ឯកឧត្តម សុខ សប្បាយណា៖ «មន្ត្រីត្រួតពិនិត្យដូប៉ានឹងចូលរួម ប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា»
ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជឿជាក់ថា ក្រោយពីបានឆ្លងកាត់សិក្ខាសាលាសី្តពីការបំប៉នសមត្ថភាពមន្ត្រីត្រួតពិនិត្យដូប៉ា សិក្ខាកាមទាំងអស់ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នឹងទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត ស្តីពីការប្រមូលសំណាកអត្តពលិក ដែលជាការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា ជាពិសេសគឺការទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
នៅក្នុងឱកាសអញ្ជើញជាអធិតីបិទសិក្ខាសាលាសី្តពីការបំប៉នសមត្ថភាពមន្ត្រីត្រួតពិនិត្យដូប៉ា នាល្ងាចថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ សប្បាយណា បានកោតសរសើរដោយស្មោះចំពោះគណៈគ្រប់គ្រងរៀបចំ និងសិក្ខាកាមទាំងអស់ ដែលបានខិតខំរៀនសូត្ររហូតដល់ចប់ ដោយសង្ខេបស្របតាមបទពិសោធន៍នៃការរៀបចំកន្លងមក។ «វិធីសាស្រ្តវិទ្យាសាស្រ្តកីឡា គឺការលេងកីឡាមានក្បួនខ្នាតមានវិន័យក្រមសីសធម៌ និងចិត្តធ្ងន់អំណត់»។
ឯកឧត្តមបន្ថែមថា នៅក្នុងអនុសញ្ញាអន្តរជាតិស្តីពី ការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡាបានចែងថា «រួមគ្នាទប់ស្កាត់ ឬបញ្ជៀសការប្រើប្រាស់សារធាតុលើកកម្លាំង (ដូប៉ា)» ពីព្រោះវានាំឲ្យគ្រោះថ្នាក់ដល់សុខភាពរបស់កីឡាករ កីឡាការិនី និងគ្មានយុត្តិធម៌នៅក្នុងការប្រកួតកីឡា។ ការប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុដូប៉ានេះ ក៏មានចែងនៅក្នុងធម្មនុញ្ញអន្តរជាតិ ស្តីពីការអប់រំកាយ និងកីឡារបស់អង្គការយូណេស្កូ និងធម្មនុញ្ញអូឡាំពិកអន្តរជាតិ។ អង្គការយូណេស្កូ និង WADA អំពាវនាវឲ្យរដ្ឋាភិបាលលើពិភពលោករួមគ្នាប្រយុទ្ធប្រឆាំងការលួចបន្លំ និងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា។ ជាពិសេសរដ្ឋភាគី នៃអនុសញ្ញាមានកាតព្វកិច្ចអនុវត្តការងារនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង់វិភាគទានប្រចាំឆ្នាំ ៥០០០$ ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្ន។ កន្លងមកនេះ CADA ទទួលបានមូលនិធិពីអង្គការយូណេស្កូចំនួន ១៨ ០០០$ សម្រាប់បើកវគ្គបំប៉ននៅថ្នាក់ជាតិ។
ឯកឧត្តម សុខ សប្បាយណា សង្កត់ធ្ងន់ថា ឆ្លើយតបទៅនឹងផែនការរបស់រាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវវិធានការគន្លឹះជាសារវន្តមួយចំនួន ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំកាយ និងកីឡាឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយមាន៣ចំណុចចធំៗបន្តទៀតដូចជា ១.ការបណ្តុះបណ្តាលធនធានមនុស្ស (អាជ្ញាកណ្តាល ចៅក្រម គណៈកម្មការរៀបចំការប្រកួត គ្រូបង្វឹក ក្រុមកីឡាថ្នាល និងក្រុមជម្រើសជាតិ) ២.ជួសជុល កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បំពាក់ឧបករណ៏ និងសម្ភារៈកីឡា ៣.ការកែសម្រួលរចនាសម្ព័ន្ធនៃការប្រកួតជើងឯកថ្នាក់ជាតិ និងការប្រកួតកីឡាជាតិ (National Games)។
ជាមួយគ្នានេះ លោក អ៊ិត ឡេង ប្រធានទីភ្នាក់ងារប្រឆាំងដូប៉ាកម្ពុជាបានគូសបញ្ជាក់ថា ទីភ្នាក់ងារប្រឆាំងដូប៉ាកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី «ការបំប៉នសមត្ថភាពមន្ត្រីត្រួតពិនិត្យដូប៉ា» ដ៏មានសារៈសំខាន់នេះឡើង ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ជិន សំណាង អនុប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមេ្តចពិជ័យសេនា។ សិក្ខាសាលានេះត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យដូប៉ា ឬមន្រ្តីប្រមូលសំណាក ដើម្បីត្រៀមខ្លួនប្រមូលសំណាករបស់កីឡាករកីឡាការិនីពិនិត្យសារធាតុដូប៉ា ដែលជាសារធាតុហាមឃាត់ក្នុងវិស័យកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ នៅកម្ពុជា។
លោក អ៊ិត ឡេង ជឿជាក់ថា សិក្ខាកាមទាំងអស់នឹងអស់នឹងក្លាយជាកម្លាំងប្រតិបត្តិករដែលមិនអាចខ្វះបានសម្រាប់ការប្រមូល និងការពិនិត្យសំណាកអត្តពលិក និងដើម្បីធ្វើឲ្យកម្មវិធីប្រយុទ្ធប្រឆាំងដូប៉ារបស់ទីភ្នាក់ងារប្រឆាំងដូប៉ាកម្ពុជាសម្រេចបានជោគជ័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា នាឆ្នាំ២០២៣។
គួរបញ្ជាក់ថា សិក្ខាសាលានេះបានប្រព្រឹត្តទៅរយៈ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ និងបានបញ្ចប់ដោយជោគជ័យ ដែលមានសិក្ខាកាមសរុបចំនួន ៧០នាក់ (ស្ត្រី ៣៩នាក់) មកពីក្រុមគ្រូពេទ្យស្ម័គ្រសម្តេចពិជ័យសេនា ទៀ បាញ់៕ ចាន់ វិចិត្រ











