គិលានុបដ្ឋាក មានតួនាទីសំខាន់ណាស់ គឺជាទ័ពសជួរមុខ ជួយសង្គ្រោះជីវិតអ្នកជំងឺ

កំពត៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានលើកឡើងថា គិលានុបដ្ឋាក មានតួនាទីសំខាន់ គឺជាទ័ពសជួរមុខ ជួយសង្គ្រោះជីវិតអ្នកជំងឺ ព្រោះពួកគាត់នៅជាប់លាប់ជាមួយអ្នកជំងឺ។ ដូច្នេះលោកស្នើឲ្យក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកត្រូវផ្តោតលើការគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ឲ្យបានកាន់តែល្អប្រសើរ។

ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ នៅមន្ទីរសុខាភិបាលខេត្ត មានរៀបចំពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំនិងសមាសភាពក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពតអាណត្តិថ្មីចំនួន ១១រូប ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអនុបណ្ឌិត អ៊ុង សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានឱ្យដឹងថា គិលានុបដ្ឋាកកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ក្នុងគោលបំណងសំខាន់ ដើម្បីពង្រឹងការលើកកំពស់សុខមាលភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយជាតិ កាត់បន្ថយបាតុភាពអវិជ្ជមានបណ្ដាលមកពី ការមិនគោរពឱ្យបានត្រឹមត្រូវនូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈថែទាំ និងដើម្បីការពារកិត្តិយស និងឥស្សរៈភាពរបស់វិជ្ជាជីវៈ។

លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានលើកឡើងថា គិលានុបដ្ឋាក មានតួនាទីសំខាន់ គឺជាទ័ពស ជួរមុខ ជួយសង្គ្រោះជីវិតអ្នកជំងឺ ព្រោះពួកគាត់នៅជាប់លាប់ ជាមួយអ្នកជំងឺ ហើយមិនថាមានបញ្ហាសុខភាពអ្វីនោះទេ គឺពួកគាត់ជាអ្នកសកម្មជាងគេ មិនថាផ្នែករដ្ឋឬឯកជនទេ ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកកម្ពុជា ត្រូវយកចិត្តទុកដាក់ ជំរុញសមាជិកឲ្យអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អប្រសើរ និងត្រូវ ១.សម្រេចឲ្យបានទិសដៅសំខាន់ៗក្នុងការអនុវត្តឱ្យស្របតាមក្រមសីលធម៌ និង ផ្តល់ការថែទាំព្យាបាលអ្នកជម្ងឺឱ្យមានគុណភាព។ ២. ឃ្លាំមើលការប្រព្រឹត្តិ គោលការណ៍សីលធម៌ ភាពសុច្ចរិត យុត្តិធម៌ និងភក្តីភាពចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈថែទាំឱ្យមានប្រសិទ្ធិភាព។ ៣. ឃ្លាំមើលការប្រតិបត្តិរបស់សមាជិកចំពោះករណីកិច្ចវិជ្ជាជីវៈព្រមទាំងបទបញ្ញាត្ដិទាំងឡាយដែលមានចែងក្នុងក្រមសីលធម៌គិលានុបដ្ឋាកកម្ពុជា។
៤. ធានាការពារកិត្តិយស និងឥស្សរៈភាពរបស់វិជ្ជាជីវៈថែទាំ។ ៥.ត្រូវបំពេញភារកិច្ចរបស់ខ្លួនតាមរយៈក្រុមប្រឹក្សារបស់គណៈគិលានុបដ្ឋាកជាតិ ភូមិភាគ រាជ ធានី-ខេត្ត។ ៦.ការគ្រប់គ្រងលើគិលានុបដ្ឋាក ទាំងអស់ដែលប្រកបវិជ្ជាជីវៈថែទាំ ទាំងសេវាសាធារណៈនិង ឯកជន ត្រូវតែគោរពកិច្ចការចុះបច្ឆិកា និងមានអាជ្ញាបណ្ណក្នុងការប្រកបវិជ្ជាជីវៈថែទាំ ៧. ឃ្លាំមើលរាល់ការប្រតិបត្តិកិច្ចការ ដោយសេចក្ដីគោរពប្រតិបត្តិ។
ប្រកាសទទួលស្គាល់មានចំនួនសរុប ១១រូប ប្រធាន អនុប្រធាន លេខាធិការដ្ឋាន ហិរញ្ញិក និងសមាជិក ក្នុងនោះបានប្រគល់តួនាទីជូនលោក ភាន់ សុភក្រ្តា ជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តអាណត្តិថ្មី ជំនួសលោកណែម មុន្នី ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តអាណត្តិមុន ៕ Sila Sarin

ads banner