លោក ហ្សេលេនស្គី៖ កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិឆ្លើយតបយ៉ាងពេញលេញនូវផលប្រយោជន៍របស់អ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រសប្តាហ៍នេះថ្លែងថា កិច្ចព្រមព្រៀងស្តីពីការនាំចេញគ្រាប់ធញ្ញជាតិដាច់ដោយឡែកពីគ្នាដោយរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី បំពេញបានយ៉ាងពេញលេញនូវផលប្រយោជន៍របស់ទីក្រុងកៀវ។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិថា ខ្លឹមសារនៃឯកសារដែលបានចុះហត្ថលេខានៅថ្ងៃនេះត្រូវបានបោះពុម្ព ហើយមនុស្សគ្រប់គ្នាអាចអានចំណុចរបស់វា។ លោកថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញាជាតិចំនួន ២០លានតោនដែលបានប្រមូលផលកាលពីឆ្នាំមុន និងជាផ្នែកមួយនៃការប្រមូលផលនៅឆ្នាំនេះ។

លោក ហ្សេលេនស្គី បន្ថែមថា កិច្ចព្រមព្រៀងនេះទៀតសោត នឹងផ្តល់ឱកាសដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃវិបត្តិស្បៀងអាហារពិភពលោក ក៏ដូចជាការពារគ្រោះមហន្តរាយពិភពលោក។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើ គឺជាឧទាហរណ៍មួយទៀតដែលអ៊ុយក្រែនអាចទប់ទល់នឹងជម្លោះជាមួយរុស្ស៊ី។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាដាច់ដោយឡែកពីគ្នាជាមួយប្រទេសតួកគី និងអង្គការសហប្រជាជាតិ ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែនទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈច្រកសមុទ្រខ្មៅ។

កិច្ចព្រមព្រៀងនេះនឹងមានប្រសិទ្ធភាពក្នុងរយៈពេល ១២០ថ្ងៃ ហើយអាចបន្តក្នុងរយៈពេលដូចគ្នា លុះត្រាតែភាគីចុះហត្ថលេខីណាមួយសម្រេចចិត្តបញ្ចប់ ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner