បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ ដាច់ខាតចំពោះជាតិសាសនា និង ព្រះមហាក្សត្រ
ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំ ស្តីពីការពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវត្រៀមអនុវត្តចំពោះមុខជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាពស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រនិងច្បាប់ បានបញ្ជាក់ពីស្ថានភាពនៃការអនុវត្តភារកិច្ចការងារអប់រំចិត្តសាស្ត្រ និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ របស់យោធិនចំណុះឱ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលលទ្ធផលល្អប្រសើរ ដោយមិនមានយោធិន ណាម្នាក់ប្រព្រឹត្តខុសច្បាប់របស់រដ្ឋ និងវិន័យរបស់កងទ័ពឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់ កងឯកភាពនឹងយោធិនគ្រប់រូប ដែលបានអនុវត្តល្អតាមតួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងវិស័យមនុស្សធម៌ បម្រើឲ្យបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ហើយត្រូវបានទទួលនូវការកោតសរសើរ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗរួមមាន ទី១ កងទ័ពត្រូវស្មោះត្រង់ ដាច់ខាតចំពោះជាតិសាសនា និង ព្រះមហាក្សត្រ ដោយត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និងដោយឥតលក្ខខណ្ឌ ទី២៖ បន្តសកម្មភាពហ្វឹកហ្វឺនពង្រឹងកងកម្លាំង ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារជាតិ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ។ ទី៣ យកចិត្តទុកដាក់កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ធានាជីវភាពរស់នៅឲ្យបានល្អប្រសើរ ជូនកងកម្លាំងនៅតាមកងឯកភាពនីមួយៗ។ ទី៤ យោធិនគ្រប់រូបដាច់ខាតមិនមានអ្នកប្រើប្រាស់គ្រឿងញៀន និងទី៥ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងសហការល្អជាមួយគ្រប់ស្ថាប័នក្នុងការបម្រើជាតិនិងប្រជាជន ៕ដោយ៖ ប៊ុន រដ្ឋា