កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌
កំពង់ឆ្នាំង៖ យោងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥ និង ១៥នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី គឹម សាន នាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៍ ចុះបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ នៅចំណុចលើផ្លូវជាតិលេខ៥ មុខវិទ្យាល័យត្រពាំងចាន់ ភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលកំលាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់មានឈ្មោះ ១.ឈ្មោះ ពៅ ដាលីន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករចិញ្ចឹមត្រី ទីលំនៅបច្ចុប្បន្នភូមិគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
២.ឈ្មោះ ម៉ាក់ ម៉ាត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករចិញ្ចឹមត្រី ទីលំនៅបច្ចុប្បន្នភូមិគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងទី៣.ឈ្មោះ ជុំ ចេក ភេទប្រុស អាយុ២៩ឆ្នាំ ចាប់នៅចំណុចសាលាបឋមសិក្សាកូលាប ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ រស់នៅភូមិត្រពាំងម្តិញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងថ្នាំចំនួន ០៣កញ្ចប់ ។
យោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនខាងលើនេះបានដកហូតវត្ថុតាង ថ្នាំញៀនចំនួន ១៨កញ្ចប់តូច ទូសព្ឌ័ចំនួន ០២គ្រឿង ម៉ូតូ ០១គ្រឿង ឧបករណ៍វេចខ្ចប់ និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ខាងលើ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការខេត្តដើម្បីចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២ នេះ ៕ សុខ គឹមសៀន
