉្យាងដំណាំ ចេកល័ក្ខវា បានដុះនៅលើខ្នង ភ្នំគូលែនតាំងតែពីយូរលង់មកហើយដែរ។
ភ្ញៀវទេសចរទាំងឡាយ ដែលបានធ្វើដំណើកម្សាន្ត ទៅកាន់ ភ្នំគូលែន ប្រាកដជាស្គាល់ពីវត្តមានដំណាំចេកល័ក្ខនិងផ្លែ របស់វា ពីព្រោះថាមាន ការដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់រមណីយទេសចរធម្មជាតិមួយកន្លែងនេះ។ប្រជាជន បានដាក់លក់ទាំងស្ទងៗដែលមានតម្លៃមួយស្ទងចាប់ពី២៥.០០០ដល់៣០.០០០រៀល។បើទិញជាស្និតវិញ ពួកគាត់លក់ក្នុង តម្លៃមួយស្និត ៤.០០០-៧.០០០រៀលទៅតាមទំហំ តូចតាម ធំ។
លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ប្រជា ពលរដ្ឋរស់នៅ តំបន់នោះនិយមដាំចេកប្រភេទចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។ចេកប្រភេទនេះបើតាមលោកបានដឹងគឺជា ប្រភេទ ដំណាំប្រពៃរបស់អ្នកស្រុកប្រចាំទីកន្លែងនេះច្រើនតំណមកហើយ។
ប្រធានសហគមន៍រូបនេះបានឱ្យដឹងបន្ថែមថា”ចេកល័ក្ខជាប្រភេទដែលមានរសជាតិផ្អែម និងក្លិនក្រអូប ប៉ុន្តែ គេមិនអាចយកចេកនេះទៅធ្វើបង្អែម ស្ងោរ ធ្វើចេកឆាប ឬធ្វើនំផ្សេងៗបាននោះទេ។ គេអាចបរិភោគ វាបានពេលទុំហើយវាមានរសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។ក្រៅពីនេះក្នុងពិធីបុណ្យផ្សេងៗគេក៏មិនបានប្រើវាដែរពោលគឺគេប្រើតែពេលវាទុំទុកបរិភោគប៉ុណ្ណោះ”។
លោកបានប្រាប់បន្ថែមថាចេកល័ក្ខមានផ្លែធំៗហើយក្នុងមួយស្ទងមានត្រឹមតែ៤ដល់៦ស្និតទេ។ ចេកនេះដែរងាយដាំ ហើយហុចផលល្អ និងបើគេចង់ដាំនៅទីកន្លែងដទៃក្រៅពីលើខ្នងភ្នំគូលែនក៏អាចដាំបានដូចគ្នា គ្រាន់តែអ្នកខ្លះយកទៅដាំផ្លែពុំសូវធំនិងពុំល្អដូចវាដុះនៅលើភ្នំដែលជាដីកំណើតវានេះប៉ុណ្ណោះ។
អ្នកស្រី គឿងប៉ុច អ្នកលក់ចេកល័ក្ខ លើខ្នងភ្នំគូលែនមួយរូបបានប្រាប់ឱ្យដឹងថាចេកនេះអ្នកស្រីបានទិញពីអ្នកភូមិមកលក់ឱ្យភ្ញៀវទេសចរគឺលក់ដាច់គួរសម ដោយក្នុងនេះអ្នកស្រីអាចលក់ចាប់ពី៥ស្ទងរហូតដល់១០ស្ទង។
ស្រ្តីរូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា “ចេកល័ក្ខនេះអ្នកទេសចរបានឃើញតែងចូលចិត្តទិញ។ខ្ញុំមានលក់ដើមវាដោយលក់មួយដើម៥ពាន់រៀល។គេអាចទិញវាទៅដាំនៅតាមទីជនបទបាន”។
ជាមួយការលក់ចេញល័ក្ខនេះដែរ អ្នកស្រី គឿងប៉ុចបានផ្តាំផ្ញើរឱ្យអ្នកទេសចរណ៍ចូលទៅកម្សាន្តលើខ្នងភ្នំគូលែនកុំភ្លេចទិញចេកល័ក្ខភ្លក្សពីព្រោះថាវាមានរស់ជាតិឈ្ងុយឆ្ងាញ់ ហើយបើបានភ្លក្សនឹងជាប់ចិត្តពុំខាន។
គួរបញ្ជាក់ថាបើតាមលោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ ខេត្ត សៀមរាបធ្លាប់បានប្រាប់AMSឱ្យដឹងនាថ្មីៗមកនេះថាអាជ្ញាធរមូលដ្ឋានតែងជំរុញឱ្យប្រជាសហគមន៍ចិញ្ចឹមសត្វ និងធ្វើកសិកម្ម ដើម្បី លើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន។តាមរយៈការចិញ្ចឹមសត្វ និងដាំដំណាំកសិកម្មពួកគាត់អាចលក់ជូនភ្ញៀវទេសចរណ៍ដើម្បីលើកស្ទួយជីវភាពគ្រួសារកាន់តែប្រសើរឡើងជាបន្តបន្ទាប់៕ដោយ៖ម៉ាដេប៉ូ





